Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកប៉ាល់ថៃ លិចក្នុងដែនសមុទ្រខ្មែរ សង្គ្រោះមនុស្ស១០នាក់ រួចរស់ជីវិត

កប៉ាល់ថៃ លិចក្នុងដែនសមុទ្រខ្មែរ សង្គ្រោះមនុស្ស១០នាក់ រួចរស់ជីវិត

ខេត្តព្រះសីហនុ ៖ កប៉ាល់ដឹកទំនិញ មកពីប្រទេសថៃ១ គ្រឿង បានជួបឧបទ្ទវហេតុខ្យល់ព្យុះ បណ្តាលឱ្យលិចចូលផ្ទៃសមុទ្រ ក្នុងដែនសមុទ្រកម្ពុជា និងត្រូវបានអ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូរបរល្បឿនលឿន និងក្រុម សង្គ្រោះរបស់អាជ្ញាធរមូលដ្ឋាន ចេញជួយសង្គ្រោះបុគ្គលិក និងកម្មករក្នុងកប៉ាល់ ចំនួន១០នាក់ បានទាន់ពេលវេលា។

ឧបទ្ទវហេតុកប៉ាល់ដឹកទំនិញថៃ លិចនេះ បានកើតឡើង កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចកោះរ៉ុង (ចន្លោះកោះវ៉ាង និងកោះម្នាស់)។

ជនរងគ្រោះជាជនជាតិថៃ ទាំង១០នាក់ ដែលត្រូវបានសង្គ្រោះ រួមមាន ទី១-ឈ្មោះ MR.SOPON WANTONG ភេទប្រុស អាយុ៦៣ឆ្នាំ។ ទី២-ឈ្មោះ SORASAK SASRIMUANG ភេទប្រុស អាយុ៦៥ឆ្នាំ។ ទី៣-ឈ្មោះ SANTINA NAGARA ភេទប្រុស អាយុ៦៩ឆ្នាំ។ ទី៤-ឈ្មោះ PREECHA PANCHOO ភេទប្រុស អាយុ៦៩ឆ្នាំ។ ទី៥-ឈ្មោះ PRAKOB VECHKIT ភេទប្រុស អាយុ៧៧ឆ្នាំ។ ទី៦-ឈ្មោះ ADISAK BOONKUN ភេទប្រុស អាយុ៦០ឆ្នាំ។ ទី៧-ឈ្មោះ DAURANG PALNAK ភេទប្រុស អាយុ៥៤ឆ្នាំ។ ទី៨-ឈ្មោះ SANTI BOONYA ភេទប្រុស អាយុ៣៦ឆ្នាំ។ ទី៩-ឈ្មោះ ARICHAI JAIRAK ភេទប្រុស អាយុ២៦ឆ្នាំ និងទី១០-ឈ្មោះ WORRATHUN CHIMSAWAT ភេទប្រុស អាយុ៣៦ឆ្នាំ។

យោងតាមប្រភពព័ត៌មានបឋម កប៉ាល់ដែលលិចនោះ មានបណ្តោយ៤៩ម៉ែត្រ ទទឹង១៥ម៉ែត្រ ជម្រៅទឹកជាង ៣ម៉ែត្រ ដឹកទំនិញ (កុងតឺន័រ) មានមនុស្សចំនួន១០នាក់ ជាជនជាតិថៃ ត្រូវបានជួយសង្គ្រោះទាំងស្រុង ដោយទូកនេសាទ នៅជិតកន្លែងកើតហេតុ និងបាននាំមកកាន់ដីគោក ក្រុងព្រះសីហនុ តាមអូរប័រល្បឿនលឿនរបស់អ្នកឧកញ៉ា ទៀ វិចិត្រ ដោយសុវត្ថិភាព ដោយមានការចូលរួមពីកម្លាំងទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋានគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួមនិងសមត្ថកិច្ចចម្រុះអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងកំពង់ផែស្វ័យត ក្រុងព្រះសីហនុ។

លោកម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រោយទទួលបានដំណឹងនេះ អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ រួមនិងសមត្ថកិច្ចចម្រុះ និងផ្នែកពាក់ព័ន្ធ បានយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះ ក្នុងនោះអ្នកបើកបរកប៉ាល់ និងអ្នកបម្រើ ការសរុបចំនួន១០នាក់ ត្រូវបានជួយសង្គ្រោះ នាំមកដីគោកក្រុងព្រះសីហនុ ដោយសុវត្ថិភាព មិនមានម្នាក់ណារងគ្រោះថ្នាក់ដល់ជីវិតឡើយ ដោយសារតែការជួយសង្គ្រោះទាន់ពេល ពីពលរដ្ឋអ្នកនេសាទយើងរួម និងសមត្ថកិច្ចព្រមទាំងក្រុមសង្គ្រោះស្ម័គ្រចិត្តរបស់អ្នកឧកញ៉ាទៀ វិចិត្រ ហើយពេលនាំមកដល់ដីគោក អាជ្ញាធររដ្ឋបាលខេត្តរួម និងខាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចាត់ចែងបញ្ជូនជនរងគ្រោះជនជាតិថៃ ទាំង១០រូប ទៅពិនិត្យសុខភាព រៀបកន្លែងស្នាក់នៅនិងផ្តល់ម្ហូបអាហារដោយមនុស្សធម៌។

បន្ទាប់ពីទទួលបានការសង្គ្រោះជីវិត និងយកចិត្តទុកដាក់ពីអាជ្ញាធរកម្ពុជា បុរសអ្នកបើកបរកប៉ាល់ដឹកទំនិញថៃ ដែលរងគ្រោះខាងលើ បានថ្លែងអំណរគុណដល់អាជ្ញាធរប្រទេសកម្ពុជា និងអ្នកជួយសង្គ្រោះទាំងអស់ដែលបានជួយក្រុមនាវិកលើកប៉ាល់នេះ រួចផុតពីគ្រោះថ្នាក់៕

RELATED ARTICLES