Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសិស្ស២នាក់ ប៉ូលិសចាប់ មិនចូលរៀន ជក់បារីក្នុងសាលា

សិស្ស២នាក់ ប៉ូលិសចាប់ មិនចូលរៀន ជក់បារីក្នុងសាលា

ខេត្តតាកែវ ៖ យុវជនជាសិស្សសាលា ចំនួន២នាក់ បានគេចម៉ោងរៀនសូត្រ ទៅសម្ងំជក់បារីអេឡិចត្រូនិក (Yooz) នៅកៀនថ្នាក់រៀន ក្នុងបរិវេណសាលា ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួន យកមកអប់រំ រួចហៅអាណាព្យាបាលឱ្យមកធ្វើកិច្ចសន្យា ទទួលយកទៅអប់រំបន្ត។

ករណីសិស្សគេចម៉ោងរៀន សម្ងំជក់បារីនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង១៥នាទីព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងបរិវេណវិទ្យាល័យជាស៊ីម តាកែវ ស្ថិតក្នុងភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ។

សិស្សទាំង២នាក់  ទី១-ឈ្មោះម៉ៅ បញ្ញាស្កាយ ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩ង វិទ្យាល័យព្រៃ សណ្តែក មានលំនៅក្នុងភូមិព្រៃស្លឹក ឃុំព្រៃស្លឹក ស្រុកទ្រាំង និងទី២-ឈ្មោះលី ចន្ទពុទ្ធរាជ ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១០គ វិទ្យាល័យជាស៊ីម តាកែវ មានលំនៅក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោយកើតមានករណីខាងលើ លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ  បានចាត់កម្លាំងអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាក្នុង ដឹកនាំដោយលោកអនុសេនីយ៍ឯក ឡាយ ហាប់ អធិការរង ដើម្បីទៅនាំសិស្សដែលពាក់ព័ន្ធក្នុងករណីខាងលើ ចំនួន២នាក់ (១-ឈ្មោះម៉ៅ បញ្ញាស្កាយ ២-ឈ្មោះលី ចន្ទពុទ្ធរាជ) យកមកកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរ។

ប្រភពដដែល បន្តថា ក្រោយពេលសាកសួរ សិស្សទាំង២នាក់ខាងលើ បានទទួលស្គាល់នូវកំហុសរបស់ខ្លួន ដែលនាំគ្នាគេចម៉ោងរៀនសូត្រ ទៅសម្ងំជក់បារីអេឡិចត្រូនិក (Yooz)។

ដោយអនុវត្តតាមប្រសាសន៍ណែនាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ សមត្ថកិច្ចជំនាញ បានធ្វើការណែនាំ អប់រំ ធ្វើកិច្ចសន្យា ចំពោះសិស្សទាំង២នាក់ខាងលើ រួចឱ្យអាណាព្យាបាលធ្វើលិខិតធានាយកត្រឡប់ទៅផ្ទះវិញ ដើម្បីអប់រំបន្ត៕

RELATED ARTICLES