Tuesday, February 25, 2025
Homeព័ត៌មានអន្តរជាតិអ៊ីស្រាអែល ថ្កោលទោសអេស្ប៉ាញ ន័រវេយ៍ និងអៀរឡង់ ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

អ៊ីស្រាអែល ថ្កោលទោសអេស្ប៉ាញ ន័រវេយ៍ និងអៀរឡង់ ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

អ៊ីស្រាអែល ៖ តាមប្រភពទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ថា អេស្ប៉ាញ ន័រវេយ៍ និងអៀរឡង់ បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជាផ្លូវការហើយ នៅថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤ អ៊ីស្រាអែល បានថ្កោល ទោសយ៉ាងដាច់អហង្ការថា ប្រទេសទាំងបី កំពុងផ្តល់រង្វាន់ដល់ក្រុមហាម៉ាស់ ក្រោយសង្គ្រាមនៅហ្គាហ្សា បានបន្តអស់រយៈពេលជាង៧ខែ។

អេស្ប៉ាញ ន័រវេយ៍ និងអៀរឡង់ ជឿថាគំនិតផ្តួចផ្តើមរបស់ពួកគេ វានឹងមានផលប៉ះពាល់ជានិមិត្តរូបខ្លាំង ដែលប្រទេសផ្សេងទៀតនឹងធ្វើតាម ដោយប្រកាន់ខ្ជាប់នូវព្រំដែនប៉ាឡេស្ទីន មុនសង្គ្រាមក្នុងឆ្នាំ១៩៦៧ និងរក្សាទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល និងប៉ាឡេស្ទីន។

នាយករដ្ឋមន្ត្រីអៀរឡង់ លោកស៊ីម៉ុន ហាររីស ( Simon Harris)  បាននិយាយបន្ទាប់ពីរដ្ឋាភិបាលអៀរឡង់ បានអនុម័តការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ថាគោលដៅនៃការសម្រេចចិត្តនេះ គឺរក្សាក្តីសង្ឃឹមសម្រាប់សន្តិភាពនៅមជ្ឈិមបូព៌ា។

លោកថ្លែងថា «យើងចង់ទទួលស្គាល់ប៉ាឡេស្ទីន នៅពេលបញ្ចប់ដំណើរការសន្តិភាព ប៉ុន្តែយើងបានសម្រេច ចិត្តធ្វើកិច្ចការនេះជាមួយនឹងប្រទេសអេស្ប៉ាញ និងន័រវេយ៍ ដើម្បីរក្សាអព្ភូតហេតុនៃសន្តិភាព ឱ្យនៅរស់។ លោកហាររីស  បាននិយាយ ត្រៀមខ្លួនដើម្បីអំពាវនាវដល់អ៊ីស្រាអែល ឲ្យបញ្ឈប់ការបង្កើតគ្រោះមហន្តរាយមនុស្សធម៌នៅហ្គាហ្សា។

លោកអេស្ពេន បាតអេដ (Espen Barth Ed) រដ្ឋមន្ត្រីក្រសួងការបរទេសន័រវេយ៍ បានថ្លែងបន្ទាប់ពីការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ចូលជាធរមានថា នេះជាថ្ងៃពិសេសសម្រាប់ទំនាក់ទំនងរវាងន័រវេយ៍ និងប៉ាឡេស្ទីន។

ចំណែកលោក ចូស ម៉ានុយអែល អាល់បារស៍ (Jose Manuel Albares) រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ បានបញ្ជាក់ផងដែរថា ថ្ងៃនេះនឹងត្រូវបានឆ្លាក់ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអេស្ប៉ាញ។

មុននេះ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោកផេដ្រូ សាន់ឆេស (Pedro Sanchez) បាននិយាយថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន គឺដើម្បីកសាងសន្តិភាព និងបញ្ជាក់ថា ការសម្រេចចិត្តធ្វើនេះមិនមែនជាទង្វើប្រឆាំងអ្នកណាឡើយ ជាពិសេសអ៊ីស្រាអែល ហើយនេះគ្រាន់តែជាវិធីមួយប៉ុណ្ណោះ ដើម្បីសម្រេចបាននូវអនាគតមួយដែលរដ្ឋទាំងពីរ រស់នៅក្បែរគ្នាក្នុងសន្តិភាព និងស្ថិរភាព។

