Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទូកទេសចរណ៍ចាក់សំរាមចូលទន្លេ ផាកពិន័យ២០ម៉ឺន បញ្ឈប់អាជីវកម្ម

ទូកទេសចរណ៍ចាក់សំរាមចូលទន្លេ ផាកពិន័យ២០ម៉ឺន បញ្ឈប់អាជីវកម្ម

ភ្នំពេញ ៖ ក្រោយទទួលបានព័ត៌មានចែកចាយនៅតាមបណ្តាញសង្គម ពីគណនីហ្វេសប៊ុកឈ្មោះ Buntha Chheang ដែលបង្ហាញវីដេអូស្តីពីសកម្មភាពទូកទេសចរណ៍ ១គ្រឿង បើកយកសំរាមទៅបោះចោលកណ្តាលទន្លេ អាជ្ញាធរបានកោះហៅម្ចាស់ទូក ឱ្យចូលខ្លួនបំភ្លឺ និងបានធ្វើការអប់រំ ព្រមទាំងផាកពិន័យ ចំនួន២០ម៉ឺនរៀល។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌដូនពេញ បានអញ្ជើញម្ចាស់ទូកទេសចរណ៍ ដែលមានឈ្មោះ «បុប្ផាអង្គរ» មកសាកសួរ ហើយម្ចាស់ទូកខាងលើ បានអះអាងនិងទទួលស្គាល់ថា ពិតជាបានបោះចោល សំរាមចូលក្នុងទឹកទន្លេប្រាកដមែន។

បន្ទាប់ពីបានធ្វើការសាកសួររួចមក រដ្ឋបាលខណ្ឌ បានសម្រេច ៖ ១-អប់រំណែនាំដល់ម្ចាស់ទូកទេសចរណ៍ខាងលើ ឱ្យយល់ច្បាស់ពីច្បាប់ស្តីពីបរិស្ថាន។ ២-ផាកពិន័យម្ចាស់ទូកទេសចរណ៍ខាងលើ ជាទឹកប្រាក់ ចំនួន ២០ម៉ឺនរៀល តាមជំពូកទី៧ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក របស់ក្រសួងបរិស្ថាន និង៣-បញ្ឈប់ការប្រកបអាជីវកម្មទូកកាណូតទេសចរណ៍ឈ្មោះ «បុប្ផាអង្គរ» ជាស្ថាពរចាប់ពីថ្ងៃនេះតទៅ។

រដ្ឋបាលខណ្ឌដូនពេញ សូមអរគុណដល់ម្ចាស់គណនី Buntha Chheang ដែលបានបង្ហោះក្នុងន័យដើម្បីថែរក្សាដល់បរិស្ថានរបស់យើង ព្រោះបរិស្ថានស្អាត ផ្តើមចេញពីការចូលរួមយើងទាំងអស់គ្នា៕

RELATED ARTICLES