Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ក្នុងតំបន់ព្រៃឡង់

 បង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ក្នុងតំបន់ព្រៃឡង់

ខេត្តក្រចេះ ៖ ក្រុមការងារបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តក្រចេះ ដឹកនាំដោយលោកគង់ គឹមនី អភិ បាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត និងលោកអ៊ួង ប៊ុនហុង អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រោមការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះពិនិត្យទប់ស្កាត់និងបង្ក្រាបការធ្វើអាជីវកម្មរ៉ែមាស អនាធិបតេយ្យ នៅក្នុងចំណុចថ្មពួយភ្នំជី តំបន់ព្រៃឡង់ ភូមិយាវ ឃុំកំពង់ចាម ស្រុកសម្បូណ៌។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីរសៀលទី២៧ ខែឧសភា ឆ្នាំ២០២៤ ដោយក្រុមការងារចម្រុះ ចុះដល់ទីតាំងពិនិត្យឃើញថា នៅក្នុងភូមិសាស្ត្រតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ មានលួចធ្វើការអាជីវកម្មរ៉ែមាស អនា ធិបតេយ្យ នាពេលកន្លងទៅ តែបច្ចុប្បន្នមិនមានសកម្មភាពនោះទេ ដែលមានអណ្តូងរ៉ែ ចំនួន៣ ប្រើគីបបំផ្ទុះបំបែកថ្ម និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ យ៉ាងណាក៏ដោយ កម្លាំងចម្រុះ បានចុះរុះរើរោងស្នាក់នៅ និងលុបរណ្តៅទាំងនោះ និងបានរឹបអូសយកវត្ថុតាងផ្សេងទៀត ទៅរក្សាទុកបណ្តោះអាសន្ន។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ក្រុមការងារកំពុងបន្តស្រាវជ្រាវ និងកំណត់មុខសញ្ញា ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់នេះ សូមបញ្ឈប់ជាបន្ទាន់ ការកាប់ទន្ទ្រានយកដីព្រៃតំបន់អភិរក្សសត្វព្រៃ ជាពិសេសហាមចូលជីកយករ៉ែ ធ្វើអាជីវ កម្មអនាធិបតេយ្យ។

សូមបញ្ជាក់ថា ទីតាំងដីដែលប្រជាពលរដ្ឋ ចូលប្រតិបត្តិការអាជីវកម្មរ៉ែមាស អនាធិបតេយ្យនេះ ស្ថិតក្នុងដែនអាជ្ញាបណ្ណក្រុមហ៊ុន Late Cheng Mining Development Co., Ltd ដែលកំពុងដំណើរការសិក្សាស្រាវជ្រាវរ៉ែលោហៈ៕

RELATED ARTICLES