អ៊ុយក្រែន ៖ មេដឹកនាំអ៊ុយក្រែន ប្រកាសត្រៀមចាប់ផ្តើមការចរចាសន្តិភាពជាមួយរុស្ស៊ី បើរុស្ស៊ី ដកទ័ពចេញពីអ៊ុយក្រែន ប៉ុន្តែគេជឿថា វាប្រហែលជាមិនកើតឡើងទេ ហើយពួកគេត្រូវតែប្រើគ្រប់មធ្យោបាយ ដើម្បីបញ្ឈប់លោកប្រធានាធិបតីរុស្ស៉ី វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ពីការបន្តសង្គ្រាមឈ្លានពានអ៊ុយក្រែន។

ទីភ្នាក់ងារព័ត៌មានបរទេស bbc បានរាយការណ៍នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ថា លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងបន្ទាប់ពីបិទកិច្ចប្រជុំកំពូលសន្តិភាព ក្នុងប្រទេសស្វីស នៅថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤ ថា ទីក្រុងគៀវ បានត្រៀមរៀបចំការចរចាសន្តិភាពជា មួយរុស្ស៊ី បើក្រុងម៉ូស្គូ ដកទ័ពទាំងអស់ចេញពីទឹកដីអ៊ុយក្រែន។ ប៉ុន្តែលោកហ្សេឡេនស្គី ជឿថាប្រធានាធិបតីរុស្ស៊ី លោក នឹងមិនបញ្ចប់សង្គ្រាមទេ ហើយលោកត្រូវតែបញ្ឈប់សង្គ្រាមនេះ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។

លោកហ្សេឡេនស្គី បានបញ្ជាក់សង្កត់ធ្ងន់ថា «អ្វីក៏ដោយដែលយើងមាន ដោយមធ្យោបាយយោធា ឬការទូត ឬលើសពីនេះ ដើម្បីបញ្ឈប់លោកពូទីន»។
លោកហ្សេឡេនស្គី បន្ថែមថា ជំនួយលោកខាងលិច ពេលនេះមិនគ្រប់គ្រាន់ដើម្បីជួយអ៊ុយក្រែន ឱ្យឈ្នះសង្រ្គាមនោះទេ ប៉ុន្តែជំនួបពេលនេះ បង្ហាញថា ការគាំទ្រពីអន្តរជាតិ មិនចុះខ្សោយទេ។
តំណាងមកពីជាង ៩០ប្រទេស និងអង្គការអន្តរជាតិ បានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលសន្តិភាព នៅប្រទេសស្វីស ដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ មុន។ គោលដៅរបស់វា គឺដើម្បីបង្កើនការគាំទ្រសម្រាប់ដំណើរការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
ទោះយ៉ាងណា សមភាគីផ្ទាល់ គឺរុស្ស៊ី មិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍នេះទេ។ ទន្ទឹមនឹងនេះ ចិន ដែលជាអ្នកគាំទ្រសំខាន់របស់រុស្ស៊ី មិនបានចូលរួមទេ នេះធ្វើឱ្យមានការងឿងឆ្ងល់ថា តើកិច្ចប្រជុំនេះ នឹងមានប្រសិទ្ធភាពយ៉ាងណា?

ប្រទេសជាច្រើន បានចូលរួមសន្និសីទនេះ រួមមាន ប្រទេសឥណ្ឌា អាហ្វ្រិកខាងត្បូង និងអារ៉ាប៊ីសាអ៊ូឌីត។ បរាជ័យក្នុងការចុះហត្ថលេខាលើកំណត់ហេតុពេញលេញនៃកិច្ចប្រជុំ បានបន្ទោសរុស្ស៊ី ចំពោះការបំផ្លិចបំផ្លាញ និងការរងទុក្ខរបស់ប្រជាណអ៊ុយក្រែន។ របាយការណ៍ខាងលើ បានអំពាវនាវឲ្យរុស្ស៉ី បញ្ឈប់ការគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសឆៀ (Zaporishchia) ដោយប្រគល់ទៅប្រទេសអ៊ុយក្រែន វិញ ដោយស្នើសុំឱ្យមានការដោះដូរអ្នកទោសទាំងអស់ និងការបញ្ជូនកុមារអ៊ុយក្រែន ត្រឡប់ទៅប្រទេសរុស្ស៊ី វិញ។ ប៉ុន្តែជាឧទាហរណ៍ បញ្ហាចម្រូងចម្រាសបំផុតគឺស្ថានភាពនៃទឹកដីអ៊ុយក្រែន ដែលកាន់កាប់ដោយរុស្ស៊ី មិនទាន់មានការសន្និដ្ឋានច្បាស់លាស់នៅឡើយទេ។

ក្នុងការឆ្លើយសំណួររបស់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំកំពូល លោកហ្សេឡេនស្កី បានថ្លែងអំណរគុណដល់មេដឹកនាំពិភពលោក ដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះ ហើយលោកកោតសរសើរដែលមេដឹកនាំបណ្តាប្រទេសទាំងនោះបានបង្ហាញថា ពួកគេមិនត្រូវបានគ្រប់គ្រងដោយភាគីណាមួយ ក្នុងការមកចូលរួមព្រឹត្តិការណ៍នេះ ទោះបីជាមានសម្ពាធពីរុស្ស៊ី ក៏ដោយ។

លោកហ្សេឡេនស្គី បានសង្កត់ធ្ងន់ថា «ចិន មិនមែនជាសត្រូវរបស់អ៊ុយក្រែន ទេ យើងគោរពប្រទេសចិន និងបូរណភាពទឹកដីរបស់ពួកគេ។ យើងចង់ឲ្យចិន ធ្វើដូចគ្នាសម្រាប់យើង»៕ ខៀវទុំ