អ៊ុយក្រែន ៖ កងទ័ពអ៊ុយក្រែន អះអាងថាមានបំណងវាយប្រហារយន្តហោះចម្បាំងទំនើបបំផុត «Su-57» របស់យោធារុស្ស៊ី ចតនៅមូលដ្ឋានយោធាក្នុងទឹកដីរុស្ស៊ី មានចម្ងាយជិត ៦០០គីឡូម៉ែត្រ ពីសមរភូមិជួរមុខនៃសមរភូមិសង្គ្រាមអ៊ុយក្រែន។

តាមប្រភព theGuardian បានឲ្យដឹងនៅនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ថា សេវាចារកម្មយោធារបស់អ៊ុយក្រែន «GUR» បានចេញផ្សាយរូបភាពផ្កាយរណបដែលបង្ហាញពីការខូចខាតដល់យន្តហោះ ចំពេលមានស្នាមឆេះ និងរន្ធជ្រៅ នៅឯមូលដ្ឋានយោធា អាកទូប៊ីនស្ក៍ (Akhtubinsk) ភាគខាងត្បូងនៃប្រទេសរុស្ស៊ី មានចម្ងាយ ៥៨០គីឡូម៉ែត្រ ពីសមរភូមិសង្គ្រាមអ៊ុយក្រែន។ រូបភាពផ្កាយរណបកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ បានបង្ហាញយន្តហោះចម្បាំង Su-57 ត្រូវបានចតនៅទីនោះក្នុងស្ថានភាពល្អឥតខ្ចោះ ហើយនៅថ្ងៃទី០៨ ខែមិថុនា មានការផ្ទុះ និងអគ្គិភ័យនៅក្បែរនោះ។
សេវាស៊ើបការណ៍សម្ងាត់របស់យោធាអ៊ុយក្រែន បញ្ចេញរូបភាពផ្កាយរណប ប្រៀបធៀបមុន និងក្រោយឧប្បត្តិហេតុអ៊ុយក្រែន វាយប្រហារយន្តហោះចម្បាំងទំនើប Su-37 លើមូលដ្ឋានយោធារុស្ស៊ី ចម្ងាយជិត ៦០០គីឡូម៉ែត្រ ពីសមរភូមិមុខ នៅថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៤។
សេវាស៊ើបការណ៍សម្ងាត់ GRU របស់អ៊ុយក្រែនបាននិយាយថា ការវាយប្រហារលើយន្តហោះចម្បាំង Su-57 ដែលជាយន្តហោះបំពាក់ដោយបច្ចេកវិទ្យាទំនើប អាចផ្ទុកកាំជ្រួចបំបាំងកាយ ជាយន្តហោះចម្បាំង ដែលយោធារុស្ស៊ី ប្រើញឹកញាប់ នៅក្នុងសង្គ្រាមអ៊ុយក្រែន។ លើសពីនេះទៅទៀត យន្តហោះចម្បាំង Su-57 មិនបានបង្ហាញខ្លួននៅលើដែនអាកាសអ៊ុយក្រែន យូរមកហើយ ដោយសាររុស្ស៊ី បានងាកមកប្រើកាំជ្រួចរយៈចម្ងាយឆ្ងាយ បាញ់ឆ្លងព្រំដែន ដើម្បីវាយប្រហារគោលដៅក្នុងប្រទេសអ៊ុយក្រែន។

យោធាអ៊ុយក្រែន បានបន្តប្រើប្រាស់សព្វាវុធរបស់លោកខាងលិច ដើម្បីវាយប្រហារលើគោលដៅយោធានៅលើទឹកដីរុស្ស៊ី បន្ទាប់ពីមេដឹកនាំបារាំង អាល្លឺម៉ង់ និងអាមេរិក បានផ្តល់ភ្លើងខៀវ ឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធលោកខាងលិច វាយប្រហារលើទឹកដីរុស្ស៊ី តាំងពីដើមខែមិថុនា ឆ្នាំ២០២៤ ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នៃប្រទេសរុស្ស៊ី បានព្រមាន បារាំង និងអាល្លឺម៉ង់ ពីផលវិបាកធ្ងន់ធ្ងរដែលនឹងកើតឡើង ហើយបញ្ហានេះ អាចនឹងបង្កជាសង្គ្រាមលោក លើកទី៣៕