Friday, October 18, 2024
Homeព័ត៌មានអន្តរជាតិអ្នករកឃើញថ្នាំបញ្ចុះខ្លាញ់ក្នុងឈាម ស្លាប់ក្នុងអាយុ៩០ឆ្នាំ

អ្នករកឃើញថ្នាំបញ្ចុះខ្លាញ់ក្នុងឈាម ស្លាប់ក្នុងអាយុ៩០ឆ្នាំ

ប្រទេសជប៉ុន ៖ អ្នកជីវគីមី ជនជាតិជប៉ុន លោកសាស្ត្រាចារ្យ បណ្ឌិត អេនដូ អាគីរ៉ា (Endo Akira) ដែលជាអ្នករកឃើញថ្នាំ Statins (ថ្នាំបញ្ចុះកូឡេស្តេរ៉ូលក្នុងឈាម) ដែលបានធ្វើបដិវត្តន៍ការពារនិងព្យាបាលជំងឺសរសៃឈាមបេះដូង បានស្លាប់នៅអាយុ ៩០ឆ្នាំ។

តាមប្រភព  NHK បានឲ្យដឹងថា សាស្ត្រាចារ្យ អេនដូ អាគីរ៉ា បានស្លាប់នៅមន្ទីរពេទ្យក្នុងទីក្រុងតូក្យូ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ដោយជរាពាធ ក្នុងជន្មាយុ ៩០ឆ្នាំ។

សាស្ត្រាចារ្យ អេនដូ អាគីរ៉ា កើតនៅខេត្តអាគីតា (Akita) នៅភាគឦសានប្រទេសជប៉ុន ក្នុងឆ្នាំ ១៩៣៣ លោកបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យកសិកម្ម សាកលវិទ្យាល័យ តូហូគុ (Tohoku) មុននឹងចាប់ផ្តើមធ្វើការនៅក្រុមហ៊ុន “សាន់ក្យូ” ជាក្រុមហ៊ុនឱសថ ខណៈពេលដែលនៅក្រុមហ៊ុននេះ នៅដើមទសវត្សរ៍ឆ្នាំ១៩៧០ លោកអាគីរ៉ា បានចាប់ផ្តើមបង្កើតថ្នាំដែលមានបំណងបញ្ចុះកូឡេស្តេរ៉ូល ដោយសារតែការប្រមូលផ្តុំកូឡេស្តេរ៉ូល អាចធ្វើឱ្យសរសៃឈាមរឹង។

ការរកឃើញដ៏សំខាន់របស់លោកអាគីរ៉ា ត្រូវបានគេប្រដូចទៅនឹងការរកឃើញថ្នាំប៉េនីស៊ីលលីន។ អ្នកជីវគីមីវិទ្យារូបនេះ ត្រូវបានបំផុសគំនិតដោយការរកឃើញរបស់លោកអាឡិចសាន់ដឺរ ហ្វ្លេមីង ( Alexander Fleming) នៃថ្នាំប៉េនីស៊ីលលីន (Penicillin) ដែលនាំឱ្យគាត់សិក្សាក្នុងការស្វែងរកថ្នាំថ្មី។ នៅឆ្នាំ១៩៧៣ លោកអាគីរ៉ា បានរកឃើញថា សារធាតុដែលហៅថា Statin បណ្តាលមកពីផ្សិតពណ៌ខៀវ ដែលអាចរារាំងការផលិតកូឡេស្តេរ៉ូល និងកាត់បន្ថយកម្រិតឈាមខ្លាញ់កនុងឈាមយ៉ាងខ្លាំង។

ថ្នាំ Statin ដំបូង ត្រូវបានលក់នៅសហរដ្ឋអាមេរិក នៅខែកញ្ញា ឆ្នាំ១៩៨៧ ជាថ្នាំសម្រាប់ជំងឺក្រិនសរសៃឈាម។ ពីរឆ្នាំក្រោយមក វាត្រូវបានចេញផ្សាយនៅក្នុងប្រទេសជប៉ុន ហើយនៅចំណុចមួយ Statin ត្រូវបានគេចាត់ទុក ថាជាថ្នាំដែលលក់ដាច់បំផុតរបស់ពិភពលោក។

លោកបណ្ឌិត អេនដូ អាគីរ៉ា បានទទួលពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើន សម្រាប់ស្នាដៃរបស់គាត់។ គាត់បានទទួលពានរង្វាន់ Lasker នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០៨ និងពានរង្វាន់ “Canada Gairdner International Award” ក្នុងឆ្នាំ២០១៧ ។ គាត់ក៏ធ្លាប់ត្រូវបានផ្តល់កិត្តិយសនៅក្នុងប្រទេសជប៉ុន ជាអ្នកជំនាញផ្នែកវប្បធម៌ ក្នុងឆ្នាំ២០១១។

លោកបណ្ឌិត អេនដូ អាគីរ៉ា ជាសាស្រ្តាចារ្យបង្រៀននៅសាកលវិទ្យាល័យ កសិកម្មនិងបច្ចេកវិទ្យា តូក្យូ (Tokyo University of Agriculture and Technology) ផងដែរ៕ ខៀវទុំ

RELATED ARTICLES