Sunday, September 8, 2024
Homeព័ត៌មានអន្តរជាតិកងទ័ពអាកាសអ៊ុយក្រែន បញ្ជូនយន្តហោះចម្បាំង វាយប្រហារគោលដៅយោធារុស្ស៊ី

កងទ័ពអាកាសអ៊ុយក្រែន បញ្ជូនយន្តហោះចម្បាំង វាយប្រហារគោលដៅយោធារុស្ស៊ី

អ៊ុយក្រែន ៖ កងទ័ពអាកាសអ៊ុយក្រែន បានបញ្ជូនយន្តហោះចម្បាំង ទៅវាយប្រហារគោលដៅនៅលើទឹកដីរុស្ស៊ី ជាលើកដំបូង ដោយកំណត់គោលដៅដើម្បីវាយប្រហារឃ្លាំងអាវុធ គ្រាប់រំសេវ រហូតដល់ភ្លើងឆេះ មានការផ្ទុះយ៉ាងខ្លាំង។

តាមសារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ថា កងទ័ពអាកាសអ៊ុយក្រែន បានបញ្ជូនយន្តហោះចម្បាំងទៅវាយប្រហារគោលដៅនៅលើទឹកដីរុស្ស៊ី ជាលើកដំបូង ជាការវាយប្រហារលើឃ្លាំងអាវុធយុទ្ធភណ្ឌរបស់កងទ័ពរុស្ស៊ី នៅក្នុងតំបន់បេលហ្គោរ៉ូដ (Belgorod) តំបន់ព្រំដែនភាគខាងលិចរបស់រុស្ស៊ី ជាមួយអ៊ុយក្រែន នៅថ្ងៃអាទិត្យទី 9 ខែមិថុនា ឆ្នាំ២០២៤ ប៉ុន្តែនៅតែមានរបាយការណ៍ផ្ទុយគ្នាអំពីគោលដៅរបស់រុស្ស៊ី ដែលកំពុងត្រូវបានកំណត់គោលដៅ និងអាវុធដែលប្រើក្នុងការវាយប្រហារនេះ។

តាមប្រភពសារព័ត៌មាន Sky News រាយការណ៍ដោយដកស្រង់ប្រភពនៅក្នុងយោធាអ៊ុយក្រែន ថានេះជាលើកទីមួយហើយដែលកងទ័ពអាកាសអ៊ុយក្រែន បានបញ្ជូនយន្តហោះចម្បាំង ទៅវាយប្រហារគោលដៅនៅលើទឹកដីរុស្ស៊ី រហូតដល់ទីស្នាក់ការកណ្តាលរបស់រុស្ស៊ី នៅតំបន់ បេលហ្គោរ៉ូដ (Belgorod) ខូចខាត មានភ្លើងឆេះ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការវាយតម្លៃតម្លៃនៃការខូចខាត ខណៈដែលមានការរាយការណ៍ព័ត៌មាននៅលើ Telegram ប្រព័ន្ធផ្សព្វផ្សាយសង្គម នៅប្រទេសរុស្ស៊ី ថាឃ្លាំងអាវុធរុស្ស៊ី នៅទីក្រុងបេលហ្គោរ៉ូដ រងការវាយប្រហារ។

មានវីដេអូឃ្លីបមួយដែលថតពីហេតុការណ៍នោះ ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម បង្ហាញពីផ្សែងខ្មៅហុយឡើងលើមេឃ បន្ទាប់ពីការផ្ទុះយ៉ាងខ្លាំងជាច្រើន ត្រូវបានគេឮនៅក្នុងភូមិរ៉ាគីតណូយេ (Rakitnoye) តំបន់បេលហ្គោរ៉ូដ ដែលមានចម្ងាយប្រហែល ២២ម៉ៃល៍ ពីព្រំដែនអ៊ុយក្រែន។

លោកវីយ៉ាឆេស្លាវ ក្លាតកូវ (Vyacheslav Gladkov) អភិបាលក្រុងបេលហ្គោរ៉ូដ (Belgorod) មិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់លើរបាយការណ៍ព័ត៌មានដែលអះអាងថា កងទ័ពអាកាសអ៊ុយក្រែន បានបញ្ជូនយន្តហោះចម្បាំងទៅវាយប្រហារឃ្លាំងអាវុធរុស្ស៊ី នេះទេ ដោយលោកគ្រាន់តែនិយាយថា មានភ្លើងឆេះអគារមួយ ដែលមិនមែនជាអគារស្នាក់នៅ ប៉ុន្តែមិនមានរបាយការណ៍ណាមួយនៃការស្លាប់ឬរបួស ពីឧបទ្ទវហេតុនេះទេ។

តំបន់បេលហ្គោរ៉ូដ  (Belgorod) បានរងការខូចខាតច្រើនបំផុត ពីការវាយប្រហារសងសឹករបស់អ៊ុយក្រែន ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ វាកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងបារាំង បានផ្តល់ភ្លើងខៀវ អនុម័តឱ្យអ៊ុយក្រែន ប្រើសព្វាវុធរបស់លោកខាងលិច វាយប្រហារលើទឹកដីរុស្ស៊ី៕

RELATED ARTICLES