Sunday, September 8, 2024
Homeព័ត៌មានអន្តរជាតិសហរដ្ឋអាមេរិក បញ្ជូននាវាពិឃាត និងនាវាមុជទឹក ទៅឃ្លាំមើលនា​វាមុជទឹកនិង​នាវាចម្បាំងរុស្ស៊ី នៅគុយបា

សហរដ្ឋអាមេរិក បញ្ជូននាវាពិឃាត និងនាវាមុជទឹក ទៅឃ្លាំមើលនា​វាមុជទឹកនិង​នាវាចម្បាំងរុស្ស៊ី នៅគុយបា

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក បានបញ្ជូននាវាពិឃាត និងនាវាមុជទឹក ទៅឃ្លាំមើលនាវាមុជទឹកនុយ ក្លេអ៊ែរ ហើយនាវាចម្បាំងទំនើបបំផុតរបស់រុស្ស៊ី បានមកដល់គុយបា។

យោងតាមក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា កងនាវារុស្ស៊ី នឹងធ្វើសមយុទ្ធ ទាំងតាមផ្លូវអាកាស និងតាមផ្លូវសមុទ្រ។

តាមប្រភព Daily mail បានរាយការណ៍ថា យោធាជើងទឹកសហរដ្ឋអាមេរិក (United States Navy) បានបញ្ជូននាវាពិឃាត និងនាវាមុជទឹក ជាច្រើនគ្រឿង ទៅល្បាត ឃ្លាំមើលនាវាមុជទឹកដើរដោយថាមពលនុយ ក្លេអ៊ែរ «Kazan» និងនាវាចម្បាំងទំនើប «Admiral Gorshkov» នៃកងទ័ពជើងទឹករុស្ស៊ី នៅគុយបា ដែលមានចម្ងាយពីឆ្នេរសមុទ្រនៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ត្រឹមតែ ២៥ម៉ៃល៍ ឬ 40.2គីឡូម៉ែត្រ ឆ្ពោះទៅកាន់កំពង់ផែទីក្រុងហាវ៉ាណា (Havana) រដ្ឋធានី នៃប្រទេសគុយបា។

ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ថា នាវាចម្បាំងទំនើបបំផុតរបស់រុស្ស៊ី «Admiral Gorshkov» ដែលអាចបំពាក់ដោយមីសស៊ីលលឿនជាងសំឡេង រួមជាមួយនឹងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ «Kazan» និងនាវាកងទ័ពជើងទឹករុស្ស៊ី ពីរគ្រឿង ពួកគេបានមកដល់មហាសមុទ្រអាត្លង់ទិក ដើម្បីចូលរួមក្នុងសមយុទ្ធនេះ។

នាវាកងទ័ពជើងទឹករុស្ស៊ី ចំនួនបួន បានមកដល់ទីក្រុងហាវ៉ាណា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ហើយនឹងធ្វើសមយុទ្ធផ្លូវអាកាសនិងសមុទ្រ។ នេះជាសមយុទ្ធយោធាលើកដំបូងនៅតំបន់ការ៉ាបៀន ក្នុងរយៈពេល៥ឆ្នាំ។

មានសេចក្តីរាយការណ៍ថា បញ្ជាការភូមិភាគខាងជើងរបស់សហរដ្ឋអាមេរិក (NORTHCOM) នឹងបញ្ជូននាវា ពិឃាត ចំនួនបីគ្រឿង គឺ USS Truxtun, USS Donald COOK និង USS Delbert D.Black – និងនាវាមុជទឹកល្បាត ដើម្បីត្រួតពិនិត្យនាវាចម្បាំងរុស្ស៊ី ដែលបានមកដល់ក្នុងដែនទឹកគុយបា។

យោធារុស្ស៊ី បានសម្រេចចិត្តបញ្ជូនកងនាវា និងនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ «Kazan» ទៅកាន់ប្រទេសគុយបា បន្ទាប់ពីអាមេរិក បារាំង និងអាល្លឺម៉ង់ បានផ្តល់ភ្លើងខៀវ គាំទ្រដល់សមត្ថភាពរបស់អ៊ុយក្រែន ក្នុងការប្រើប្រាស់អាវុធដែលបញ្ជូនដោយប្រទេសលោកខាងលិច ក្នុងការវាយប្រហារគោលដៅយោធានៅក្នុងទឹកដីរុស្ស៊ី កាលពីចុងខែឧសភា ឆ្នាំ២០២៤ ជាងពីរឆ្នាំ បន្ទាប់ពីលោកវ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ី បានធ្វើ សង្រ្គាមប្រឆាំងប្រទេសអ៊ុយក្រែន៕

RELATED ARTICLES