Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់កោរសក់ក្មេងទំនើង១៤នាក់ ឱ្យក្រាបសំពះសុំទោសម៉ែឪ

ចាប់កោរសក់ក្មេងទំនើង១៤នាក់ ឱ្យក្រាបសំពះសុំទោសម៉ែឪ

ខេត្តកណ្តាល ៖ ក្រុមក្មេងទំនើង២ក្រុម បានដេញវាយគ្នាផ្អើលភូមិ និងត្រូវបានសមត្ថកិច្ចស្រុកស្អាងបង្ក្រាបបានចំនួន១៤នាក់ ចាប់កោរសក់ និងឱ្យក្រាបសំពះសុំទោសឪពុកម្តាយ រួចទើបអនុញ្ញាតឱ្យធានាយកត្រឡប់ទៅផ្ទះវិញ ដើម្បីអប់រំបន្ត។

ករណីក្មេងទំនើងដេញវាយគ្នាផ្អើលពេញភូមិនេះ បានកើតឡើង កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង។

លោកវរសេនីយ៍ឯក រស់ ចាន់ថា អធិការនគរបាលស្រុកស្អាង បានឱ្យដឹងថា ក្មេងទំនើងទាំង១៤នាក់ សុទ្ធតែប្រុសៗ និងជាសិស្សសាលាទាំងអស់ ដែលមានអាយុចាប់ពី១៤ឆ្នាំ ទៅ១៩ឆ្នាំ។

លោកអធិការ បានបន្តថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីពលរដ្ឋថា មានក្មេងប្រុសៗជាច្រើននាក់ កំពុងដេញវាយគ្នាទៅវិញទៅមក នៅចំណុចកើតហេតុខាងលើ លោកបានបញ្ជាកម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហ ការជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រែកគយ ចុះអន្តរាគមន៍ ភ្លាមៗ និងឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើង ទាំង២ក្រុម សរុបចំនួន១៤នាក់ នាំខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ។

លោកអធិការ បានបញ្ជាក់ថា ក្រោយការសាកសួរ ក្មេងទំនើងទាំង១៤នាក់ បានសារភាពថា ពួកខ្លួនពិតជាបានដេញវាយគ្នាទៅវិញទៅមកប្រាកដមែន។ ដោយពិនិត្យឃើញថា ក្រុមក្មេងទំនើងទាំង១៤នាក់នេះ មិនបានបង្ករបួសស្នាម និងមិនបានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ ឬទ្រព្យសម្បត្តិប្រជាពលរដ្ឋ ទើបលោកគ្រាន់តែព្រមាន ធ្វើកិច្ចសន្យា និងកោរសក់ ឱ្យធ្វើអនាម័យ អប់រំ រួចឱ្យក្រាបសំពះសុំទោសឪពុកម្តាយ និងអាណាព្យា បាល ទើបអនុញ្ញាតឱ្យឪពុកម្តាយធានាយកត្រឡប់ទៅផ្ទះវិញ ដើម្បីអប់រំបន្ត៕

RELATED ARTICLES