Wednesday, December 11, 2024
Homeកីឡាជាតិ ក្រុមគ្រួសារអេ ភូថង រងការពិន័យ ដឹងកំហុស ជួបសុំទោសអាជ្ញាកណ្តាល

 ក្រុមគ្រួសារអេ ភូថង រងការពិន័យ ដឹងកំហុស ជួបសុំទោសអាជ្ញាកណ្តាល

ភ្នំពេញ ៖ ក្រោយពីត្រូវសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រេចដាក់ពិន័យលោកអេ ភូថង និងភរិយា លោកស្រី សាំង សុម៉ាលី ព្រមទាំងកូនស្រី អេ យ៉ានុត ចំនួន៦ខែ មិនអនុញ្ញាតឱ្យចូលរួមការប្រកួតគុនខ្មែរ ដែលរៀប ចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរមក នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក្រុមគ្រួសារលោកអេ ភូថង បានដឹងកំហុស បានជួបប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ធ្វើការសុំទោសផ្ទាល់ចំពោះលោកអាជ្ញាកណ្តាល ជ្រា សុភាព និងលោកខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ តែម្តង។

គួរបញ្ជាក់ថា លោកអេ ភូថង គ្រូបង្វឹកកីឡាប្រដាល់គុនខ្មែរ អ្នកស្រី សាំង សុម៉ាលី មន្ត្រីបច្ចេកទេសរបស់សហ ព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមជាមួយកីឡាការិនីគុនខ្មែរ អេ យ៉ានុត ត្រូវបានលោកខូវ ឆាយ ប្រធានសហព័ន្ធគុនខ្មែរ សម្រេចដាក់វិន័យ មិនឱ្យពាក់ព័ន្ធក្នុងសកម្មភាពគុនខ្មែរ ដែលរៀបចំដោយសហព័ន្ធ រយៈពេល ៦ខែ។

អ្នកស្រី សាំង សុម៉ាលី ភរិយាលោកអេ ភូថង បានរៀបរាប់នៅចំពោះមុខថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនគុនខ្មែរ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ថា “ខ្ញុំមកថ្ងៃនេះ គឺខ្ញុំផ្តោតខ្លាំងជាងគេ គឺខ្ញុំសុំទោសលោកប្រធានសហព័ន្ធ ដែលខ្ញុំធ្វើឡើង ខ្ញុំដឹងថាខ្ញុំខុសខ្លាំង ព្រោះអីខ្ញុំមិននឹកស្មានថាខ្ញុំទៅធ្វើអ៊ីចឹងកើតទេ ពេលហ្នឹងវាគឺជាកំហុសរបស់ខ្ញុំ ខ្ញុំសូមទទួលកំហុស ហើយខ្ញុំសូមទោស លោកពូ ម៉ិល កាដូ សុំទោសលោកអាជ្ញាកណ្តា ល ជ្រា សុភាព និងសុំទោសបងប្អូនទស្សនិកជនទាំងអស់ បងប្អូនដែលគាំទ្រខាងខ្ញុំក៏ដោយ ខាងចាន់ ប៊ុនហឿន ក៏ដោយ ហើយខ្ញុំសុំចិត្តពួកគាត់ឈប់ឈ្លោះគ្នាទៅ ហើយឈប់ជេរកីឡាកររៀងៗខ្លួនទៅ ព្រោះអីយើងសុទ្ធតែជាខ្មែរដូចគ្នាទេ ព្រោះអីខ្ញុំដឹងខ្លួនខ្ញុំខុសមែន ហើយបើសិនជាលោកប្រធានសហព័ន្ធ ចេញពិន័យដែលផ្អាកពួកខ្ញុំ ៦ខែហ្នឹង ខ្ញុំពេញចិត្តនឹងទទួលយក ព្រោះអីខ្ញុំខុសមែន…”។

ចំណែកកីឡាការិនី អេ យ៉ានុត បានលើកដៃសំពះ និងរៀបរាប់ថា “សម្រាប់ខ្ញុំ ខ្ញុំសុំទោសលោកគ្រូអាជ្ញាកណ្តា ល ជាពិសេស ព្រោះអីខ្ញុំបានប្រមាថគាត់ធ្ងន់មែនទែន ហើយអារម្មណ៍ខ្ញុំមួយឆាវ គឺខ្ញុំមានតែសុំទោសលោកគ្រូ ហើយសូមលោកគ្រូអភ័យទោសឱ្យខ្ញុំ ខ្ញុំដឹងថាលោកគ្រូ ខឹងខ្ញុំ ប៉ុន្តែខ្ញុំខុស ខ្ញុំទទួលកំហុស ដែលខ្ញុំប្រើពាក្យសម្តីមិនសមរម្យទៅលោកគ្រូ ហើយខ្ញុំក៏ទទួលនូវអ្វីដែលសហព័ន្ធដាក់ពិន័យមកនាងខ្ញុំ ៦ខែ នាងខ្ញុំទទួលដោយ សារនេះជាកំហុសរបស់ខ្ញុំ…”។

