Sunday, September 8, 2024
Homeព័ត៌មានអន្តរជាតិសហរដ្ឋអាមេរិក ផ្តល់ជំនួយថ្មី ១,៥ពាន់លានដុល្លារអាមេរិក ដល់អ៊ុយក្រែន

សហរដ្ឋអាមេរិក ផ្តល់ជំនួយថ្មី ១,៥ពាន់លានដុល្លារអាមេរិក ដល់អ៊ុយក្រែន

អ៊ុយក្រែន ៖ សហរដ្ឋអាមេរិក បានប្រកាសពីគម្រោងផ្តល់ជំនួយថ្មី សរុបចំនួន ១,៥ពាន់លានដុល្លារអាមេរិក ដល់អ៊ុយក្រែន នៅឯសន្និសីទសន្តិភាព នៅប្រទេសស្វីស កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។

ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ថា លោកស្រី កាមេឡា ហាររីស (Kamala Harris) អនុប្រ ធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសផែនការផ្តល់ជំនួយបន្ថែមដល់អ៊ុយក្រែន សរុបជាង ១,៥ពាន់លានដុល្លារ សម្រាប់ជួយក្នុងវិស័យថាមពល និងស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែន ដែលបានធ្វើសង្រ្គាមជាមួយរុស្ស៊ី អស់រយៈពេល ២៧ខែ កន្លងទៅ។

លោកស្រីហាររីស  បានប្រកាសផែនការនៅក្នុងកិច្ចប្រជុំកំពូលសន្តិភាព នៅទីក្រុងលូសឺន (Lucerne) ប្រទេសស្វីស ជាកន្លែងដែលលោកស្រីបានជំនួសតំណែងប្រធានាធិបតី ចូ បៃដិន (Joe Biden) ដែលកំពុងបំពេញបេសកកម្មចូលរួមកិច្ចប្រជុំ G7 ដែលជាកន្លែងដែលលោកស្រីក៏បានជួបជាមួយប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) នៃប្រទេសអ៊ុយក្រែន ផងដែរ។

តាមការបង្ហាញរបស់ការិយាល័យអនុប្រធានាធិបតីសហរដ្ឋអាមេរិក ជំនួយនេះ រួមមាន ៥០០លានដុល្លារ ដើម្បីជួយដល់វិស័យថាមពល ហើយការផ្លាស់ប្តូរពីមុនដែលបានប្រកាសថា ៣២៤លានដុល្លារ ដើម្បីជួយជួសជុលហេដ្ឋារចនាសម្ព័ន្ធថាមពលសង្គ្រោះបន្ទាន់ និងសម្ភារៈសំខាន់ៗផ្សេងទៀតនៅអ៊ុយក្រែន។ ក្រៅពីនេះ ក៏មានថវិកាបន្ថែមចំនួន ៣៧៩លានដុល្លារអាមេរិក សម្រាប់ជំនួយមនុស្សធម៌ផងដែរ ដើម្បីជួយជនភៀសខ្លួន និងមនុស្សរាប់លាននាក់ដែលរងផលប៉ះពាល់ដោយសង្គ្រាមនៅអ៊ុយក្រែន រួមទាំងការផ្តល់អាហារ សេវាសុខភាព កន្លែងស្នាក់នៅបណ្តោះអាសន្ន ទឹកស្អាត និងអនាម័យ។

ទោះបីជាលោកចូ បៃដិន មិនចូលរួមសន្និសីទសន្តិភាពនៅប្រទេសស្វីស ក៏ដោយ ប៉ុន្តែលោក និងលោកហ្សេឡេនស្គី បានជួបគ្នាមុននេះនៅក្នុងកិច្ចប្រជុំកំពូល G7 ។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី ហើយក្រៅពីនោះ ពួកគេក៏បានជួបគ្នានៅប្រទេសបារាំង ក្នុងព្រឹត្តិការណ៍ប្រារព្ធខួបលើកទី៨០ នៃការចុះចតក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។

សម្រាប់សន្និសីទសន្តិភាព កាលពីសប្តាហ៍មុន ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ជែក ស៊ុលលីវ៉ាន (Jake Sullivan) បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ក្នុងនាមជាតំណាងមកពីសហរដ្ឋអាមេរិក មានគម្រោងជួយបង្កើតក្រុមដើម្បីនាំកុមារអ៊ុយក្រែន ដែលត្រូវបានគេយកទៅប្រទេសរុស្ស៊ី ត្រឡប់ទៅប្រទេសកំណើតវិញ និងជួយដល់សន្តិសុខថាមពល៕

RELATED ARTICLES