Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរៀបការរួច ម៉ែចែកមាសឲ្យពាក់ ចាញ់ល្បិចចោរ ដូរយកកាឡៃ

រៀបការរួច ម៉ែចែកមាសឲ្យពាក់ ចាញ់ល្បិចចោរ ដូរយកកាឡៃ

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ ជាកម្មការិនីរោងចក្រកាត់ដេរម្នាក់ ទើបរៀបការប្តីបានជិត១ខែ ម៉ែបានចែកគ្រឿងអលង្ការមាសនិងប្លាទីន ឲ្យពាក់ជាប់ខ្លួន លុះពេលដើរទៅធ្វើការ ត្រូវបានជនសង្ស័យទម្លាក់យោង ប្រើល្បិចដោះយកគ្រឿងអលង្ការ និងទូរស័ព្ទ អស់ពីខ្លួន ជាថ្នូរនឹងខ្សែកកាឡៃ ១ខ្សែ បន្ទាប់មកបាននាំគ្នារត់គេចបាត់អស់ លុះនារីរងគ្រោះដឹងខ្លួនថាចាញ់បោកគេអស់ពីខ្លួន បានស្រែកទ្រហោំយំននៀលដី។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវបេតុង ក្បែរផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោ ធិ៍សែនជ័យ។

នារីរងគ្រោះ មានឈ្មោះបុត្រា ស៊ីវម៉ី អាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ទើបតែរៀបការប្តីបានជិត ១ខែ ប៉ុន្តែបុរសជាប្តី ជាប់ធ្វើការនៅខេត្ត ហើយនាងបានស្នាក់នៅជាមួយម្តាយ ក្នុងបន្ទប់ជួលលេខ២ ភូមិកើត ហេតុខាងលើ និងមានស្រុកកំណើតនៅផ្ទះលេខ៧៦ ផ្លូវលំ ភូមិបឹងព្រោះ ឃុំគ្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ចំពោះគ្រឿងអលង្ការដែលបាត់បង់ រួមមាន ចិញ្ចៀនមាស ២វង់ (ទម្ងន់៤ជី) ខ្សែកប្លាទីន ១ខ្សែ (តម្លៃ២៥០ដុល្លារ) និងទូរស័ព្ទដៃ ១គ្រឿង (តម្លៃ៦០ម៉ឺនរៀល)។

ចំណែកក្រុមចោរទម្លាក់យោង មានគ្នា៤នាក់ ក្នុងនោះប្រុស២នាក់ និងស្រី២នាក់ ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ មិនចាំស្លាកលេខ ចំនួន២គ្រឿង ជាមធ្យោបាយធ្វើសកម្មភាព។

តាមសម្តីរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នាងបានដើរចេញពីផ្ទះជួលទៅធ្វើការរោងចក្រ ដោយបានពាក់គ្រឿងអលង្ការជាប់ខ្លួនផង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក្បែរផ្លូវជាតិលេខ៣ ប្រទះឃើញកាបូបលុយ១ និងថង់មាសពណ៌ក្រហម ១ ដែលជនមិនស្គាល់មុខជ្រុះតាមផ្លូវ។ ខណៈនោះ នាងបានរើសយក ប៉ុន្តែមិនទាន់បានលាតមើលផង ស្រាប់តែលេចមុខជនសង្ស័យ ៤នាក់ ខាងលើទៅដល់ ហើយប្រាប់ថា ពួកគេបានស្គាល់ម្ចាស់កាបូបលុយ និងកញ្ចប់មាសនោះ និងប្រាប់កុំឱ្យនាងមាត់ ចាំចែកគ្នា បន្ទាប់មកក៏បាននាំនាងទៅកាន់ព្រៃអាកាស្យា មួយកន្លែង ស្ថិតនៅក្នុងភូមិក្រាំងដូនទៃ ជាប់ភូមិកប់គងនោះដែរ។

