ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន មួយ ដើម្បីជាការឆ្លើយតបបំភ្លឺជុំវិញការអនុ- ញ្ញាតឱ្យមានការបង្កើតរោងម៉ាស៊ីនកែច្នៃឈើ និងផលិតគ្រឿងសង្ហារិមនៅលើទឹកដីស្រុកស្នួល ខេត្តក្រចេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ មានខ្លឹមសារទាំងស្រុង ថា “ថ្មីៗនេះ បណ្តាញព័ត៌មានមួយចំនួន បាន ចុះផ្សាយនូវព័ត៌មានទាក់ទងនឹងការអនុញ្ញាត ឱ្យក្រុមហ៊ុន លឹម រ៉ូយាល់ ជ័ញ ស្តុក បង្កើត រោង ម៉ាស៊ីនកែច្នៃឈើ និងផលិតគ្រឿងសង្ហារិម នៅស្រុកស្នួល ខេត្តក្រចេះ។
ករណីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមប្រកាសជូនសាធារណមតិឱ្យ បានជ្រាបថា ក្រុមហ៊ុន លឹម រ៉ូយាល់ ជ័ញ ស្តុក គឺជាក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ច ដែលបានចុះកិច្ចសន្យាជាមួយក្រសួងបរិស្ថាន នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ លើផ្ទៃដី ៩ ០៦៨ហ.ត ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី។ ក្រោយ ពេលអនុវត្តបទបញ្ជាលេខ ០១ ប.ប ចុះថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១២ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការ ពង្រឹង និងបង្កើនប្រសិទ្ធភាពនៃ ការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច និងការចុះ ត្រួតពិនិត្យរបស់គណៈកម្មការអន្តរក្រសួង រាជរដ្ឋាភិបាលបានសម្រេច អនុញ្ញាតឱ្យក្រុមហ៊ុន បន្តនីតិវិធីលើផ្ទៃដីដែលនៅសល់ ចំនួន៨ ០៦៤ ៥១ហ.ត និងបានចុះកិច្ចសន្យាឡើងវិញ ជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាល ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ដោយកែសម្រួល រយៈពេលវិនិយោគ ពី៧០ឆ្នាំ មករយៈពេល ៥០ឆ្នាំវិញ និងបានបំពេញនីតិវិធី លើការដោះ- ស្រាយផលប៉ះពាល់ បោះបង្គោលព្រំដី ចុះបញ្ជី ដីរដ្ឋ និងធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋ មកជាដីឯកជនរបស់រដ្ឋរួចរាល់ហើយ។ ដូចនេះ ចំពោះការអនុញ្ញាតឱ្យក្រុមហ៊ុន លឹម រ៉ូយាល់ ជ័ញ ស្តុក បង្កើតរោងម៉ាស៊ីនកែច្នៃឈើ និង ផលិតគ្រឿងសង្ហារឹម ជាបណ្តោះអាសន្នមួយ កន្លែង នៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស “ZHONG HOLDING GROUP CORPERATION SNOUL UBE INTERNATIONAL PARK BIRD’S EYE VIEW” ដែលបានទទួលការអនុញ្ញាតឱ្យបង្កើតតាម អនុក្រឹត្យលេខ ១៣១ អនក្រ.បក ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ គឺជាតំបន់ឧស្សាហកម្មពាណិជ្ជកម្មដែលជាតំបន់សមស្រប ពុំមាន ផ្ទុយនឹងច្បាប់ស្តីពីព្រៃឈើ លើការបង្កើតរោង ម៉ាស៊ីនកែច្នៃឈើនេះទេ។ ការអនុញ្ញាតឱ្យ បង្កើតរោងម៉ាស៊ីនកែច្នៃឈើ និងផលិតគ្រឿង សង្ហារិមនេះ គឺជាការលើកទឹកចិត្តដល់វិនិយោគិន ក្នុងការចូលរួមចំណែកបង្កើនការងារ សម្រាប់ ប្រជាពលរដ្ឋកម្ពុជា បង្កើនតម្លៃបន្ថែមលើការ កែច្នៃអស់លទ្ធភាព ផលអនុផលព្រៃឈើ និង បង្កើនចំណូលថវិកាជាតិ។ ដោយឡែក វត្ថុធាតុដើមសម្រាប់ផ្គត់ផ្គង់រោងម៉ាស៊ីនកែច្នៃឈើ និង ផលិតគ្រឿងសង្ហារិម គឺជាឈើអារកែច្នៃពាក់ កណ្តាលសម្រេច ដែលបានមកពីសម្បទានដី សេដ្ឋកិច្ចរបស់ក្រុមហ៊ុនទាំងស្រុង។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងស្ថិតនៅក្នុងដំណាក់កាលនៃដំណើរ- ការរៀបចំសាងសង់រោងម៉ាស៊ីនកែច្នៃតាម លក្ខខណ្ឌកំណត់ ក្នុងប្រកាសអនុញ្ញាតរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅ ឡើយ។
ព័ត៌មានដូចបានបញ្ជាក់ជូនខាងលើ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមយ៉ាង មុតមាំថា បណ្តាញព័ត៌មាន និងសាធារណជន បានជ្រួតជ្រាប នឹងផ្តល់កិច្ចសហការជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុង ការបំពេញភារកិច្ចឱ្យបានល្អប្រសើរ ដើម្បីជា ប្រយោជន៍ ក្នុងការចូលរួមដល់ការគ្រប់គ្រង និងការពារធនធានធម្មជាតិរបស់កម្ពុជាយើង៕