ក្រោយទទួលបានការសុំទោសដោយផ្ទាល់ ពីកីឡាការិនី អេ យ៉ានុត រួចមក លោកជ្រា សុភាព មន្ត្រីអាជ្ញាកណ្តាលរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ថា “ខ្ញុំមានអារម្មណ៍រំភើប និងសប្បាយចិត្ត ដែលប្អូនមានការសុំទោសមកដល់ខ្ញុំ ខ្ញុំអត់មានការខឹងសម្បា ឬប្រកាន់អីដែរ តាំងពីការចេញសារដំបូងម៉្លេះ ខ្ញុំអត់មានការប្រកាន់ទេ ដឹងថាគាត់ថាគាត់ខឹងឆេវឆាវអ៊ីចឹងណា ១ឆាវ អ៊ីចឹងខ្ញុំនៅស្ងៀម ហើយជាមួយនេះ ខ្ញុំក៏សូមដល់ហ្វេនៗ ពុកម៉ែបងប្អូនទាំងអស់ សូមឈប់ប្រកាន់ ឈប់ជេរគាត់ទៀតទៅ ព្រោះឥឡូវគាត់ដឹងកំហុស និងសុំ ទោសខ្ញុំរួចហើយ…”។

ដោយឡែក លោកខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ថា “ពួកគាត់ (ក្រុមគ្រួសារលោកគ្រូអេ ភូថង) ពិតជាប្រព្រឹត្តខុសអំពីលក្ខខន្តិកៈ បទបញ្ជារបស់សហព័ន្ធមែន អ៊ីចឹងគឺសហព័ន្ធត្រូវតែដាក់ពិន័យ មិនអាចមិនដាក់ពិន័យបានទេ ព្រោះអីនិយាយឱ្យត្រង់ទៅ សុំនិយាយក្រៅផ្លូវការបន្តិច លោកគ្រូ អេ ភូថង និងគ្រួសារគាត់ សុទ្ធជាមន្ត្រី យើងដឹងហើយ ក្លឹបអេ ភូថង គុនខ្មែរ នៃសមាគមកីឡាប្រដាល់គុនខ្មែរ កងយោធពលខេមរភូមិន្ទ ហើយខ្ញុំជាប្រធានសមាគម កូនរបស់គាត់ទាំងអស់ហ្នឹង សុទ្ធតែជាមន្ត្រីនៅមជ្ឈ មណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដែលខ្ញុំជានាយកមជ្ឈមណ្ឌលហ្នឹង បានន័យថា គាត់ជាសាច់ខ្ញុំផ្ទាល់តែម្តង ជាកូនចៅខ្ញុំ ប៉ុន្តែក្នុងការដឹកនាំ យើងអត់ដឹងថាកូនឯង កូនគេទេ អាកូនឯងហ្នឹងត្រូវវ៉ៃឱ្យខ្លាំងជាងគេ ត្រូវគោរពច្បាប់ ឱ្យបានខ្ជាប់ខ្ជួនជាងគេ ព្រោះអីក្នុងនាមជាមន្ត្រីកងកម្លាំងកងទ័ព គឺគាត់ត្រូវតែគោរពវិន័យឱ្យបានត្រឹមត្រូវ ខ្ញុំត្រូវតែប្រាកដថា គាត់អនុវត្តឱ្យបានត្រឹមត្រូវ។ ដូច្នេះថ្ងៃនេះ គឺយើងក៏មិនមែនថាមិនយល់យោគទេ ដូចបងប្អូនអ្នកខម្មិនមួយចំនួនថា យើងសុទ្ធតែជាខ្មែរដូចគ្នា ហើយគាត់ក៏មានគុណបំណាច់ ខ្ញុំយល់ ប៉ុន្តែច្បាប់គឺច្បាប់ ហើយការអនុវត្តច្បាប់ ត្រូវតែមាន។ ហើយថ្ងៃនេះ យើងមកជួបជុំគ្នា ដើម្បីសម្របសម្រួល ដើម្បីរកយន្ត ការណាមួយថា បើសិនជាទាំង៣នាក់ គាត់បានទទួលខុសហើយ គាត់បានដឹងពីកំហុសរបស់គាត់ ហើយសុំទោសដល់មន្ត្រី អាជ្ញាកណ្តាលដែលគាត់បានជេរ បានប្រមាថហើយ ក៏មន្ត្រីសហព័ន្ធដែលបំពេញភារកិច្ចហើយ គាត់បានរារាំងអី គឺយើងអាចសម្របសម្រួលគ្នាបាន ព្រោះអីក្នុងគ្រួសារតែមួយ គឺយើងអាចសម្របសម្រួលរកចំណុចត្រូវមួយ ដើម្បីធ្វើម៉េច យើងមិនចង់បំផ្លាញគាត់ដែរ ប៉ុន្តែត្រូវឱ្យគាត់យល់ដែរ ហើយបង្ការកុំឱ្យមានបញ្ហាហ្នឹងកើតឡើងទៅថ្ងៃអនាគត ព្រោះអីបើសិនជាមិនមានច្បាប់រឹងមាំទេ គឺបញ្ហាវានឹងអាចកើតមានដដែលៗ ទៅថ្ងៃមុខ អ៊ីចឹងការអនុវត្តច្បាប់ គឺត្រូវតែរឹងមាំ ប៉ុន្តែដោយយើងក៏យល់ដែរថា គ្រួសារគាត់សុទ្ធតែមានគុណបំណាច់នៅក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ តាំងពីជំនាន់លោកគ្រូ អេ ភូថង នៅជាកីឡាករ រហូតមកដល់សព្វថ្ងៃ គាត់វ៉ៃលែងកើត គាត់ទៅជាគ្រូ ទៅជាឪពុករបស់កីឡាករ បណ្តុះបណ្តាលធនធានផ្សេងៗ បណ្តុះបណ្តាលទាំងកូន ខ្លួនឯង ស្នងត្រកូលពីគាត់ សឹងតែថាជាទាយាទគុនខ្មែរ ដែលគុណសម្បត្តិទាំង អស់យើងសហព័ន្ធ គឺយើងឱ្យតម្លៃ ទទួលស្គាល់ ហើយកោតសរសើរ…”។

