Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគេឲ្យគ្រា...ប់បែ...ក...១...គ្រា...ប់ សន្តិសុខភ័យប្តឹងប៉ូលិស

គេឲ្យគ្រា…ប់បែ…ក…១…គ្រា…ប់ សន្តិសុខភ័យប្តឹងប៉ូលិស

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ បានចុះពីលើរថយន្ត កាន់គ្រាប់បែក១គ្រាប់ មកហុចឱ្យសន្តិសុខម្នាក់ ជួយកាន់ ចំណែកសន្តិសុខនោះ នឹកស្មានថាជារបស់ក្មេងលេង ក៏កាន់ដោយមិនប្រកែក ស្រាប់តែបន្តិចក្រោយមក បុរសជាម្ចាស់គ្រាប់បែក បានបើកឡានចេញបាត់ ដោយមិនខ្ចីយក គ្រាប់បែកទៅជាមួយ លុះសន្តិសុខសង្ស័យ ក៏ប្តឹងសមត្ថកិច្ចឱ្យមកពិនិត្យមើល ដឹងថាជាគ្រាប់បែកពិត ទើបធ្វើឱ្យភ័យលស់ព្រលឹង។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចអគារស្នាក់នៅរបស់បុគ្គលិកមួយកន្លែង ទល់មុខរង្វង់មូលសួនច្បារឯករាជ្យ ស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។

តាមសម្តីបុរសជាសន្តិសុខ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ខណៈដែលគាត់កំពុងឈរយាមនៅខាង មុខអគារទីតាំងកើតហេតុ មានបុរសម្នាក់ បើករថយន្ត ១គ្រឿង មិនចាំម៉ាក និងស្លាកលេខ មកដល់ រួចក៏ចុះពីលើរថយន្ត ដោយកាន់គ្រាប់បែក ១គ្រាប់ ហុចឱ្យរូបគាត់ជួយកាន់ ចំណែកគាត់ដោយនឹកស្មានថាជារបស់ក្មេងលេង ទើបយកគ្រាប់បែកនោះមកកាន់ជាប់ដៃយ៉ាងស្និទ្ធ ដោយមិនប្រកែកឡើយ។

បុរសជាសន្តិសុខ បន្តថា លុះបន្តិចក្រោយមក បុរសនោះបានបើករថយន្តចេញពីអគារបាត់ ដោយមិនយកគ្រាប់ បែក១គ្រាប់នេះទៅជាមួយទេ។ ដោយមានការសង្ស័យ មើលឃើញគ្រាប់បែកដៃនោះដូចមិនទំនង ក៏បានរាយ ការណ៍ជូនសមត្ថកិច្ចឱ្យចុះមកពិនិត្យមើលជាក់ស្តែង ទើបដឹងថាជារបស់ពិត ដែលធ្វើឱ្យរូបគាត់ភ័យស្ទើរលស់ព្រលឹង។

ជុំវិញករណីនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព ដើម្បីស្វែងរកចាប់ឃាត់ខ្លួនជនសង្ស័យ ជាម្ចាស់គ្រាប់បែក យកផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកគ្រាប់បែក ១គ្រាប់នោះ ត្រូវបានសមត្ថ កិច្ចយកទៅរក្សាទុកនៅទីតាំងមានសុវត្ថិភាព៕

RELATED ARTICLES