Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បើកឡានសុខៗ ភ្លើងឆេះខ្ទេច

 បើកឡានសុខៗ ភ្លើងឆេះខ្ទេច

ខេត្តបាត់ដំបង ៖ បុរសម្នាក់ បើករថយន្តតូយ៉ូតា កាមរីស៊េរីចាស់ ១គ្រឿង ធ្វើដំណើរមកដល់ត្រង់ចំណុចព្រៃស្ងាត់ ស្រាប់តែកើតមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធៅសន្ធៅ បណ្តាលឱ្យខូចខាតរថយន្តអស់ទាំងស្រុង សល់តែគ្រោងឆ្អឹងដែកប៉ុណ្ណោះ។

ហេតុការណ៍ភ្លើងឆេះរថយន្តនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅលើដងផ្លូវ ត្រង់ចំណុចព្រៃស្ងាត់មួយកន្លែង ម្តុំអូរខ្មោច ស្ថិតក្នុងអូរច្រាប ឃុំសំឡូត ស្រុកសំឡូត។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា រថយន្តដែលរងការឆាបឆេះ ម៉ាកតូយ៉ូតា កាមរី ពណ៌ស្លែ ស៊េរីឆ្នាំ១៩៩៥ មានម្ចាស់ឈ្មោះសំរិទ្ធ ម៉ៅ ភេទប្រុស អាយុ៦៥ឆ្នាំ មានលំនៅ ភូមិឆករកា ឃុំសំឡូត។

ប្រភពដដែល បន្តថា សមត្ថកិច្ចពុំទាន់ទទួលបានព័ត៌មានជាក់លាក់ពីម្ចាស់រថយន្តនៅឡើយទេ អំពីមូលហេតុដែលបណ្តាលឱ្យអគ្គិភ័យឆេះរថយន្តនេះ។ ប៉ុន្តែបើតាមព័ត៌មានបឋមបានឱ្យដឹងថា អគ្គិភ័យដែលលេបត្របាក់រថយន្តនោះ ទំនងអាចបណ្តាលមកពីការឆ្លងចរន្តភ្លើង ពេលកំពុងបើកបរ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅពេលដែលភ្លើងកំពុងឆាបឆេះរថយន្តខាងលើ ពុំមានអ្នកជួយអន្តរាគមន៍ពន្លត់ភ្លើងបានទាន់ពេលនោះទេ ដោយសារតែទីតាំងកើតហេតុ ជាតំបន់ព្រៃស្ងាត់ ចំណែកជនរងគ្រោះបើកបររថយន្តតែម្នាក់ឯង ហេតុនេះមានតែព្យាយាមពន្លត់ភ្លើងតែម្នាក់ឯង ទើបចុងក្រោយ ភ្លើងបានឆាបឆេះបំផ្លាញរថយន្តអស់ទាំងស្រុងតែម្តង។

ជុំវិញករណីអគ្គិភ័យឆេះរថយន្តខាងលើនេះ ពុំបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ទេ គឺខូចខាតតែរថយន្ត ១គ្រឿង ដោយត្រូវភ្លើងឆេះខ្ទេច សល់តែគ្រោងឆ្អឹងដែកប៉ុណ្ណោះ៕

RELATED ARTICLES