Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម២នាក់ប្តីប្រពន្ធ លាក់កាំភ្លើង៤០ដើម

២នាក់ប្តីប្រពន្ធ លាក់កាំភ្លើង៤០ដើម

ខេត្តបាត់ដំបង ៖ ប្តីប្រពន្ធ ២នាក់ ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ សហការជាមួយសមត្ថកិច្ចខេត្តបាត់ដំបង ចាប់ឃាត់ខ្លួន បន្ទាប់ពីរកឃើញកាំភ្លើងជាច្រើនប្រភេទ ប្រមាណជាង៤០ដើម នៅក្នុងផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខណៈដែលកាំភ្លើងទាំងនោះ មានប្រភពនាំចេញមកពីខេត្តព្រះសីហនុ។

ប្រតិបត្តិការបង្ក្រាបបទល្មើសរក្សាទុកអាវុធដោយខុសច្បាប់នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្នុងដីឡូត៍ ១កន្លែង ស្ថិតក្នុងក្រុមទី២៧ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ។

ប្តីប្រពន្ធ ២នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន បុរសជាប្តីមានឈ្មោះអៀ សុខជា អាយុ៤៥ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះសាន់ ភ័ណ្ឌ អាយុ៣៧ឆ្នាំ មានលំនៅ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា បុរសជាប្តី ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាននៅម្តុំផ្សារបឹងឈូក ក្នុងក្រុងបាត់ដំបង ហើយក្រោយមក សមត្ថកិច្ចឈានដល់ការឃាត់ខ្លួនស្ត្រីជាប្រពន្ធទៀត ក្រោយពីឆែកឆេរផ្ទះ រកឃើញអាវុធយុទ្ធភណ្ឌដ៏ច្រើនសន្ធឹកសន្ធាប់ ដែលប្តីប្រពន្ធនេះ លាក់ទុកនៅក្នុងផ្ទះ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា អាវុធវែងខ្លី និងច្រើនប្រភទប្រមាណ៤០ដើម រួមទាំងគ្រាប់កាំភ្លើង បង់កាំភ្លើង និងសម្ភារកែច្នៃពាក់ព័ន្ធជាច្រើនមុខទៀត ត្រូវបានកម្លាំងជំនាញនៃស្នងការខេត្តបាត់ដំបង និងកម្លាំងស្នងការខេត្តព្រះសីហនុ ដែលជាម្ចាស់ករណី បានតាមដានមុខសញ្ញានេះ ដកហូតយកបានពីក្នុងផ្ទះជនសង្ស័យពីរនាក់ប្តីប្រពន្ធខាងលើ ។

អាវុធទាំងអស់ដែលដកហូតបាន រួមមាន ប្រភេទ AK-47 ចំនួន១១ដើម។  M16 ចំនួន៤ដើម។  M4 ចំនួន២ដើម។ កាំភ្លើង THUNDER X ១ដើម។ កាំភ្លើងខ្យល់ ចំនួន៥ដើម។ កាំភ្លើងរ៉ូឡូ ១ដើម និងកាំភ្លើងវែងបាញ់សត្វ ចំនួន១៦ដើម ព្រមទាំងគ្រាប់ជាច្រើនសន្ធឹកទៀត។

តាមសមត្ថកិច្ច បានបង្ហើបប្រាប់ថា  អាវុធយុទ្ធភណ្ឌទាំងនេះ ត្រូវបានម្ចាស់ផ្ទះពីរនាក់ប្តីប្រពន្ធខាងលើ លាក់ទុកនៅក្នុងបន្ទប់ជាន់ក្រោម និងជាន់ខាងលើ។  ២នាក់ប្តីប្រពន្ធនេះ ត្រូវជាប់សង្ស័យពីបទជួញដូរអាវុធខុសច្បាប់ ដែលនាំមកពីខេត្តព្រះសីហនុ។   ដូច្នេះហើយទើបកម្លាំង ជំនាញស្នងការខេត្តព្រះសីហនុ ដែលជាម្ចាស់ករណី បានតាមដានមុខសញ្ញានេះ រហូតមកដល់ទឹកដីខេត្តបាត់ដំបង និងបានសុំសហការជាមួយកម្លាំងជំនាញនៃស្នងការខេត្តបាត់ដំបងធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ ថែមទាំងរឹបអូសអាវុធយុទ្ធភណ្ឌ និងសម្ភារពាក់ព័ន្ធបានយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះតែម្តង។

លោកលឹម ពុទ្ធីឡា ស្នងការរងទទូលផែនព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់ថា ពេលនេះ កម្លាំងជំនាញបាននាំខ្លួន២នាក់ប្តីប្រពន្ធខាងលើ មកកាន់ស្នងការខេត្តបាត់ដំបង ដើម្បីសាកសួររឿងលាក់ទុកអាវុធជាច្រើនប្រភេទនៅក្នុងផ្ទះ។ លោកស្នងការរង បញ្ជាក់ថា ក្រោយបញ្ចប់ការសាកសួរក្នុងសំណុំរឿងនេះ តាមគោលការណ៍ នឹងធ្វើការប្រគល់ខ្លួនជនសង្ស័យនិងវត្ថុតាងជូនទៅកម្លាំងស្នងការដ្ឋានខេត្តព្រះសីហនុ ដែលជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES