Tuesday, December 24, 2024
Homeបរិយាយញញួរ​ប្រើ​កើត​ព្រោះ​មាន​ដង

ញញួរ​ប្រើ​កើត​ព្រោះ​មាន​ដង

សុភាសិតសម្តេចព្រះសង្ឃរាជជួន ណាត ១ឃ្លាថា “ញញួរប្រើកើត ព្រោះមានដង” មានខ្លឹមសារអប់រំល្អណាស់ សម្រាប់ មនុស្សគ្រប់មជ្ឈដ្ឋានយកទៅអនុវត្តក្នុងការប្រកបមុខរបរអ្វីមួយ សូម្បីអ្នកនយោបាយ បើមានតែក្បាលញញួរបាក់ដង ប្រើ ការអ្វីមិនកើតដែរ ដែល “នគរធំ” សូមលើករឿង “ញញួរ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ញញួរ” គឺជាឧបករណ៍សម្រាប់ដំដែក ឬវាយទៅលើវត្ថុរឹងដែលដៃមនុស្សមិនអាចប៉ះពាល់ដោយផ្ទាល់បាន មានច្រើន ប្រភេទ ដូចជាញញួរវាយថ្ម ញញួរជាងទង ញញួរជាងដែក ញញួរដំឆ្លាក់ឈើជាដើម។ ញញួរមានតូចធំមិនស្មើគ្នាទេ ពោលគឺ បើការងារធំ ដូចជាវាយកម្ទេចអគារផ្ទះថ្ម គេប្រើញញួរធំ បើដំមាសឱ្យក្លាយជាគ្រឿងអលង្ការ គេប្រើញញួរតូច។ នៅក្នុង រោងជាងដែក ដើម្បីផលិតចេញជាកាំបិត ពូថៅ ឬថា ដំកាំបិតផ្គាក់មួយ មេជាងត្រូវប្រើដៃឆ្វេងកាន់តង្កៀបកៀបដែកក្តៅ ដៃស្តាំកាន់ញញួរតូច នាំកូនជាងដែលកាន់ញញួរធំដោយដៃទាំងពីរ ដំដែករហូតចេញជារូបរាងកាំបិត យកទៅលក់។ ក្នុងករណី ញញួរបាក់ដង ត្រូវតែរួសរាន់ធ្វើដងថ្មីដាក់ភ្លាមៗ ទើបមិនស្ទះដំណើរការផលិតកម្ម ព្រោះជាងដែក មិនអាចប្រើញញួរបាក់ ដងបានឡើយ។

បើយករឿងញញួរ មកប្រៀបធៀបនឹងឆាកនយោបាយ យើងឃើញថា សព្វថ្ងៃ បក្សកាន់អំណាច ប្រៀបបាននឹងញញួរ មានដង រីឯបក្សប្រឆាំង មានដងខ្លីពេក និងប្រឈមរង្គោះរង្គើ រកកលនឹង​បាក់។ បក្សកាន់អំណាចដែលមានកងកម្លាំងប្រដាប់ អាវុធ ទាហាន ប៉ូលិស ប៉េអឹម និងតុលា​ការ ចាត់ទុកជា “ញញួរមានដង” ទោះជាយកទៅវាយថ្មភ្នំ ក៏បានដែរ។ ចំណែកបក្ស ប្រឆាំង គ្មាន​អ្វីទាំងអស់ ដោយមានតែកម្លាំងមហាជនគាំទ្រប៉ុណ្ណោះ ហើយឧបមាថា វិសោធនកម្មច្បាប់ស្តីពី “គណបក្ស នយោបាយ” ត្រូវចេញជាធរមាននោះ បក្សប្រឆាំងនឹងក្លាយជា “ញញួរអត់ដង”។

