Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដុតភ្លើងយកឃ្មុំ ឆេះព្រៃ១០ហិកតារ

ដុតភ្លើងយកឃ្មុំ ឆេះព្រៃ១០ហិកតារ

ខេត្តសៀមរាប ៖ ដីព្រៃជាច្រើនហិកតារ ស្ថិតនៅតំបន់រមណីដ្ឋានកំពង់ភ្លុក បានរងការឆាបឆេះយ៉ាងសន្ធោ សន្ធៅ ដោយមូលហេតុផ្តើមចេញពីមានអ្នកដុតភ្លើងយកឃ្មុំ ធ្វើឱ្យឆេះរាល និងត្រូវបានកម្លាំងសមត្ថកិច្ចមូល ដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ អស់ជាច្រើនម៉ោង (ពេញ១យប់) ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចត្រពាំងហ៊ីងយំ នៅខាងជើង ភូមិត្នោតកំបុត ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ស្របតាមផ្លូវទៅឃុំមានជ័យ ស្រុកប្រាសាទបាគង ដែលមានចម្ងាយពីអធិការដ្ឋាននគរបាលស្រុក ប្រមាណ១៤គីឡូម៉ែត្រ។

លោកឧត្តមសេនីយ៍ត្រី ឌុត ខុន ស្នងការរងទទួលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់នៅព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៤ ថា ករណីភ្លើងឆេះនៅចំណុចត្រពាំង ហ៊ីងយំ ស្ថិតនៅខាងជើង ភូមិត្នោតកំបុត ឃុំកំពង់ភ្លុក ស្របតាមផ្លូវទៅឃុំមានជ័យ ចម្ងាយពីអធិការដ្ឋាន ១៤ គីឡូម៉ែត្រ ចុះពីផ្លូវកំពង់ភ្លុក១០០ម៉ែត្រពីភូមិ បណ្តាលឱ្យរងការខូចខាត រួមមាន ឆេះព្រៃប្រហែល ១០ហិកតារ និងឆេះក្រោយផ្ទះប្រជាពលរដ្ឋ អស់មួយចំនួន។

លោកស្នងការរង បានបន្ថែមថា ករណីភ្លើងឆេះព្រៃខាងលើនេះ កម្លាំងនគរបាលចម្រុះ ឱ្យស្នងការដ្ឋាននគរ បាលខេត្តសៀមរាប បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៤គ្រឿង រួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន៣គ្រឿង ប្រើប្រាស់ទឹក អស់១រថយន្ត។ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានស្រុកប្រាសាទបាគង ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១រថយន្ត។ គ្រឿងចក្រអាអិចហ្ការ ចំនួន២គ្រឿង និងត្រាក់ទ័រចំនួន១គ្រឿង។ ព្រមទាំងប្រើប្រាស់កម្លាំងសរុប៤៧៥នាក់ ក្នុងនោះកម្លាំងស្នងការនគរបាលខេត្តសរុប ៩នាក់ កម្លាំងអធិការនគរបាលស្រក សរុប១៧នាក់។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសរុប ៦នាក់ (ស្រី១នាក់) ។ កម្លាំងប្រជាការពារសរុបចំនួន៣០នាក់ និងកម្លាំងសហគមន៍នេសាទ ចំនួន១៣នាក់។ ព្រមទាំងគណៈបញ្ជាការឯកភាពឃុំ និងប្រជាពលរដ្ឋចូលរួមសរុប៤០០នាក់ ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹក និងម៉ូទ័របូមទឹក រួមទាំងឧបករណ៍ពន្លត់ភ្លើងព្រៃ របស់សហគមន៍នេសាទ ទៀតផងដែរ។ ចំពោះមូលហេតុ គឺដោយសារមានប្រជាពលរដ្ឋ រកឃ្មុំ មិនបានប្រយ័ត្ន បណ្តាលឱ្យឆេះតែម្តង។

យ៉ាងណា ហេតុការណ៍ភ្លើងឆេះព្រៃ នៅតំបន់កំពង់ភ្លុក ក្នុងស្រុកប្រាសាទបាគង ខាងលើ ត្រូវបានសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង (រលត់ជាស្ថាពរ) នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤៕

RELATED ARTICLES