សូមបញ្ជាក់ថា បន្ទាប់ពីមានបញ្ហាពាក់ព័ន្ធអាជ្ញាកណ្តាល លោកជ្រា សុភាព សម្រេចបញ្ឈប់កីឡាករ ម៉ឺន មេឃា នៅទឹកទី៤ ក្រោយពីត្រូវកីឡាករ ចាន់ ប៊ុនហឿន ទាត់ចំកញ្ចឹងក និងថ្គាម ១ជើង ដួលទាំងជំហរ ហើយអាជ្ញាកណ្តាលរាប់ដល់៨ ម៉ឺន មេឃា ងក់ក្បាល តែហាក់បាត់បង់ស្មារតី មិនឆ្លើយតបការបក់ដៃឱ្យដើរចូល របស់អាជ្ញាកណ្តាល ហើយមានការតវ៉ាពីក្រុមគ្រួសារកីឡាករ ម៉ឺន មេឃា រួមមាន លោកអេ ភូថង លោកស្រី សាំង សុម៉ាលី និងកីឡាការិនី អេ យ៉ានុត ផ្អើលសង្វៀនប្រដាល់ PNN កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ហើយកីឡាការិនី អេ យ៉ានុត ថែមទាំងបង្ហោះសារតាមបណ្តាញសង្គម ហ្វេសប៊ុក ជេរម៉ែអាជ្ញាកណ្តាលថែមទៀតផងនោះមក ទាំងអេ យ៉ានុត និងម្តាយ បានចេញមុខសុំទោសតាមបណ្តាញសង្គម ថាដោយសារតែពិបាកទប់អា រម្មណ៍ពេក ទើបខ្លួនប្រើពាក្យមិនសមរម្យទៅលើលោកអាជ្ញាកណ្តាល ចំពោះការកាត់សេចក្តីរបស់លោកអាជ្ញាកណ្តាល ។

កីឡាការិនី អេ យ៉ានុត ប្អូនស្រីបង្កើតរបស់កីឡាករ ម៉ឺន មេឃា បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ថា “ខ្ញុំអន់ចិត្តចំពោះលោកអាជ្ញាកណ្តាលដោយសារតែពិបាកទប់អារម្មណ៍ទើបខ្ញុំប្រើពាក្យមិនសមរម្យ ទៅលោកគ្រូអាជ្ញា កណ្តាល ខ្ញុំសុំទោសលោកគ្រូ ហើយក៏សុំទោសហ្វេនៗដែលខ្ញុំប្រើពាក្យមិនបានល្អ តែខ្ញុំពិតជាអន់ចិត្តខ្លាំងចំពោះការកាត់សេចក្តីរបស់លោកអាជ្ញាកណ្តាល”។

ចំណែកលោកស្រី សាំង សុម៉ាលី ភរិយាលោកអេ ភូថង និងជាម្តាយកីឡាករម៉ឺន មេឃា និងកីឡាការិនី អេ យ៉ានុត បានសរសេរក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ថា “រឿងអ្វីៗដែលកើតឡើងម្សិលមិញ នាងខ្ញុំសុំទោសបងប្អូនជនរួមជាតិទាំងអស់ផង ដែលខ្ញុំនិងក្រុមគ្រួសារ បានប្រើពាក្យខ្លះមិនល្អ ដោយកំហឹង ហើយរឿងម្សិលមិញ ខ្ញុំនិងក្រុមគ្រួសារ ចិត្តត្រជាក់ និងលែងខឹងអស់ហើយហើ យខ្ញុំសូមចប់ត្រឹមហ្នឹងហើយបងប្អូនមួយចំនួនបានណែនាំក្រុមគ្រួសារខ្ញុំ ឱ្យទៅបើកប្រាក់ឧបត្ថមហ្នឹង យកមកទិញ សម្ភារៈជូនដល់ក្លឹបគុនខ្មែរ តូចហើយអត់ៗ អ៊ីចឹងហើយខ្ញុំនឹងធ្វើតាមបងប្អូន។ ចុងក្រោយសូមជូនពរបងប្អូន ហ្វែនទាំងអស់ សុខភាពល្អ និងសំណាងល្អ”៕

RELATED ARTICLES