Sunday, May 12, 2024
Homeសង្គម និងជីវិតប្តីប្រពន្ធគូកម្ម ឈ្លោះគ្នារាប់ឆ្នាំ លែងមិនដាច់

ប្តីប្រពន្ធគូកម្ម ឈ្លោះគ្នារាប់ឆ្នាំ លែងមិនដាច់

ប្តីប្រពន្ធដែលជាគូកម្ម ទោះរស់នៅមិនចុះសម្រុងគ្នា រហូតមានពេលខ្លះវាយគ្នាបែកក្បាល ហូរឈាមយ៉ាងណា ក៏លែងលះគ្នាមិនដាច់ស្រឡះ នៅចងកម្មចងពៀរនឹងគ្នារហូត។ តួយ៉ាង ប្តីប្រពន្ធមួយគូនេះ យកគ្នាឆៅៗ មិនបានរៀបការ ឬសែនព្រេនអ្វីឡើយ លុះរួមរស់ជាមួយគ្នាល្អូកល្អិនតែមួយចម្អិនកំពឹសប៉ុណ្ណោះ ក្រោយមកឈ្លោះជេរបញ្ចោរគ្នាព្រឹកល្ងាច រាប់ឆ្នាំ តែលែងលះគ្នាមិនដាច់សោះ…។

កំពត ៖ លោកសូ វាសនា អាយុ២៥ឆ្នាំ រស់នៅភូមិតាព្រុំ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត បានរៀបរាប់ថា លោកជាកូនពៅ ក្នុងចំណោមបងប្អូន៥នាក់ (ស្រី៤ ប្រុស១) មានម្តាយឈ្មោះនៅ អ៊ីម អាយុ៧២ឆ្នាំ ឪពុកស្លាប់។ កាលពីក្មេង លោកមានសំណាងបានរៀនសូត្រដល់ថ្នាក់ទី៨ នៅអនុវិទ្យាល័យនារាយណ៍ នឹងគេដែរ។ បន្ទាប់ពីបោះបង់ការសិក្សា លោកបានទៅបួសជាសង្ឃគង់នៅក្នុងវត្តជិតផ្ទះ ដើម្បីសិក្សាធម៌វិន័យ និងធ្វើជាស្ពានចម្លងឧទ្ទិសបុណ្យកុសលរបស់ពុទ្ធបរិស័ទទៅញាតិសន្តាន ដែលបានចែកឋានទៅលោកខាងមុខ។ លុះសាងផ្នួសបាន២វស្សា ទើបលោកលាចាកសិក្ខាបទ ធ្វើជាគ្រហស្ថវិញ រួចក៏ចេញធ្វើជាកម្មករសំណង់យកប្រាក់ កម្រៃចិញ្ចឹមជីវិត ប៉ុន្តែដោយសារការងារនេះ ប្រើកម្លាំងច្រើនត្រូវលីស៊ីម៉ងត៍ លាយបាយអ ជញ្ជូនឥដ្ឋ បែកញើសហៀរកក្លាក់ដល់កែងជើង និងទទួលបានប្រាក់កម្រៃតិចតួចផង មានពេលខ្លះត្រូវចាញ់បោកមេការ ធ្វើការមិនបានប្រាក់ ទើបលោកឈប់ធ្វើការងារនេះ ងាកមកធ្វើការក្នុងរោងចក្រកាត់ដេរម្តងវិញ។

