Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទុស្សេខ្សែភ្លើង ឆេះបន្ទប់អាសនៈហ្មត់

ទុស្សេខ្សែភ្លើង ឆេះបន្ទប់អាសនៈហ្មត់

ភ្នំពេញ ៖ ផ្ទះល្វែងមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យរងការខូចខាតបន្ទប់អាសនៈទាំងស្រុង បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យចេញ អន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេល ដោយមិនបង្កឱ្យរាលដាលដល់ លំនៅឋានប្រជាពលរដ្ឋក្បែរខាងឡើយ។

 ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៤៥នាទីរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅចំណុច ផ្ទះលេខ 74A ផ្លូវ២១០ ក្រុមុ១៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុង ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រគូប។

ប្រភេទសំណង់ខាងលើនេះ គឺថ្មបេតុង ទំហំ៤ម៉ែត្រ គុណនឹង ១៦ម៉ែត្រ ឆេះខូចខាតបន្ទប់អាសនៈ ជាន់ទី២ ទំហំ ៤ម៉ែត្រ គុណនឹង ៤ម៉ែត្រ (អស់ទាំងស្រុង) តែពុំបណ្តាលឱ្យឆេះរាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការបាញ់ឱ្យរលត់ទៅវិញ នៅវេលាម៉ោង ៥និង២៥នាទីល្ងាចថ្ងៃដដែល។

ហេតុការណ៍អគ្គិភ័យនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ តែយ៉ាងណា មិនបានបណ្តាលឱ្យអ្នកណាម្នាក់រងរបួសនោះឡើយ៕

RELATED ARTICLES