Tuesday, February 25, 2025
Homeព័ត៌មានអន្តរជាតិជំនន់ទឹកភ្លៀង វាយប្រហារប្រទេសអាល្លឺម៉ង់ មនុស្ស ៤នាក់ស្លាប់ រាប់ពាន់នាក់ ជម្លៀសចេញ

ជំនន់ទឹកភ្លៀង វាយប្រហារប្រទេសអាល្លឺម៉ង់ មនុស្ស ៤នាក់ស្លាប់ រាប់ពាន់នាក់ ជម្លៀសចេញ

អាល្លឺម៉ង់ ៖ ភ្លៀងធ្លាក់ខ្លាំង បានកើតឡើងនៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ បណ្តាលឲ្យកើតមានជំន់ទឹកភ្លៀង ធ្វើឲ្យមនុស្សយ៉ាងតិច ៤នាក់បានស្លាប់ ខណៈដែលមនុស្សរាប់ពាន់ នាក់ត្រូវបានបង្ខំឱ្យជម្លៀសចេញពីលំនៅឋាន ទៅរកទីទួលសុវត្ថិភាព។

ទីភ្នាក់ងារសារព័ត៌មានបរទេស បានរាយការណ៍កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ថា ភ្លៀងធ្លាក់ខ្លាំង ចាប់ តាំងពីថ្ងៃសុក្រ សប្តាហ៍មុន (ថ្ងៃទី៣១ ឧសភា) បានបណ្តាលឱ្យមានទឹកជំនន់យ៉ាងខ្លាំង នៅក្នុងរដ្ឋបាយឺន  (Bayern) និងរដ្ឋបាដេន វឺតថឹមបឺក (Baden-Württemberg) ប្រទេសអាល្លឺម៉ង់ខាងត្បូង យ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់ ហើយមនុស្សរាប់ពាន់នាក់ ត្រូវបានបង្ខំឱ្យជម្លៀសចេញពីផ្ទះរបស់ពួកគេ ដើម្បីគេចពីទឹកជំនន់។ អ្នកស្លាប់ពីរនាក់ ជាបុរសម្នាក់ និងស្ត្រីម្នាក់ វាត្រូវបានគេរកឃើញនៅក្នុងបន្ទប់ក្រោមដីលិចទឹក នៃផ្ទះមួយ នៅ Schorndorf  ក្នុងរដ្ឋ Baden-Württemberg នៅយប់ថ្ងៃចន្ទ ទី០៣ ខែមិថុនា។ ចំណែកសពមួយទៀត ជាស្ត្រីអាយុ៤៣ឆ្នាំ ត្រូវបានរកឃើញនៅក្នុងបន្ទប់ក្រោមដីលិចទឹកផងដែរ ក្នុង Schorbenhausen រដ្ឋ Bayern នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែមិថុនា បន្ទាប់ពីថ្ងៃអាទិត្យ អ្នកពន្លត់អគ្គិភ័យស្ម័គ្រចិត្តម្នាក់ បានស្លាប់ ដោយសារទូកដែលគាត់កំពុងធ្វើដំណើរ បានក្រឡាប់ ពេលបំពេញបេសកកម្មក្នុងទីក្រុងនេះ ជាមួយអ្នកស្ម័គ្រចិត្តម្នាក់ទៀត បាត់ខ្លួន។

ទន្ទឹមនឹងនោះ មានសេចក្តីរាយការណ៍ថា ទំនប់វារីអគ្គិសនីមួយ បានបាក់នៅក្នុងទីក្រុង ម៉ាន់ឈីង (Manching) ជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយទឹកជំនន់ នៅក្នុងរដ្ឋ Bayern  ឆ្ងាយពីទីក្រុងមុយនិច (Munich) ប្រហែល ៨០គីឡូម៉ែត្រ ទៅភាគខាងជើង ។ មនុស្សជាង ៨០០នាក់ ដែលរស់នៅក្បែរនោះ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីទឹក ទៅកាន់ទីទួលសុវត្ថិភាព។

ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញ Audi ត្រូវផ្អាកការផលិតនៅរោងចក្ររបស់ខ្លួន នៅ Ingolstadt ក្នុងរដ្ឋ Bayern ដោយសារទឹកពីទន្លេដានូប (Danube) ហក់ឡើងលិចរោងចក្រ។

ស្ថានភាពនេះ បានធ្វើឲ្យលោក ម៉ារគូស ស៊ូដឺរ (Markus Suder) អភិបាលនៃរដ្ឋ Bayern មានការព្រួយបារម្ភ បានចេញសេចក្តីប្រកាសអាសន្ន។ ទន្ទឹមនឹងនេះដែរ បុគ្គលិកនិងអ្នកស្ម័គ្រចិត្តប្រមាណ ២០ ០០០នាក់ បានចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះ នៅទូទាំងរដ្ឋ។

ទោះជាយ៉ាងណាក៏ដោយ ខាងឧតុនិយមរបស់ប្រទេសអាល្លឺម៉ង់ បានព្រមានថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀត នៅភាគខាងត្បូង និងបានធ្លាក់នៅតំបន់ខ្លះនៅតំបន់ភាគខាងកើត៕

RELATED ARTICLES