ឧបទ្វីបកូរ៉េ៖ រដ្ឋាភិបាលកូរ៉េខាងជើងបានអះអាងថាខ្លួនសម្រេចបានជោគជ័យក្នុងការធ្វើតេស្តបាញ់ផ្លោងមីស៊ីលមួយគ្រាប់កាលពីថ្ងៃអាទិត្យដែលជាការសាកល្បងមួយដឹកនាំដោយលោក គីម ជុងអ៊ុន ។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េ KCNA បានរាយការណ៍ថាអាវុធដែលបាញ់សាកល្បងនេះត្រូវបានគេបញ្ជាក់ថាជាប្រភេទមីស៊ីលផ្លោងពីផ្ទៃដីទៅកាន់គោលដៅលើដែនដីដូចគ្នាក្នុងរយៈចម្ងាយមធ្យមនិងឆ្ងាយ ។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបានហៅទង្វើនេះថាជាការបង្កហេតុដោយអាវុធក្នុងការសាកល្បងឆ្លើយតបនឹងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ។ ការធ្វើតេស្តបាញ់ផ្លោងមីស៊ីលរបស់កូរ៉េខាងជើងលើកនេះត្រូវបានថ្កោលទោសយ៉ាងខ្លាំងផងដែរ ។
របាយការណ៍របស់ទីភ្នាក់ងារ KCNA បានឲ្យដឹងថាការតេស្តមីស៊ីល Pukguksong-2 ជាអាវុធយុទ្ធសាស្ត្រប្រភេទថ្មីមួយដែលនិយាយបានថាអាចផ្ទុកនូវក្បាលគ្រាប់នុយក្លេអែរថែមទៀតផង ហើយវាត្រូវបានដឹកនាំប្រតិបត្តិការដោយមេដឹកនាំប្រទេសនេះលោកគីម ជុងអ៊ុនផ្ទាល់តែម្តង ។
មួយវិញទៀតមីស៊ីលដែលត្រូវបានបាញ់បង្ហោះនេះផងដែរគឺវាស្ថិតក្នុងកម្រិតមុមកែងខ្ពស់ដែលគេសន្មត់ថាមានគោលដៅឆ្ពោះទៅកាន់បណ្តាប្រទេសក្បែរខាងរបស់កូរ៉េខាងជើង ។ មន្ត្រីកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានថ្លែងថាមីស៊ីលនេះផ្លោងហោះពីតំបន់ភាគខាងកើតឆ្ពោះទៅកាន់សមុទ្រជប៉ុនក្នុងរយៈចម្ងាយ៥០០គីឡូម៉ែត្រឯណោះ។
លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីន ហ្សូអាបេ ដែលឈរនៅក្បែរគ្នានិងលោកដូណាល់ ត្រាំ ក្នុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកបានថ្លែងថាការធ្វើតេស្តសាកល្បងមីស៊ីលលើកនេះគឺពិតជាពុំអាចអត់ឱនបានឡើយ។
គួររំលឹកថាសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិបានហាមប្រាមកូរ៉េខាងជើងមិនឲ្យធ្វើតេស្តបាញ់បង្ហោះមីស៊ីលឡើយដែលវាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបង្ការការពារប្រជាជាតិមួយនេះមិនឲ្យប្រែក្លាយជាមហាអំណាចនៃអាវុធនុយក្លេអែរពេញលេញ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា