Sunday, September 8, 2024
Homeព័ត៌មានអន្តរជាតិយន្តហោះ១ចុះ ១ឡើង ក្នុងពេលតែមួយ ប៊ិះបុកគ្នា

យន្តហោះ១ចុះ ១ឡើង ក្នុងពេលតែមួយ ប៊ិះបុកគ្នា

ប្រទេសឥណ្ឌា ៖ និយ័តករសុវត្ថិភាពអាកាសចរណ៍ឥណ្ឌា ប្រញាប់ប្រញាល់ស៊ើបអង្កេត ភ្លាមៗ បន្ទាប់ពីយន្ត ហោះដឹកអ្នកដំណើរ ១គ្រឿង បានចុះចត ខណៈពេលដែលយន្តហោះមួយគ្រឿងទៀត កំពុងហោះចេញពីផ្លូវរត់ក្នុងពេលតែមួយ នៅព្រលានយន្តហោះ មុមបៃ (Mumbai) កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ដែលករណី អ្នកបានឃើញឃ្លីបវីដេអូ មានការប្រហោងពោះគ្រប់គ្នា ព្រោះមើលទៅប៊ិះតែមានឧបទ្ទវហេតុបុកគ្នាកើតឡើង ប្រសិនបើយន្តហោះដែលត្រូវហោះចេញ ហោះឡើងមិនទាន់ពេល។

ប្រភពដែលដឹងពីបញ្ហានេះ បាននិយាយថា អ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ដែលកំពុងបំពេញភារកិច្ចនៅពេលនោះ ត្រូវបានបញ្ជាឱ្យបញ្ឈប់ការបំពេញមុខងារនៅពេលនេះ។

ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៤ នៅពេលយន្តហោះ A320neo របស់ក្រុមហ៊ុនអាកាសចរណ៍ Indigo Airlines  ពីទីក្រុង Indore បានចុះចតនៅលើផ្លូវរត់លេខ 27 នៃព្រលានយន្តហោះមុមបៃ (Mumbai) ខណៈពេលដែលជើងហោះហើរ Air India ទៅ Thiruvananthapuram កំពុងហោះហើរឡើងពីម្ខាងទៀត។ វីដេអូឃ្លីបនៃឧបទ្ទវហេតុនេះ ត្រូវបានចែករំលែកនៅលើបណ្តាញសង្គម បណ្តាលឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាព។

ទោះជាយ៉ាងណា ករណីនេះ មិនបង្កឲ្យមានការខូចខាតអ្វីធ្ងន់ទេ ដោយសារយន្តហោះដែលហោះចេញពីអា កាសយានដ្ឋានមុមបៃ បានហើរឡើងទៅផុត ដោយសុវត្ថិភាព។ ចំណែកយន្តហោះដែលចុះចត ក៏បានចុះចតដោយសុវត្ថិភាពដែរ គ្រាន់តែធ្វើឲ្យអ្នកដំណើរ ភ័យប្រហោងពោះគ្រប់គ្នា មួយដង្ហើមចង្រឹតផងដែរ។

សូមបញ្ជាក់ថា អាកាសយានដ្ឋានមុមបៃ (Mumbai) មានផ្លូវប្រសព្វផ្លូវរត់ពីរ ដែលមានន័យថាមានតែផ្លូវរត់មួយប៉ុណ្ណោះ ដែលអាចប្រើបានក្នុងពេលមួយដែលផ្លូវរត់អាចផ្ទុកយន្តហោះបានរហូតដល់ទៅ ៤៦ចលនា រួមទាំងការហោះហើរ និងការចុះចតក្នុងរយៈពេលមួយម៉ោង។

ជុំវិញករណីខាងលើនេះ អគ្គនាយកអាជ្ញាធរអាកាសចរណ៍ស៊ីវិលឥណ្ឌា នឹងពិនិត្យមើលអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស និងអ្នកបើកបរយន្តហោះ តើបានគោរពតាមបទដ្ឋានឬអត់? …៕

RELATED ARTICLES