តំបន់កាស្មៀ៖ ប៉ូលិសឲ្យដឹងថាក្រុមសកម្មប្រយុទ្ធ៤នាក់ ប៉ូលិសឥណ្ឌា២នាក់និងជនស៊ីវិលម្នាក់ត្រូវបានសម្លាប់ហើយទាហាន៣នាក់ទៀតរងរបួសកាលពីថ្ងៃអាទិត្យនេះក្នុងហេតុការណ៍ប៉ះទង្គិចគ្នាមួយក្នុងតំបន់កាស្មៀដែលគ្រប់គ្រងដោយឥណ្ឌា ។
ការប្រយុទ្ធគ្នាដោយកាំភ្លើងបានកើតឡើងនៅភូមិ Frisal ស្រុក Kulgam ដែលស្ថិតនៅចម្ងាយ៥៥គីឡូម៉ែត្រនៃភាគខាងត្បូងក្រុង Srinagar រដ្ឋធានីរដូវក្តៅនៃតំបន់កាស្មៀដែលគ្រប់គ្រងដោយឥណ្ឌា ។
មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់បានថ្លែងប្រាប់សារព័ត៌មានចិនស៊ីនហួរថាចំនួនអ្នកស្លាប់ក្នុងការប៉ះទង្គិចគ្នាដោយអាវុធបានកើនឡើងដល់៧នាក់ហើយនាថ្ងៃនេះហើយក្នុងនោះមានសមាជិកក្រុមសកម្មប្រយុទ្ធ៤នាក់ កងទ័ពឬប៉ូលិស២នាក់និងជនស៊ីវិលម្នាក់ ។
យោងតាមមន្ត្រីប៉ូលិសឲ្យដឹងថាជនស៊ីវិលដែលបានស្លាប់បាត់បង់ជីវិតក្នុងព្រឹត្តការណ៍នេះជាសមាជិកក្នុងក្រុមគ្រួសារមួយដែលជាម្ចាស់លំនៅឋានក្រុមសកម្មប្រយុទ្ធស្នាក់នៅ ។ ជនស៊ីវិលរូបនោះត្រូវបានសម្លាប់ក្នុងពេលប៉ះទង្គិចគ្នារវាងក្រុមសកម្មប្រយុទ្ធនិងកងទ័ព ស្របពេលដែលប្រភពក្នុងស្រុកបានចោទប្រកាន់ថាលោកត្រូវបានគេប្រើប្រាស់ជាខែលដោយកងទ័ព។
ចំណែកកងទ័ពដែលរងរបួសត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យយោធាក្នុងទីក្រុង Srinagar ។
មន្ត្រីយោធាឥណ្ឌាថ្លែងថាពួកគេបានចាប់ផ្តើមឡោមព័ទ្ធនិងបើកប្រតិបត្តិការមួយក្នុងភូមិ Frisal តាមការផ្តល់ព័ត៌មានសម្ងាត់ជាក់លាក់មួយអំពីវត្តមានរបស់ក្រុមនេះក្នុងតំបន់ខាងលើកាលពីរាត្រីថ្ងៃសៅរ៍ ។
គួររំលឹកថាតំបន់កាស្មៀត្រូវបានបែងចែកគ្នាគ្រប់គ្រងរវាងឥណ្ឌានិងប៉ាគីស្ថានដែលសុទ្ធសឹងតែអះអាងទាមទារដែនដីនេះទាំងមូលមកគ្រប់គ្រង។ ចាប់តាំងពីពួកគេទទួលបានឯករាជ្យពីអង់គ្លេស ប្រទេសទាំងពីរបានធ្វើសង្គ្រាមបីដង ពីរដងគឺនៅសមរភូមិកាស្មៀផ្ទាល់តែម្តង ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា