Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបិទពេទ្យឯកជន ២កន្លែង ប្រើថ្នាំអត់ច្បាប់ គ្រូពេទ្យគ្មានវិជ្ជាជីវៈ

បិទពេទ្យឯកជន ២កន្លែង ប្រើថ្នាំអត់ច្បាប់ គ្រូពេទ្យគ្មានវិជ្ជាជីវៈ

ខេត្តស្វាយរៀង ៖ ក្រសួងសុខាភិបាល បានប្រកាសបិទទីតាំងផ្តល់សេវាពិគ្រោះព្យាបាលជំងឺទូទៅ ២កន្លែង ដែលបានផ្តល់សេវាហួសវិសាលភាពដែលអាជ្ញាធរកំណត់ និងលួចប្រើប្រាស់ឱសថគ្មានចុះបញ្ជិកាពីក្រសួង សុខាភិបាល ព្រមទាំងប្រើប្រាស់បុគ្គលិកបម្រើការ គ្មានអាជ្ញាប័ណ្ណគណៈវិជ្ជាជីវៈ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១២ មិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់លោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង ទទួលបន្ទុកសុខាភិបាល រួមជាមួយក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តស្វាយរៀង សហការជាមួយជំនាញពាក់ព័ន្ធ បានចុះពិនិត្យនិងបិទទីតាំងផ្តល់សេវាពិគ្រោះព្យាបាលជំងឺទូទៅ ចំនួន២កន្លែង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ពេទ្យឯកជនដែលត្រូវបិទទាំងពីរនោះ ទី១-បន្ទប់ពិគ្រោះព្យាបាលជំងឺស៊ីហឺ របស់លោកវេជ្ជបណ្ឌិត ឡី វិបុល និងទី២-បន្ទប់ពិគ្រោះព្យាបាលជំងឺ សាន់ សាញ របស់លោកគ្រូពេទ្យ នួន រិទ្ធី។ ក្រសួងបានបន្ថែមថា ចំពោះមូលហេតុនៃការបិទទីតាំងទាំងនោះ គឺដោយមូលហេតុប្រើប្រាស់បុគ្គលិកពុំមានអាជ្ញាប័ណ្ណគណៈវិជ្ជាជីវៈត្រឹមត្រូវ ប្រើប្រាស់ឱសថដោយគ្មានចុះបញ្ជិកា និងអនុវត្តផ្ទុយពីលិខិតអនុញ្ញាតប្រកបអាជីវកម្ម-សេវាកម្ម-សុខាភិ បាល ដែលចេញដោយរដ្ឋបាលក្រុងបាវិត។

គួរបញ្ជាក់ថា ទន្ទឹមនឹងការបិទទីតាំងទាំងពីរនោះ ក្រសួងសុខាភិបាល បានប្រកាសហាមឃាត់ លោកគ្រូពេទ្យ នួន រិទ្ធី និងលោកវេជ្ជបណ្ឌិត ឡី វិបុល មិនឱ្យធ្វើសកម្មភាពផ្តល់សេវា ចាប់ពីពេលនេះតទៅ រហូតដល់មានការអនុញ្ញាតជាថ្មី ។ ករណីនៅតែបន្តសកម្មភាព ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕

RELATED ARTICLES