Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លៀងខ្យល់កន្ត្រាក់ ខូចខាតផ្ទះជាង២០០ខ្នង

ភ្លៀងខ្យល់កន្ត្រាក់ ខូចខាតផ្ទះជាង២០០ខ្នង

ខេត្តកំពត ៖ គ្រោះធម្មជាតិ ភ្លៀងលាយខ្យល់កន្ត្រាក់ បានបក់បោកយ៉ាងខ្លាំង និងបានប្រហារមកលើឃុំ ចំនួន៣ នៃស្រុកទឹកឈូ ខេត្តកំពត បណ្តាលឱ្យលំនៅឋានប្រជាពលរដ្ឋ សរុបជាង២០០ខ្នង បានរងការខូចខាត បាក់រលំ ប៉ើងរបើកដំបូល។

បាតុភូតគ្រោះធម្មជាតិនេះ បានកើតឡើង កាលពីវេលាម៉ោង១សៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចឃុំចំនួន៣ រួមមាន ឃុំកណ្តោល ឃុំត្រពាំងព្រីង និងឃុំកូនសត្វ ស្រុកទឹកឈូ។

លោកអ៊ឹម ចាន់សុធុន អភិបាលស្រុកទឹកឈូ បានបញ្ជាក់ប្រាប់ថា នៅវេលាម៉ោង ១រសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ មានករណីខ្យល់កន្ត្រាក់ បានបោកបក់យ៉ាងខ្លាំងមកលើឃុំចំនួន៣ ក្នុងស្រុកទឹកឈូ។ ឃុំទាំងបី ដែលត្រូវគ្រោះធម្មជាតិវាយប្រហារដោយខ្យល់កន្ត្រាក់នោះ រួមមាន ទី១-ឃុំកណ្តោល ទី២-ឃុំត្រពាំងព្រីង និងទី៣-ឃុំកូនសត្វ។

លោកអភិបាលស្រុកទឹកឈូ បានបន្តថា ឃុំទាំង៣ ដែលរងការខូចខាតលំនៅឋានពលរដ្ឋច្រើនជាងគេ គឺ ទី១-ឃុំកណ្តោល រងការ ប៉ះពាល់លំនៅឋាន ចំនួន៣ភូមិ ស្មើនឹង ១៩៦ខ្នងផ្ទះ ក្នុងនោះ មាន ភូមិអន្លង់គគីរ ខូចខាត៦៦ខ្នងផ្ទះ រលំទាំងស្រុង២ខ្នង ខូចខាតមធ្យម ៥០ខ្នង ខូចខាតតិចតួច ១៤ខ្នង។ ភូមិមានរិទ្ធ ខូចខាតផ្ទះ ៧៩ខ្នង ក្នុងនោះប៉ើងដំបូលទាំងស្រុង ៣ខ្នង ខូចខាតមធ្យម ៦ខ្នង ខូចខាតតិចតួច ៧០ខ្នង និងភូមិទឹកក្រហម ខូចខាតផ្ទះ២៤ខ្នង ខូចខាតមធ្យម​ ១០ខ្នង ខូចខាតតិចតួច ១៤ខ្នង។ ក្នុងហេតុការខាងលើ បានបណ្តាលឱ្យមនុស្សរងរបួស​ ២នាក់ផងដែរ។ ទី២-ឃុំត្រពាំងព្រីង ប៉ះពាល់ផ្ទះចំនួន ៥ខ្នង នៅចំណុចភូមិអង្គ រងការខូចខាតកម្រិត​មធ្យម។ ទី៣-ឃុំកូនសត្វ រងការប៉ះពាល់ ចំនួន២២ខ្នងផ្ទះ នៅចំណុចភូមិបុស្សញិញ ក្នុងនោះរលំទាំងស្រុង ២ខ្នង និងខូចខាតមធ្យម ២០ខ្នង៕

RELATED ARTICLES