Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ធ្យូង៤តោន ប្រុងលោតឆត្រទៅវៀតណាម

ចាប់ធ្យូង៤តោន ប្រុងលោតឆត្រទៅវៀតណាម

ខេត្តព្រៃវែង ៖ រថយន្តសាំងយ៉ុង ចំនួន២គ្រឿង ផ្ទុកធ្យូងសរុបប្រមាណជិត៤តោន បម្រុងឆ្លងដែនទៅប្រទេសវៀតណាម ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកព្រះស្តេច ឆ្មក់បង្ក្រាបបាន ប្រគល់ឱ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ចាត់ការបន្តទៅតាមនីតិវិធី។

ការបង្ក្រាបការនាំចេញធ្យូង ដោយខុសច្បាប់នេះ បានធ្វើឡើង កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៩ ឧសភា នៅចំណុចភូមិអន្លង់ចារ ឃុំព្រះស្តេច ស្រុកព្រះស្តេច។

រថយន្តដឹកធ្យូងដែលត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ ទាំង២គ្រឿង ទី១-រថយន្តម៉ាកសាំងយ៉ុង ពណ៌ខៀវ លាយ បៃតង គ្មានស្លាកលេខ បើកបរដោយឈ្មោះអាន អឿន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិមជ្ឈិមភាគ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងអ្នករួមដំណើរម្នាក់ឈ្មោះណូន ពៅ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ដឹកធ្យូងទម្ងន់ ២៧០០គីឡូក្រាម និងទី២- រថយន្តម៉ាកសាំងយ៉ុង ក្បាលពណ៌សលាយខៀវ ទ្រុងពណ៌បៃតង អត់ស្លាកលេខ បើកបរដោយឈ្មោះឆឺត វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិកូនត្មាត ឃុំអញ្ចើមស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងអ្នករួមដំណើរឈ្មោះទូច ជ័យ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងចក ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដឹកធ្យូងម្ងន់ ១១០០គីឡូក្រាម។

តាមប្រភពមន្ត្រីអាវុធហត្ថស្រុកព្រះស្តេច បានឱ្យដឹងថា ក្រោយពេលចាប់ឃាត់រថយន្តទាំងពីរគ្រឿងនេះ សួរនាំរកឯកសារពាក់ព័ន្ធក្នុងការដឹកជញ្ជូន ប៉ុន្តែរថយន្តទាំងពីរគ្រឿងនេះ អត់មានឯកសារអ្វីទាំងអស់ ទើបមន្ត្រីជំនាញអាវុធហត្ថស្រុកព្រះស្តេច ចាប់ឃាត់រថយន្តទាំងពីរគ្រឿង ប្រគល់ឱ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបាភ្នំ ចាត់ការបន្ត។ ចំណែកមនុស្សទាំង៤នាក់ រួមទាំងវត្ថុតាង ត្រូវបានឃាត់ទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើបាភ្នំ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES