Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ហាងលក់ខោអាវ៣ល្វែង ភ្លើងឆេះ

 ហាងលក់ខោអាវ៣ល្វែង ភ្លើងឆេះ

ខេត្តកណ្តាល ៖ ហាងលក់សម្លៀកបំពាក់ ១កន្លែង បានរងការឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យរងការខូចខាត ផ្ទះចំនួន៣ល្វែង ជាប់គ្នា ព្រមទាំងឆេះខូចខាតសម្ភារៈទាំងស្រុង និងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន៤រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

ករណីអគ្គិភ័យនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចហាងលក់សម្លៀក បំពាក់មួយកន្លែង យីហោ LABE មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 21A ក្នុងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែងខ្មួលខ្មាញ់ បានហុយចេញពីហាងលក់សម្លៀកបំពាក់ខាងលើ រួចក៏កើតមានអណ្តាតភ្លើងឡើងយ៉ាងសន្ធោសន្ធៅ និងបានឆេះរាល ដាលយ៉ាងឆាប់រហ័សដល់ផ្ទះល្វែងដែលនៅជាប់គ្នានោះ ទើបផ្អើលដល់ប្រជាពលរដ្ឋ ប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ។

ក្រោយទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកឧត្តម សេនីយ៍ត្រី សារុន ពិសិដ្ឋ ស្នងការរងនគរបាលខេត្ត ដឹកកម្លាំងនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងកម្លាំងនគរបាលក្រុងតាខ្មៅ ចូលរួមពន្លត់ និងគ្រប់គ្រងអគ្គិភ័យខាងលើនេះរហូតបាន១០០ភាគរយ។

ដោយឡែក នៅក្នុងប្រតិបត្តិការនោះ គេឃើញវត្តមាន លោកហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានចុះដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរជាច្រើននាក់ ដោយផ្ទាល់ និងបានសហការជាមួយបញ្ជាការដ្ឋានអង្គរក្ស ជួយអន្តរាគមន៍បាញ់ទឹកពន្លត់ រហូតដល់ភ្លើងបានរលត់ទៅវិញទាំងស្រុង នៅវេលម៉ោង ១០និង៣០នាទីព្រឹកថ្ងៃដដែល។

លោកហាក់ សុខមករា បានបញ្ជាក់ថា នៅក្នុងហេតុការណ៍អគ្កិភ័យនេះ បានបង្កការខូចខាតផ្ទះ ចំនួន៣ល្វែង រួមនិងសម្ភារៈជាច្រើនទៀត តែមិនទាន់អាចបូកសរុបពីទំហំនៃការខូចខាតបាននៅឡើយ។ ចំពោះប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់បញ្ជាការដ្ឋានអង្គរក្ស ចំនួន២គ្រឿង និងប្រើប្រាស់ទឹកសរុប ៤រថយន្ត ទើបភ្លើងបានរលត់ទាំងស្រុង ដោយមិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ៕

RELATED ARTICLES