Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជិះម៉ូតូកូនទាឆ្លងផ្លូវដែក រថភ្លើងបុ...កអូសជិត១០០ម៉ែត្រ

ជិះម៉ូតូកូនទាឆ្លងផ្លូវដែក រថភ្លើងបុ…កអូសជិត១០០ម៉ែត្រ

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ ជិះម៉ូតូកូនទា ១គ្រឿង បើកឆ្លងកាត់ផ្លូវដែក ខណៈដែលរថភ្លើងដែលកំពុងឆ្លងកាត់ បណ្តាលឱ្យរថភ្លើងបុកអូសជិត១០០ម៉ែត្រ បង្កឱ្យអ្នកជិះម៉ូតូ របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតំបន់ផ្លូវដែកក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ជាក់ស្តែង បានប្រាប់ថា មុនពេលកើតហេតុ គេឃើញក្បាលរថភ្លើង បើកមកពីទិសខាងលិច ទៅកើត ឬពីក្រុងប៉ោយប៉ែត មកក្រុងសិរីសោភ័ណ ចំណែកម៉ូតូកូនទា បើកបរក្នុងទិសដៅជើង មកត្បូង ហើយមានល្បឿនលឿន រួចក៏បានបុកចំក្បាលរថភ្លើង ហើយបានខ្ទាតមនុស្សចេញមកក្រៅផ្លូវដែក បណ្តាលឱ្យរបួសធ្ងន់ ឯម៉ូតូ អូសជិត១០០ម៉ែត្រ ទើបខ្ទាតចេញ។

ប្រជាពលរដ្ឋ បានបញ្ជាក់ថា បុរសអ្នកជិះម៉ូតូកូនទា អាយុប្រមាណជាង៣០ឆ្នាំ រស់នៅកន្លែងកើតហេតុ ហើយភ្លាមៗត្រូវបានសាច់ញាតិដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ ក៏ត្រូវគ្រូពេទ្យបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី។

ប្រជាពលរដ្ឋ បានលើកឡើងថា ហេតុការណ៍បុរសជិះម៉ូតូកូនទាបុកក្បាលរថភ្លើងខាងលើនេះ គឺជាកំហុសអ្នក ជិះម៉ូតូ ដោយសារបើកលឿន ប៉ុនប៉ងឆ្លងផ្លូវដែកឱ្យបានទាន់ពេល តែដោយការប៉ាន់ស្មានល្បឿនម៉ូតូរបស់ខ្លួននិងល្បឿនរថភ្លើងមិនត្រូវ  នៅពេលដែលរថភ្លើងបានស៊ីផ្លេជាច្រើនដង មិនឈប់ បែរជាបង្កើនល្បឿនឱ្យផុត តែមិនផុត ទើបបណ្តាលឱ្យមានគ្រោះថ្នាក់កើតឡើង។

ក្រោយពេលគ្រោះថ្នាក់ សមត្ថកិច្ចបានឆែកមើលកាមេរ៉ាសុវត្ថិភាពនៅទីនោះ បានឃើញបុរសនេះជិះម៉ូតូតម្រង់មកបុកក្បាលរថភ្លើងប្រាកដមែន៕

RELATED ARTICLES