ខេត្តកណ្តាល ៖ ក្មេងទំនើង ចំនួន៣នាក់ បាននាំគ្នាយកដុំថ្មគប់ម៉ូតូអ្នកដំណើរដែលកំពុងធ្វើតាមផ្លូវនៅពេលយប់ លុះអ្នកជិតខាងប្រទះឃើញ ថតវីដេអូបង្ហោះក្នុងបណ្តាញសង្គម ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ នាំយកមកចាត់ការតាមច្បាប់។
ករណីគប់ម៉ូតូអ្នកដំណើរនេះ បានកើតឡើងវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០២៤ ស្ថិតតាមផ្លូវជាតិលេខ 21A ស្ថិតក្នុងភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។
ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះនី វាសនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ (មានសារធាតុញៀន)។ ទី២-ឈ្មោះមាន វិច្ឆិកា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិត ប្រាកដ មានលំនៅ ភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ (មានសារធាតុញៀន) ទី៣-ឈ្មោះសុខ រី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ (មានសារធាតុញៀន)។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ២៩ ខែឧសភា ឆ្នាំ២០២៤ មានក្មេងទំនើង ១ក្រុម បានអង្គុយលេងនៅតាមផ្លូវជាតិលេខ 21A ស្ថិតក្នុងភូមិលេខ៤ សង្កាត់ស្វាយ រលំ ក្រុងតាខ្មៅ ហើយបាននាំគ្នាយកដុំថ្មគប់ទៅលើអ្នកដំណើរកំពុងជិះម៉ូតូតាមផ្លូវ នៅពេលយប់ តែមិនត្រូវនរណាម្នាក់ឡើយ ខណៈនោះក៏មានអ្នករស់នៅក្បែរខាង បានលួចថតវីដេអូ បង្ហោះតាមបណ្តាញសង្គម លុះព្រឹកឡើង ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំ ចុះឃាត់ខ្លួន យកមកសាកសួរនៅប៉ុស្តិ៍តែម្តង។
នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង៣នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាននាំគ្នាយកដុំថ្មគប់អ្នកដំណើរតាមផ្លូវប្រាកដមែន មូលហេតុដោយសារខឹងអ្នកដំណើរទាំងនោះ បានបើកម៉ូតូរោទ៍ម៉ាស៊ីនខ្លាំងៗ រំខានដល់ពួកខ្លួន។
ក្រុមជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ ការតាមនីតិវិធី៕