Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះផ្ទះ១ខ្នង អស់មាស៥ជី លុយ៧០០ដុល្លារ

ភ្លើងឆេះផ្ទះ១ខ្នង អស់មាស៥ជី លុយ៧០០ដុល្លារ

ខេត្តស្វាយរៀង ៖ លំនៅឋានរបស់ពលរដ្ឋ ១ខ្នង ត្រូវបានភ្លើងឆាបឆេះរងខូចខាតទាំងស្រុង រួមទាំងទ្រព្យសម្បត្តិ មាសប្រាក់គ្មានសល់ ដោយសារមូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៣៥នាទីព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិត្រពាំងរុន ឃុំព្រះពន្លា ស្រុកកំពង់រោទ៍។

ផ្ទះដែលទទួលរងការឆាបឆេះ សង់ពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី មានទំហំ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ ត្រូវបានឆេះរងខូចខាត ទាំងស្រុង រួមទាំងទ្រព្យសម្បត្តិ រួមមាន មាស៥ជី លុយ៧០០ដុល្លារ លុយ៥ម៉ឺនរៀល ខោអាវ ម៉ូតូហុងដា ឌ្រីម សេ១២៥ ចំនួន១គ្រឿង ឯកសារផ្សេងៗ និងសម្ភារៈមួយចំនួនទៀត។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនកើតហេតុ ដោយសារម្ចាស់រវល់តែនៅខាងមុខផ្ទះលេង ស្រាប់តែទុស្សេខ្សែភ្លើងដែលតចូលផ្ទះ ធ្វើឱ្យឆាបឆេះចូលដល់ក្នុងផ្ទះយ៉ាងសន្ធោសន្ធៅ រកតែម្ចាស់ផ្ទះរើជញ្ជូនយកទ្រព្យ សម្បត្តិចេញមិនទាន់ផង។

បន្ទាប់ពីកើតមានហេតុការណ៍ខាងលើភ្លាមៗ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ និងទាក់ទងទៅខាងជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ចុះមកជួយបាញ់ទឹកពន្លត់ភ្លើង ការពារឆេះរាលដល់លំនៅឋានប្រជាពលរដ្ឋផ្សេងទៀត។

យ៉ាងណាក្តី នៅក្នុងហេតុការណ៍នេះ មិនបង្កមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ៕

RELATED ARTICLES