ស៊ីដនី (អូស្ត្រាលី) ៖ យន្តហោះធុនតូច ១គ្រឿង មានបញ្ហាម៉ាស៊ីន ក្នុងពេលហោះហើរ ទើបអ្នកបើកយន្តហោះ ត្រូវគ្រប់គ្រងយន្តហោះដែលកំពុងហោះហើរក្នុងកម្រិតទាបបំផុត ប៊ិះធ្លាក់លើដំបូលផ្ទះប្រជាពលរដ្ឋ មុនពេលចុះចតបន្ទាន់ ដោយក្បាលចុះក្រោម ហោះបុកដី នៅអាកាសយានដ្ឋាន បែងខ៍ថោន (Bankstown) ជាយក្រុងស៊ីដនី ប្រទេសអូស្ត្រាលី តែសំណាង មិនបង្កឲ្យខូចខាតធ្ងន់ និងមិនមានមនុស្សរបួសទេ។

ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅក្បែរអាកាសយានដ្ឋាន បែងខ៍ថោន (Bankstown) ជាយក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
តាមប្រភពទីភ្នាក់ងារព័ត៌មាន Nine News បានរាយការណ៍ថា យន្តហោះខ្នាតតូចនេះ ជាយន្តហោះ Cessna ដែលមានបញ្ហាម៉ាស៊ីន បន្ទាប់ពីអ្នកបើកយន្តហោះ បានបើកហោះចេញពីអាកាសយានដ្ឋានស៊ីដនី។ ជាលទ្ធ ផល អ្នកបើកយន្តហោះ ត្រូវផ្តល់សញ្ញា ដើម្បីត្រលប់មកចុះចតជាបន្ទាន់។

អ្នកបើកយន្តហោះខាងលើ ឈ្មោះ ជែក ស្វានេប៉ូអែល (Jake Swanepoel) បានប្រាប់ Nine News ថា យន្ត ហោះបានហោះឡើង តែសារតែម៉ាស៊ីនឈប់ដំណើរការ យន្តហោះបានធ្លាក់ចូលដើមឈើ ទើបគាត់ព្យាយាមហោះទាប ស្ទើរតែកង់ប៉ះដំបូលផ្ទះ។ ទន្ទឹមនឹងនេះ គាត់ត្រូវបានជួយដោយបុគ្គលិកអាកាសយានដ្ឋាន ក្នុងការចុះចតជាបន្ទាន់ នៅអាកាសយានដ្ឋាន បែងខ៍ថោន (Bankstown) ។ ប៉ុន្តែសំណាងល្អ អ្នកបើកយន្តហោះ និងអ្នករួមដំណើរម្នាក់ ដែលធ្វើដំណើរលើយន្តហោះធុនតូចនោះ មានសុវត្ថិភាព និងមិនមានរបួសអ្វីនោះទេ៕