បុរសរូបនេះបន្តថា ក្រោយពីចូលធ្វើការស្លៀកពាក់ស្អាត សង្ហាដូចប្រុសទូទៅបានមួយរយៈ លោកបានជួបស្គាល់ជាមួយនារីម្នាក់ ឈ្មោះប៊ុន យីម សព្វថ្ងៃ អាយុ៣២ឆ្នាំ ដែលធ្វើការក្នុងរោងចក្រជាមួយគ្នា។ ទំនាក់ទំនងពួកលោកដំបូងឡើយ ក្នុងនាមជាមិត្តភក្តិធម្មតាប៉ុណ្ណោះ លុះពេលបាននិយាយឆ្លើយឆ្លង និងឃើញមុខគ្នាព្រឹកល្ងាច យូរៗទៅ មិត្តភាពពួកលោកបានរីកដុះដាលក្នុងថ្នាលស្នេហា ធ្វើឱ្យបេះដូងកំលោះក្រមុំពួកលោកចាប់វេញត្របាញ់ចូលគ្នាជាធ្លុងមួយ និងបណ្តើរគ្នាដើរលេងសាងអនុស្សាវរីយ៍យ៉ាងផ្អែមល្ហែមរួមគ្នារាប់មិនអស់ ឈានដល់ដឹកដៃគ្នាឡើងផ្ទះសំណាក់ ផ្សំដំណេកខុសគន្លងប្រពៃណីទៀតផង។ ចាប់តាំងពីពេលនោះមក គូស្នេហ៍លោកតែងស្កាត់ជួបប្តូរសាច់ប្តូរឈាមក្នុងសមរភូមិកាមគុណជាបន្តបន្ទាប់ រហូតឈានដល់ជួលបន្ទប់ស្នាក់តែ២នាក់ទៀតផង ក្នុងនាមជាប្តីប្រពន្ធឥតខាន់ស្លា។ លុះក្រោយមក ដោយសារតែពួកលោកធ្វើការសន្សំប្រាក់មិនបាន ម៉្យាងទៀត ឪពុកម្តាយរបស់ស្រីថ្លើមថ្លៃត្រូវការប្រាក់បណ្ណាការច្រើន ដើម្បីរៀបការឱ្យគគ្រឹកគគ្រេង បំពេញមុខមាត់ក្រុមគ្រួសារពួកគាត់ ទើបគូស្នេហ៍ពួកនាងរួមរស់គ្មានខាន់ស្លារហូតមក ដោយបង្កើតបានកូនស្រីម្នាក់ជាត្រួយជីវិត។

លោកសូ វាសនា បញ្ជាក់ថា ប្តីប្រពន្ធលោករួមរស់ផ្អែមល្ហែមជាមួយគ្នា បានតែមួយរយៈខ្លីទេ ក្រោយមកតែងជួបរឿងរ៉ាវឈ្លោះប្រកែកគ្នាព្រឹកល្ងាចៗឥតថ្ងៃស្វាង បើគិតមកដល់ពេលនេះ មានរយៈពេល៥ឆ្នាំហើយ តែលែងលះគ្នាមិនដាច់ស្រេចសោះ ពោលគឺឈ្លោះប្រកែកជេរបញ្ចោរគ្នាមិនបានប៉ុន្មានម៉ោងផង ត្រូវរ៉ូវគ្នាវិញបាត់។ ហើយកន្លងមក ពួកនាងធ្លាប់ធ្វើការលែងលះគ្នារាប់ភ្លេចដែរ តែលែងហើយមូលវិញៗ ហើយពេលនេះ លោកមិនខ្វាយខ្វល់ពីរឿងអនាគតទៅទៀតទេ ចាត់ទុកថា មួយជាតិនេះឆាចោល បើអស់និស្ស័យជាប្តីប្រពន្ធពេលណា បែកគ្នាពេលនោះទៅចុះ។

