កុងហ្គោ ៖ វ៉ាក់សាំងអុតស្វា (Mpox) លើកដំបូង ចំនួន ១០០ ០០០ (ដប់ម៉ឺន) ដូស ផលិតដោយក្រុមហ៊ុនដាណឺម៉ាក ត្រូវបានបញ្ជូនទៅប្រទសកុងហ្គោ ៣សប្តាហ៍ បន្ទាប់ពីអង្គការសុខភាពពិភពលោក បានប្រកាសពីការរាត ត្បាតនៃជំងឺអុតស្វា ក្នុងប្រទេសចំនួន ១២ នៅទ្វីបអាហ្រ្វិក ដែលត្រូវបានប្រកាសអាសន្នសម្រាបសុខភាពជាសកល។
នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា លោកវេជ្ជបណ្ឌិត រ៉ូចឺរ ហ្គាមបា (Roger Gamba) រដ្ឋមន្ត្រីក្រសួងសុខាភិបាលកុងហ្គោ បានទទួលការដឹកជញ្ជូនវ៉ាក់សាំង “MVA-BN” ដើម្បីការពារជំងឺ Mpox ឬជំងឺអុតស្វា ១០០ ០០០ដូស ដែលផលិតដោយក្រុមហ៊ុនដាណឺម៉ាក Bavarian Nordic បរិច្ចាគតាមរយៈសហភាពអឺរ៉ុប ដោយទីភ្នាក់ងារសង្គ្រោះបន្ទាន់សុខភាពសាធារណៈ (HERA) ។
វ៉ាក់សាំង ត្រូវបានបញ្ជូនទៅដល់ព្រលានយន្តហោះក្នុងទីក្រុងគីនសាសា (Kinshasa) រដ្ឋធានីរបស់ប្រទេសកុងហ្គោ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីអង្គការសុខភាពពិភពលោក បានប្រកាសអាសន្នពីការផ្ទុះជំងឺអុតស្វា ក្នុងប្រទេស ចំនួន១២ នៅទ្វីបអាហ្រ្វិក ។
អាជ្ញាធរកុងហ្គោ បាននិយាយថា វ៉ាក់សាំង MVA-BN ចំនួន ១០០ ០០០ដូច លើកទីពីរ ត្រូវបានគេរំពឹងថា នឹងមកដល់ប្រទេសកុងហ្គោ នៅថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០២៤ ។ អង្គការយូនីសេហ្វ នឹងជួយអនុវត្តយុទ្ធនាការចាក់ថ្នាំបង្ការដល់ប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ។ ប៉ុន្តែនៅមិនទាន់ច្បាស់នៅពេលណាដែលការចាក់វ៉ាក់សាំង នឹងចាប់ផ្ដើមនៅឡើយ។
លោកវេជ្ជបណ្ឌិត ហ្សង់ កាហ្សេយ៉ា (Jean Kazeya) ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺនៃទ្វីបអា ហ្រ្វិក បាននិយាយថា សម្ព័ន្ធមិត្តលោកខាងលិច ដូចជាសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ធ្លាប់បានសន្យាថា នឹងបរិច្ចាគវ៉ាក់សាំង MVA-BN ចំនួន ៣៨០ ០០០ដូស ដល់ប្រទេសកុងហ្គោ ដែលនៅតែមានចំនួនតិចតួចនៅ ឡើយ។ ច្រើនជាង ១៥% នៃ ៣លានដូស ដែលត្រូវបានប៉ាន់ប្រមាណថា ត្រូវការដើម្បីបញ្ចប់ការរីករាលដាលនៃជំងឺអុតស្វា នៅក្នុងប្រទេសកុងហ្គោ ដែលស្ថិតនៅចំកណ្តាលនៃភាពអាសន្នសុខភាពសាធារណៈសកល។
ស្ថានភាពចុងក្រោយ គឺកាលពីសប្តាហ៍មុន អង្គការសុខភាពពិភពលោក បានលាតត្រដាង មានករណីជំងឺអុតស្វា ច្រើនជាង ២២ ៨០០ករណី និងស្លាប់ ចំនួន ៦២២នាក់ នៅក្នុងទ្វីបអាហ្រ្វិក ដោយមានការឆ្លងកើនឡើង ២០០% ក្នុងសប្តាហ៍មុន។ ទន្ទឹមនឹងនេះ បន្ទាប់ពីការផ្ទុះជំងឺអុតស្វា ជាសាកល ចុងក្រោយ ក្នុងឆ្នាំ២០២២ ប្រ ទេសអ្នកមាន ទាំងសហរដ្ឋអាមេរិក និងអឺរ៉ុប បានប្រមូលផ្តុំវ៉ាក់សាំងដាក់ក្នុងស្តុក ហើយបានពន្លឿនការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋរបស់ពួកគេ។ ជាលទ្ធផល មិនមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីទៅដល់ទ្វីបអាហ្រ្វិក ដែលជាតំបន់រីករាលដាលខ្លាំងនោះទេ បើទោះបីជាមានការស្នើសុំពីរដ្ឋាភិបាល នៃប្រទេសនានាក៏ដោយ៕ ខៀវទុំ