នារីរងគ្រោះ បន្តថា លុះពេលទៅដល់កន្លែងស្ងាត់នោះហើយ ក្រុមចោរបានប្រគល់គ្រឿងអលង្ការ ១ថង់ និងកាបូបលុយដែលនាងរើសបាននោះ ឱ្យនាងទាំងអស់ ហើយពួកគេបានសុំដោះយកគ្រឿងអលង្ការពីខ្លួននាងទាំង អស់ដែរ ដើម្បីកុំឱ្យពិបាកចែកគ្នាយូរ ខ្លាចម្ចាស់គេមកទាន់។ ក្រុមចោរប្រាប់នាងទៀតថា របស់ដែលនាងរើសបាន ច្រើនជាងគ្រឿងអលង្ការដែលនៅជាប់ខ្លួននាងនោះទៀត ទើបនាងបានឱ្យក្រុមចោរដោះយកគ្រឿងអល ង្ការរបស់នាងតាមសម្រួល ដោយពុំបានដឹងថា គ្រឿងអលង្ការ ១ថង់នោះ កាឡៃទេ ហើយក៏ស្មានថា លុយក្នុងកាបូបនោះច្រើនដែរ។

នារីរងគ្រោះរូបនេះ បានបញ្ជាក់ថា ក្រោយពេលដោះយកគ្រឿងអលង្ការពីខ្លួននាងរួចរាល់ហើយ ក្រុមចោរទុកនាងចោល ហើយបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។ បន្ទាប់មកនាងអត់បានទៅធ្វើការរោងចក្រទេ និងបានដើរត្រឡប់ទៅផ្ទះជួលវិញ ហើយក៏បានយកថង់មាស និងកាបូបលុយ ទៅបង្ហាញម្តាយ ប៉ុន្តែក្រោយពេលម្តាយនាង និងអ្នកជិតខាងជួយពិនិត្យមើល ដឹងថាគ្រឿងអលង្ការកាឡៃ និងដឹងថាចាញ់បោកគេ ទើបធ្វើឱ្យនាងរន្ធត់ចិត្តយ៉ាងខ្លាំង និងបានត្រឹមស្រែកយំប៉ុណ្ណោះ។

តាមសម្តីស្ត្រីឈ្មោះវ៉ន សំអូន អាយុ៥០ឆ្នាំ ត្រូវជាម្តាយនារីរងគ្រោះ បានឱ្យដឹងថា ខណៈដែលគាត់កំពុងនៅក្នុងបន្ទប់ជួល ស្រាប់តែឃើញកូនស្រីគាត់កាន់ថង់មាសពណ៌ក្រហម និងកាបូបលុយ១ផង មកបង្ហាញគាត់ និងនិយាយបែបខ្សឹបថា “ខ្ញុំបានមាសធំណាស់ ម៉ែកុំមាត់ ប្រាប់គេ”។ ពេលនោះគាត់សម្លឹងមើលទៅខ្លួនកូនស្រី បាត់គ្រឿងអលង្ការអស់ ហើយមិនឃើញទូរស័ព្ទទៀត ក៏មានការងឿងឆ្ងល់ រួចក៏សួរទៅកូនស្រីវិញថា “បានមាសធំ? ចុះមាសកូនឯង និងទូរស័ព្ទ ទៅណាអស់ហើយ?” នាងក៏ឆ្លើយថា “ដោះដូរជាមួយគេបាត់ហើយ”។

ស្ត្រីជាម្តាយ បន្តថា លុះឮសម្តីកូនបែបនេះ គាត់ដឹងច្បាស់ក្នុងចិត្តថា កូនស្រីច្បាស់ជាចាញ់បោកគេតែម្តង ហើយភ្លាមនោះ គាត់ក៏ប្រញាប់យកកញ្ចប់ទាំងនោះ មកពិនិត្យមើល ក៏ឃើញខ្សែកនៅក្នុងកូនថង់ក្រហមនោះ ជារបស់កាឡៃ ឯក្នុងកាបូប មានលុយតែ១ម៉ឺនរៀលប៉ុណ្ណោះ។ ប៉ុន្តែដោយសារតែមិនអស់ចិត្ត គាត់ក៏ពឹងឱ្យអ្នកជិតខាងជួយពិនិត្យមើលទៀត ទើបដឹងថា ជាកាឡៃពិតមែន ហើយគ្រាន់តែដឹងថា ចាញ់បោកគេភ្លាម កូនស្រីគាត់បានប្រែពីការរំភើបអរ មកជាការតក់ស្លុតវិញ ហើយនាងបានស្រែកយំននៀលដី នៅមុខបន្ទប់ជួលបង្កការភ្ញាក់ផ្អើលទាំងព្រឹកតែម្តង។

ក្រោយពេលទទួលបានដំណឹងនេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ បានចុះទៅធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុភ្លាម ដើម្បីស្វែងរកចាប់ខ្លួនក្រុមចោរទម្លាក់យោង យកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES