ខេត្តកោះកុង ៖ អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ កំពុងសិក្សាលម្អិតតាមលក្ខណៈបច្ចេកទេស មុននឹងវាយតម្លៃពីការជួសជុលច្រាំងថ្មឡើងវិញ ដែលបាក់បែកនៅមាត់ព្រែកកោះប៉ោ ប្រវែងជាង៧០០ម៉ែត្រ មុខអគាររដ្ឋបាលខេត្ត។
លោកសំ ឃិតវៀន អភិបាលរងខេត្តកោះកុង បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ថា ការខូចខាតខឿនច្រាំងថ្មចាស់ៗ ដោយសារតែមិនធន់នឹងអាកាសធាតុបានតទៅទៀត ហើយសំណង់មានអាយុកាលចាស់ច្រើនឆ្នាំ មាត់ច្រាំងដៃព្រែកកោះប៉ោ ចាប់ពីស្ពាន កោះកុងប៉ោ រហូតមកដល់កែងស្ពានអាហារដ្ឋានព្រែកកោះប៉ោ បានរងការបាក់បែក ហើយទាមទារឱ្យមានការជួសជុលឡើងវិញ។
លោកអភិបាលរងខេត្តកោះកុង បានបន្តថា ច្រាំងមាត់ព្រែកកោះប៉ោ ប្រវែងជាង៧០០ម៉ែត្រ លោកជំរុញដល់មន្ទីរជំនាញ ពិនិត្យវាយតម្លៃពីបច្ចេកទេស និងតម្លៃចំណោយ ឱ្យបានលម្អិត ដើម្បីដាក់ជូនលោកស្រី មិថុនា ភូថង អភិបាលខេត្ត ពិនិត្យសម្រេចបន្ត មុននឹងអនុវត្តគម្រោងជួសជុលជាផ្លូវការ នាពេលខាងមុខនេះ៕