ហេតុអ្វីបានជាសុភាសិតថា “ញញួរប្រើកើត ព្រោះមានដង?” មិនពិបាកយល់នោះទេ ព្រោះសូម្បីតែកិច្ចការក្រុមហ៊ុន ឯកជនក៏ត្រូវតែមានមូលដ្ឋានគ្រឹះសេដ្ឋកិច្ចមាំមួនដែរ ទើបក្រុមហ៊ុននោះមិនក្ស័យធន ដូច្នេះគណបក្សនយោបាយ បើទោះជានៅមានក្បាលម៉ាស៊ីនដឹកនាំ ហើយបាត់បង់ហេដ្ឋារចនាសម្ព័ន្ធ ឬថា ត្រូវច្បាប់រំលាយគណបក្សនោះ ពុំអាចយកទៅប្រើការ អ្វីបានឡើយ។ ច្បាប់គណបក្ស ដែលតម្រូវឱ្យដកសិទ្ធិអ្នកជាប់ទោស ពីឋានៈប្រធាន-អនុប្រធានគណបក្ស និងឈានដល់ រំលាយគណបក្សទាំងស្រុង គឺមានន័យស្មើនឹងញញួរចាស់ត្រូវគេបោះចោល ទោះជាវាអត់ដង ក៏គេមិនធ្វើដងថ្មីដាក់។

ទំនងជាមើលឃើញពីចំណុចខ្សោយនេះ ទើបលោកសម រង្ស៊ី មេបក្សប្រឆាំង (គណបក្សសង្គ្រោះជាតិ) ព្យាយាមធ្វើ យ៉ាងណាឱ្យមានតុល្យភាព ឬថា ធ្វើឱ្យមេបក្សកាន់អំណាច ក្លាយជាអ្នកទោសដូចគ្នា ដោយគំរាមប្តឹងសម្តេចហេង សំរិន និងសម្តេចហ៊ុន សែន ទៅតុលាការព្រហ្មទណ្ឌ អន្តរជាតិ (ICC) ពាក់ព័ន្ធផែនការ ក៥។ ជាងនេះទៀត ស្រាប់តែលោករ៉ុង ឈុន ព្រមានលាឈប់ពីតំណែងសមាជិក គ.ជ.ប បើសិនជាបក្សប្រឆាំង ត្រូវរំលាយ។ សកម្មភាពស្របគ្នានេះ មានន័យថា បក្សប្រឆាំង ដែលជាញញួររង្គោះរង្គើជិតបាក់ដង កំពុងរកឈើធ្វើដងញញួរថ្មី យកទៅវ៉ៃថ្មនឹងគេ។ អ្វីដែលយើងពិបាក សន្និដ្ឋាននោះ ត្រង់ថា រឿងព្រមានប្តឹងផ្តល់មេបក្សកាន់អំណាច ទៅតុលាការអន្តរជាតិនោះ វាច្រើនលើកច្រើនសាណាស់ ទៅហើយ គ្មានបានលទ្ធផលអ្វីទេ អាចថា អ្វីដែលជាកិច្ចការផ្ទៃក្នុងរបស់ខ្មែរនោះ អន្តរជាតិមិនហ៊ានលូកដៃតែម្តង។ ដូច្នេះ ករណីលោកសម រង្ស៊ី ព្រមានប្តឹងផ្តល់ចង់ឱ្យមេបក្សកាន់អំណាច ក្លាយជាទណ្ឌិតដូចគាត់នោះ ទំនងជាមិនសម្រេចដូចបំណងទេ ព្រោះមុននឹងធ្វើអ្វី តុលាការអន្តរជាតិពិនិត្យពិចារណាវែងឆ្ងាយណាស់។ ជាមួយគ្នានេះ លោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានរិះគន់លោកសម រង្ស៊ី រឿង​ថា​កំពុងរៀបចំប្តឹងសម្តេចហ៊ុន សែន និងសម្តេចហេង សំរិន ទៅតុលាការ ICC នោះថា លោក​សម រង្ស៊ី កំពុងបន្តយកឈ្មោះតុលាការអន្តរជាតិនេះ មកបោកប្រាស់ពលរដ្ឋខ្មែរ ព្រោះតុលាការ ICC គ្មាន គោលការណ៍ចាត់ការរឿងក្តីបទល្មើសដែលកើតមុនឆ្នាំ១៩៩៨ ទេ។