នាងប៊ុន យឹម ជាប្រពន្ធបានឱ្យដឹងថា នាងមានស្រុកកំណើតនៅភូមិពាណិជ្ជ ឃុំយារអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ឯណោះ ដែលមានម្តាយឈ្មោះយឿន អាយុ៦០ឆ្នាំ ឪពុកឈ្មោះប៊ុត អាយុ៧២ឆ្នាំ។ កាលពីក្មេង នាងមិនបានរៀនសូត្រវែងឆ្ងាយប៉ុន្មានឡើយ លុះពេលធំពេញវ័យ នាងសុំឪពុកម្តាយចេញមកធ្វើការរោងចក្រកាត់ដេរ នៅភ្នំពេញ ហើយក៏បានជួបស្នេហ៍ជាមួយប្តីរូបនេះតែម្តង រហូតស្មគ្រ័រួមរស់ខុសគន្លងប្រពៃណីមកទល់សព្វថ្ងៃ។ តាមពិតទៅ ក្រុមគ្រួសារនាងជាអ្នកមានមុខមាត់មួយ នៅក្នុងស្រុកភូមិនេះដែរ ទើបឪពុកម្តាយនាងមិនទទួលយកការសែនព្រេនឡើយ បើរៀបការឱ្យគគ្រឹកគគ្រេង បំពេញមុខមាត់កិត្តិយសគ្រួសារ ទើបពួកគាត់ស្វាគមន៍គូស្នេហ៍ពួកនាងជានិច្ច ប៉ុន្តែដោយសារក្រុមគ្រួសារខាងប្តី មានជីវភាពក្រីក្រ ម៉្យាងទៀតពួកនាងធ្វើការសន្សំប្រាក់មិនបាន ទើបមិនហ៊ានទៅជួបមុខឪពុកម្តាយនាងនៅស្រុកកំណើត ក៏បន្តរួមរស់ជាប្តីប្រពន្ធឥតខាន់ស្លារហូតមក មិនខ្លាចញញើតនឹងព្រលឹងខ្មោចចាស់ទុំ ប្រកាន់តាមកាច់ឡើយ។

នាងប៊ុន យឹម ទទួលស្គាល់ថា ប្តីប្រពន្ធនាងស្រលាញ់ផ្អែមល្ហែមតែដំបូងមែន បន្ទាប់មកក៏ជួបរឿងរ៉ាវរកាំរកូសដូចចាននៅក្នុងរាវ រកទីបញ្ចប់គ្មាន ហើយក៏ធ្លាប់ធ្វើការលែងលះគ្នាញឹកញាប់ដែរ ប៉ុន្តែមិនដឹងហេតុអីលែងគ្នាមិនដាច់ស្រឡះសោះ លែងគ្នាបានតែមួយរយៈខ្លី ក៏ត្រូវរ៉ូវយកគ្នាជាប្រពន្ធប្តីវិញបាត់។ បើតាមនាងយល់ ប្តីប្រពន្ធនាងប្រហែលជាគូកម្មនឹងគ្នាហើយ ទើបបានជាបាក់បែកគ្នាយូរមកហើយ តែលែងគ្នាមិនដាច់សោះ។

លោកយាយនៅ អ៊ឹម អាយុ៧២ឆ្នាំ ជាម្តាយ និងលោកទុយ រឿន អាយុ៤០ឆ្នាំ ជាបង បានឱ្យដឹងស្របគ្នាថា ពួកគាត់ចង់ឱ្យប្តីប្រពន្ធកូន និងប្អូនប្រុស មួយគូនេះរៀបការមានខាន់ស្លាត្រឹមត្រូវណាស់ តែមិនដឹងជាត្រូវដោះស្រាយតាមរបៀបណា បើជីវភាពជួបការខ្វះខាត គ្មានលទ្ធភាពនោះ ទើបចេះតែធ្វើមិនដឹងមិនឮទៅ។ តែយ៉ាងណា ពួកគាត់ទទួលស្គាល់នាងប៊ុន យឹម ដែលបានផ្សារជាសាច់ឈាមទៅហើយ ចាត់ទុកដូចជាគ្រួសារតែមួយទៅចុះ។ ប៉ុន្តែប្តីប្រពន្ធពួកគេរស់នៅមិនសូវចុះសម្រុងនឹងគ្នាឡើយ តែងជួបរឿងរ៉ាវឈ្លោះប្រកែកគ្នាព្រឹកល្ងាចៗ ធ្វើឱ្យអ្នកភូមិផងរបងជាប់គ្នា ធុញទ្រាន់លែងចង់ស្តាប់ និងយកចិត្តទុកដាក់លើប្តីប្រពន្ធគេទៀតផង។ ហើយរាល់ប្តីប្រពន្ធពួកគេ ឈ្លោះប្រកែកគ្នាធ្ងន់ធ្ងរ ក្រុមគ្រួសារតែងធ្វើការសម្របសម្រួលមិនឱ្យអ្នកទាំងពីរលែងលះគ្នាទេ ព្រោះអាណិតចៅនិងក្មួយស្រីដែលគ្នាមិនទាន់ដឹងអីនោះ៕                គីម ថីសួន

RELATED ARTICLES