Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកទូកដឹកគ្រឿងញៀន២បាវ ជួបសមត្ថកិច្ច រត់ចោល

បើកទូកដឹកគ្រឿងញៀន២បាវ ជួបសមត្ថកិច្ច រត់ចោល

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យម្នាក់ បើកទូកម៉ាស៊ីន ជួបនឹងកម្លាំងល្បាតបង្ក្រាបបទល្មើសនេសាទ បើករត់គេច លុះកម្លាំងល្បាតប្រដេញតាម ធ្វើឱ្យជនសង្ស័យភ័យ បើកទូកបុកច្រាំង រួចស្ទុះរត់ឡើងគោក រត់គេចបាត់ ដោយបន្សល់ទុកគ្រឿងញៀន ២បាវ នៅលើទូក ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិកោះហិប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។

លោកនិន ពិសី ប្រធានការិយាល័យតំបន់រ៉ាមសារ នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ លោកភោគ និមល់ អនុប្រធានការិយាល័យ រួមជាមន្ត្រីឧទ្យានុរក្សម្នាក់ ដោយបាន សហការជាមួយកម្លាំងសហគមន៍នេសាទ ចំនួន៣នាក់ បានចុះល្បាតទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ក្នុងរដូវបិទនេសាទ ក្នុងភូមិសាស្ត្រតំបន់រ៉ាមសារ ។

លោកបន្តថា ក្នុងបេសកកម្មនោះ កម្លាំងបរិស្ថាន និងសហគមន៍ បានចុះល្បាតដល់ចំណុចប៊ុងក្រាក់ ក្បាលភូមិវ៉ើនសៀន បានប្រទះឃើញអ្នកបើកទូក ១គ្រឿង គួរឱ្យសង្ស័យ កម្លាំងបានបើកទូកដេញតាម រហូតដល់ចំណុចក្បាលកោះតាហឿង ស្ថិតក្នុងភូមិកោះហិប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ជនសង្ស័យបានបើកទូកបុកច្រាំង ហើយរត់គេចខ្លួនបាត់ បន្សល់ទុកវត្ថុតាង ទូក១គ្រឿង ម៉ាស៊ីនម៉ាក TBC ១គ្រឿង និងបាវចំនួន២ ។ លុះពេលកម្លាំងចម្រុះឆែកពិនិត្យមើលក្នុងបាវ ប្រទះឃើញថ្នាំញៀន ទាំង២បាវ។

បន្ទាប់មក កម្លាំងចម្រុះបានទំនាក់ទំនងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក ចុះមកពិនិត្យ និងធ្វើកំណត់ហេតុ រួចបញ្ជូនវត្ថុតាងទាំងនោះ ទៅកាន់ស្នងការនគរបាលខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធី៕

RELATED ARTICLES