Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ឡាន១គ្រឿង ដឹកសាច់បង្កកគីមីជាង១តោន

ចាប់ឡាន១គ្រឿង ដឹកសាច់បង្កកគីមីជាង១តោន

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចចម្រុះ មកពីនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីសាខាគយ បានចុះចាប់រថយន្ត ១គ្រឿង បង្កប់សាច់បង្កកចម្រុះ ដែលមានសារធាតុគីមី ជាង១តោន។

ការបង្ក្រាបសាច់បង្កកខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក្នុងចំណុចសាលាក្រហម ស្ថិតនៅភូមិសុរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ។

តាមការអះអាងពីមន្ត្រីចម្រុះ បានឱ្យដឹងថា ផលិតផលទាំងអស់នេះ ត្រូវបានឈ្មួញដឹកចេញពីប្រទេសថៃ លួចដឹកចូលមកប្រទេសកម្ពុជា តាមច្រកតាមច្រករបៀង ពុំមានឯកសារយោង និងលិខិតអនុញាតពីជំនាញផលិតកម្ម និងបសុព្យាបាល និងជំនាញជលផលនៃក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទ ។ ផលិតផលទាំងនោះ ភាគច្រើនបានខូចគុណភាពអស់ហើយ ព្រោះតែរក្សាទុកក្នុងសីតុណ្ហភាព ការវេចខ្ចប់មិនសមស្រប និងមាន រយៈពេលច្រើនថ្ងៃទៀតផង។

សមត្ថកិច្ចដែលចុះបង្ក្រាបដោយផ្ទាល់ បានបន្ថែមថា ម្ចាស់រថយន្តដែលទទួលដឹកទំនិញ ក៏គ្មានការអនុញ្ញាតច្បាប់អ្វីដែរ ហើយក្នុងការបង្ក្រាបនោះ សមត្ថកិច្ចចម្រុះ បានដកហូតផលិតផលសាច់បង្កកដែលមានសារធាតុគីមី ចំនួន ១២៥៤គីឡូក្រាម ក្នុងនោះជើងមាន់បង្កក ៨កេស មានទម្ងន់ ៥៦០គីឡូក្រាម កោះមាន់បង្កក ៨កេស មានទម្ងន់ ៦២៤គីឡូក្រាម ខួរគោបង្កក ១កេស មានទម្ងន់ ៥៦គីឡូក្រាម និងពោះវៀនជ្រូក ១កេស ទម្ងន់៧០គីឡូក្រាម។

ផលិតផលខាងលើ ត្រូវបានសមត្ថកិច្ចចម្រុះធ្វើកំណត់ហេតុដកហូត រួចស្នើសុំគោលការណ៍នីតិវិធីពីលោកព្រះ រាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីយកទៅកម្ទេចចោល តាមវិធានបសុពេទ្យ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤៕

RELATED ARTICLES