Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមន្ត្រីជាប់កិច្ចសន្យា ស្ទាក់ឃាត់រ៉ឺម៉ក ស្នងការកោះហៅបំភ្លឺ

មន្ត្រីជាប់កិច្ចសន្យា ស្ទាក់ឃាត់រ៉ឺម៉ក ស្នងការកោះហៅបំភ្លឺ

ភ្នំពេញ ៖ ក្រោយពីមានការបង្ហោះផ្សព្វផ្សាយព័ត៌មាន និងវីឌដេអូមន្ត្រីជាប់កិច្ចសន្យា ស្ទាក់ហៅម៉ូតូរ៉ឺម៉កដឹកម៉ូតូ នៅគោលដៅគល់ស្ពានអាកាសស្ទឹងមានជ័យ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺ ដោយបញ្ជាក់ថា បន្ទាប់ពីកើតមានបាតុភាពខាងលើ លោកនាយការិយា ល័យនគរបាលចរាចរណ៍ផ្លូវគោក កោះហៅមន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីនគរបាលចរាចរណ៍ សរុប៤នាក់ ឈរជើងគោលដៅខាងលើ ឱ្យចូលមកបំភ្លឺភ្លាមៗ។

យោងសេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៩និង៤០នាទីព្រឹក នៅគោលដៅក្រោមគល់ស្ពានអាកាស ស្ទឹងមានជ័យ មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយមន្ត្រីជាប់កិច្ចសន្យា បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ហើយក៏មានការថតវីដេអូសកម្មភាពមន្ត្រីកិច្ចសន្យា បានស្ទាក់ហៅម៉ូតូរ៉ឺម៉ក ១គ្រឿង ដឹកម៉ូតូចំនួន៥គ្រឿង នៅលើរ៉ឺម៉ក និងមានការបង្ហោះ ស៊ែរចែកចាយតគ្នានៅលើបណ្តាញសង្គម និងសរសេរខ្លឹមសារថា “តើមន្ត្រីជាប់កិច្ចសន្យា មានសិទ្ធិឃាត់យានយន្តប្រជាពលរដ្ឋបានដែរឬទេ?”។

ក្រោយមានការបង្ហោះតាមបណ្តាញព័ត៌មានសង្គមនោះភ្លាម លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កោះហៅមន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីនគរបាល ចរាចរណ៍ សរុប៤នាក់ ឈរជើងគោលដៅខាងលើ ឱ្យចូលមកបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។

មន្ត្រីទាំងនេះបានបំភ្លឺឱ្យដឹងថា ម៉ូតូរ៉ឺម៉កបានដឹកសំពីងសំពោង និងគ្មានបំពាក់ស្លាកលេខត្រឹមត្រូវតាមគោល ការណ៍ច្បាប់ និងបង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ និងល្មើសការហាមឃាត់ ដោយមិនអនុ ញ្ញាតឱ្យម៉ូតូរ៉ឺម៉កដឹកសំពីងសំពោងចូលក្នុងក្រុង ខុសពេលវេលា នោះទេ។ ខណៈដែលម៉ូតូរ៉ឺម៉កនោះ ធ្វើដំណើរឆ្លងកាត់នៅគោលដៅខាងលើ មន្ត្រីនគរបាលចរាចរណ៍ឈរនៅខាងមុខ បានហៅឱ្យម៉ូតូរ៉ឺម៉កនោះឈប់ ប៉ុន្តែអ្នកបើកម៉ូតូរ៉ឺម៉កបើកបរក្នុងស្ថានភាពលឿន និងបានជ្រុលមកដល់ចំណុចឈរជើងមន្ត្រីជាប់កិច្ចសន្យា ទើបមន្ត្រីកិច្ចសន្យាហៅឱ្យឈប់ ហើយមន្ត្រីនគរបាលចរាចរណ៍ បានធ្វើការអប់រំណែនាំគាត់។ បន្ទាប់មកបានអនុ ញ្ញាតឱ្យគាត់បន្តដំណើរទៅមុខ ដោយមិនបានផាកពិន័យអ្នកបើកម៉ូតូរ៉ឺម៉កនោះទេ។

គួរបញ្ជាក់ថា កាលពីកន្លងទៅនេះលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់អំពីតួនាទីភារកិច្ចរបស់មន្ត្រីជាប់កិច្ចសន្យារួចមកហើយ ៖ ទី១-គាត់មានសិទ្ធិស្លៀកពាក់ឯកសណ្ឋានមន្ត្រីជាប់កិច្ចសន្យា សហការជាមួយមន្ត្រីនគរបាលចរាចរណ៍ សម្រួលដោះស្រាយការកកស្ទះចរាចរណ៍។ ទី២-គាត់គ្មានសិទ្ធិពាក់ ឯកសណ្ឋានមន្ត្រីនគរបាលចរាចរណ៍ និងប្រើប្រាស់អាវុធជាតិផ្ទុះនោះទេ។ ទី៣-គ្មានសិទ្ធិអង្គុយសរសេរវិក័យប័ត្រផាកពិន័យ ចំពោះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោក។ ទី៤-គ្មានសិទ្ធិបង្កើតក្រុមរបស់ពួកគាត់ទៅលួចឈរជើងគោលដៅណាមួយ ដោយគ្មានការដឹកនាំបញ្ជាពីមន្ត្រីនគរបាលចរាចរណ៍។ ទី៥-គាត់ជាជំនួយការរបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំដោយមន្ត្រី និងទី៦-គាត់មានសិទ្ធិចាប់ឃាត់រាល់បទល្មើសជាក់ស្តែងនៅលើដងផ្លូវ រួមទាំងបទល្មើសព្រហ្មទណ្ឌផងដែរ។

សូមបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅតែបន្តពង្រឹងវិន័យចំពោះមន្ត្រីជាប់កិច្ចសន្យានិងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ចុះបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បើក្នុងករណីធ្វើសកម្មភាពល្មើសវិន័យកងកម្លាំងនគរបាលជាតិ អនុវត្តផ្ទុយពីបទបញ្ជាថ្នាក់លើ និងអនុវត្តខុសគោលការណ៍ច្បាប់ បង្កប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋ នឹងត្រូវយកមកដាក់ពិន័យទៅតាមទោសកំហុសដែលបានប្រព្រឹត្ត៕

RELATED ARTICLES