ទោះយ៉ាងណា “នគរធំ” មិនចង់ឱ្យអ្នកនយោបាយខ្មែរ ពាក់មុខយក្សដាក់គ្នានោះទេ ព្រោះប្រវត្តិ​សាស្ត្រពុំទាន់រលុប បាត់នៅឡើយ ខណៈដែលកម្ពុជា កើតសង្គ្រាមជាញឹកញាប់ ព្រោះតែអ្នកនយោ​បាយកាច់កុងគ្នានេះឯង លុះ “ក្របីជល់គ្នា ងាប់កូនក្អាត់”។ យើងចង់ឱ្យមានការរួបរួមគ្នា ដូចការ​ប្រើញញួរតូចធំនៅក្នុងរោងសិប្បកម្មដំដែក ពោលគឺរោងដំដែក ប្រៀប បាននឹងប្រទេស​កម្ពុជា មេជាងកាន់តង្កៀបនិងញញួរតូច ប្រៀបដូចបក្សកាន់អំណាច រីឯកូនជាងកាន់ញញួរធំ គឺសំដៅដល់ បក្សប្រឆាំង ចំណែកតួកាំបិតដែលជាងកំពុងដំ ប្រៀបបាននឹងផលិតកម្មនៃវិស័យទាំង៥ រួមមាន នយោបាយ យោធា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ មេជាងដែលកាន់ញញួរតូច ត្រូវដំដែកតិចៗ ថ្នមៗ សម្រិតសម្រាំងឱ្យលេចចេញជាតួកាំបិត។ រីឯកូនជាងដែលកាន់ញញួរ​​ធំត្រូវដំឱ្យខ្លាំង និងស្តាប់បង្គាប់មេជាង ទើបចង្វាក់ផលិតកម្មដំណើរការរលូនទៅមុខ។ ឥឡូវ​មាន ឯណា! រោងជាងដែកនោះ នៅតែមេជាងដំកាំបិតម្នាក់ឯង ឮប៉ូក!ៗ ខណៈដែលកូនជាង​បាក់ដងញញួរ ក៏រត់រកឈើល្អមកធ្វើដង ញញួរថ្មី។ បើមេជាងដំកាំបិតតែឯងបែបនេះ ទោះ​ជា​បានកាំបិតប្រើក៏យ៉ាប់ខ្លួនដែរ គួរតែជួយរកញញួរ ឬជួយធ្វើដងញញួរ ឱ្យកូនជាងប្រើការវិញ ទើបការងារនោះមិនស្ទះដំណើរការ។

ដូច្នេះយើងឃើញថា ញញួរ មាន២ បម្រើការក្នុងរោងជាងដែក ដែលមិនខុសពីបក្សកាន់អំណាច និងបក្សប្រឆាំង ធ្វើការ រួមគ្នាក្នុងរដ្ឋសភា លុះមេជាងនិងកូនជាងទាស់អធ្យាស្រ័យគ្នា ក៏ចែកផ្លូវគ្នាដើរ។ គម្រោងធ្វើវិសោធនកម្មច្បាប់ស្តីពី “គណ- បក្សនយោបាយ” នឹងរុញលោកសម រង្ស៊ី ឱ្យខ្ទាតពីសង្វៀននយោបាយ ឬក្បាលញញួរកូនជាងដែលបាក់ដង ត្រូវទុកចោល លែងប្រើ។ មន្ត្រីបក្សប្រឆាំង ក៏ដូចអ្នកគាំទ្របក្សប្រឆាំង បើសិនជាមានការរាំងខ្ទប់ដោយច្បាប់ថ្មីនោះ ក៏មិនអាចធ្វើដងញញួរ តភ្ជាប់នឹងក្បាលញញួរធំនោះបានដែរ។ ដល់ពេលនោះ មេជាង អាចនឹងជួលកូនជាងផ្សេងទៀតមកប្រើការមិនខាន ព្រោះ ការផលិតកាំបិត ពូថៅ មិនអាចធ្វើតែឯងបានឡើយ។ កូនជាងថ្មីដែលមេជាងចង់ជួលនោះ ក៏មិនអាចយកកូនក្មួយរបស់ឯង ដែរ ព្រោះកូនក្មួយច្រើនតែខ្ជិលច្រអូស ធ្វើការមិនពេញដៃ ជួនកាលលួចដែកទៅលក់ឱ្យអេតចាយ យកលុយ​ទិញ​ស្រាផឹក។ អ៊ីចឹង លុះត្រាតែយកអ្នកក្រៅមកប្រើទើបបាន ដែលអ្នកក្រៅនោះសំដៅដល់គណ​បក្ស​តូចៗមួយចំនួន ទើបបង្កើតហ្នឹងឯង។