មេដឹកនាំអេស្ប៉ាញ ក៏បានសង្កត់ធ្ងន់ដែរថា ការសម្រេចចិត្តនេះ ក៏ឆ្លុះបញ្ចាំងឲ្យឃើញថា អេស្ប៉ាញ បដិសេធទាំងស្រុងពីក្រុមហាម៉ាស់ នេះគឺដោយសារតែក្រុមហាម៉ាស់ ប្រឆាំងដំណោះស្រាយរដ្ឋពីរ និងទទួលខុសត្រូវចំពោះការវាយប្រហារថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដែលបានចាប់ផ្តើមសង្រ្គាមនៅហ្គាហ្សា។

ការសម្រេចរបស់អេស្ប៉ាញ ន័រវេយ៍ និងអៀរឡង់ នេះ បានធ្វើឱ្យពួកគេក្លាយជាប្រទេសមួយក្នុងចំណោមប្រ ទេសចំនួន ១៤៥ ក្នុងចំណោមសមាជិកអង្គការសហប្រជាជាតិ ចំនួន ១៩៣ប្រទេស ដែលទទួលស្គាល់ប៉ាឡេស្ទីន ជារដ្ឋមួយ។

យ៉ាងណា ទង្វើនេះ បានធ្វើឲ្យអ៊ីស្រាអែល ខឹងយ៉ាងខ្លាំង និងបានឆ្លើយតបភ្លាមៗដោយរំលឹកឯកអគ្គរដ្ឋទូតប្រទេសអេស្ប៉ាញ ន័រវេយ៍ និងអៀរឡង់ ហើយកោះហៅឯកអគ្គរដ្ឋទូតនៃប្រទេសទាំងបី នៅទីក្រុងតេលអាវីវ (Tel Aviv) មកស្តីបន្ទោស និងបង្ហាញវីដេអូនៃការវាយប្រហាររបស់ពួកហាម៉ាស់ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដើម្បីបញ្ជាក់ពីគ្រោះថ្នាក់នៃក្រុមប្រដាប់អាវុធនេះ។

អ៊ីស្រាអែល ក៏មិនសប្បាយចិត្តនឹងរដ្ឋាភិបាលអេស្ប៉ាញដែរ បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោកយ៉ូឡានដា ដៃអេស (Yolanda Díaz) បាននិយាយថា “យើងមិនអាចបញ្ឈប់បានទេ។ ប៉ាឡេស្ទីន នឹងក្លាយជារដ្ឋមួយ ពីទន្លេទៅសមុទ្រ។ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំប្រទេសអេស្ប៉ាញ បានថ្លែងបញ្ជាក់ថា នេះជាការអំពាវនាវយ៉ាងច្បាស់សម្រាប់ការបំផ្លាញអ៊ីស្រាអែល។កាលពីចុងសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោកអ៊ីស្រាអែល កាតស៍ (Israel Katz) បានបង្ហោះវីដេអូតាមអ៊ីនធឺរណិត វាគឺជារូបភាពនៃការរាំ flamingos ភ្ជាប់ជាមួយនឹងរូបភាពនៃការវាយប្រហាររបស់ពួកហាម៉ាស់ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ រួមជាមួយនឹងសារថា “ហាម៉ាស់ : អរគុណអេស្ប៉ាញ” ដែលបណ្តាលឱ្យរដ្ឋាភិបាលអេស្ប៉ាញ ធ្វើការថ្កោលទោសភ្លាមៗ កាលពីថ្ងៃអង្គារ។ លោកកាតស៍  បានបង្ហោះសារស្តីពីរដ្ឋប៉ាឡេស្ទីន វាមានន័យថា អ្នកកំពុងចូលរួមក្នុងការញុះ ញង់ឱ្យមានការប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំងនឹងមនុស្សជាតិ៕

RELATED ARTICLES