អ្វីដែលសំខាន់ គឺញញួរតូច និងញញួរធំ សំដៅដល់សំឡេងតទល់គ្នាក្នុងរដ្ឋសភា ឮសូរខុសគ្នា។ ដូច​បានលើកឡើងរួចមក ហើយថា បក្សកាន់អំណាច ឬមេជាង ត្រូវប្រើដៃទាំងពីរកាន់តង្កៀប​ផង កាន់ញញួរតូចផង ត្រូវនាំកូនជាងដំកាំបិត ដោយ ធ្វើស្រាលដៃ សម្រិតសម្រាំងជានិច្ច។ ញញួរ​តូច មិនងាយបាក់ដងនោះទេ ផ្ទុយទៅវិញ កូនជាងកាន់ញញួរធំ ត្រូវដំខ្លាំងៗ ឆាប់បាក់​ដង​ណាស់។ យ៉ាងណាមិញ បក្សកាន់អំណាច ត្រូវធ្វើច្បាប់ផង អនុម័តផង ចុះអនុវត្តផង បើធ្វើប៉ុង​ប៉័ងរម៉ាំងរម៉ោក ធ្វើឱ្យដងញញួរឆាប់សឹក ចាំបាច់ត្រូវតែធ្វើថ្នមៗ សម្រិតសម្រាំងដូចដំកាំបិត ទើបកាំបិតនោះវាមុត។ រីឯបក្សប្រឆាំង មិន ដែលធ្វើច្បាប់អ្វីទេ អនុម័តក៏ធ្វើពហិការដែរ ជួនកាលមិនទទួលស្គាល់ច្បាប់នោះ បណ្តាលឱ្យមេជាងខឹងសម្បា “ដេញទៅហៅ មក” ដដែលៗ ក្លាយជារឿងធម្មតាទៅហើយ។ ខណៈដែលការបោះឆ្នោតមេឃុំ ចៅសង្កាត់ ជិតចូលមក​ដល់ ស្រាប់តែញញួរធំ ដែលដំដែកឮខ្លាំង ឬរិះគន់ខ្លាំងៗនេះ បាក់ដង ប្រើលែងកើត នៅសល់តែញញួរ​តូច ដំដែកតែឯង។

សរុបទៅ “ញញួរប្រើកើត ព្រោះមានដង” មានន័យយ៉ាងនេះឯង ដែលអ្នកនយោបាយមិនគួរមើល​រំលងមរតកសាសន៍ ដ៏មានតម្លៃរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត កំពូលអ្នកប្រាជ្ញាអក្សរសាស្ត្រ​ខ្មែរ។ ហេតុនេះគួរតែបក្សកាន់អំណាច និង បក្សប្រឆាំង រួបរួមគ្នាធ្វើមេជាង និងកូនជាងដូច​មុន ប្រសើរជាង ព្រោះចង្វាក់ផលិតកម្ម ឬបញ្ហាជាតិ ចាំបាច់ត្រូវតែមានមតិ ស្រប និងប្រឆាំង មិនអាចអត់បានឡើយ។ កូនជាងត្រូវតែស្តាប់បង្គាប់មេជាង ប្រើឱ្យដំកន្លែងណាត្រូវដំកន្លែងហ្នឹង ចំណែក មេជាងក៏ត្រូវផ្តល់តម្លៃដល់កូនជាង ដែលលើកញញួរធំ ចំណាយកម្លាំងច្រើនផងដែរ ទើបធានាថា រោងជាងដែកនោះនឹងមាន កាំបិត ពូថៅ ចេញលក់នៅទីផ្សារជារៀងរហូត៕ ដោយ អាចារ្យថាំ

RELATED ARTICLES