Wednesday, November 27, 2024
Homeព័ត៌មានជាតិក្រសួងសុខាភិបាល ណែនាំវិធានការការពារសុខភាព ត្រៀមបង្ការ ឆ្លើយតបគ្រោះទឹក.../ជំនន់

ក្រសួងសុខាភិបាល ណែនាំវិធានការការពារសុខភាព ត្រៀមបង្ការ ឆ្លើយតបគ្រោះទឹក…/ជំនន់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារសុខភាព ត្រៀមបង្ការនិងឆ្លើយតបនឹងគ្រោះទឹកជំនន់ ស្របពេលដែលជំនន់ទឹកភ្លើង បានចាប់ផ្តើមវាយប្រហារតាមតំបន់នៃខេត្តមួយចំនួន នៅក្នុងប្រទេសកម្ពុជា។

បានចេញសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស .២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីការការពារសុខភាព ត្រៀមបង្ការនិងឆ្លើយតបនឹងគ្រោះទឹកជំនន់ មានខ្លឹសារទាំងស្រុងថា «យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ពីស្ថានភាពទឹកទន្លេមេគង្គ នៅព្រះរាជាណាចក្រកម្ពុជា នឹងហក់ឡើងជាបន្តបន្ទាប់ ហើ យនឹងហូរចូល តាមព្រែក និងតំបន់ទំនាបនានា ដែលស្ថិតនៅអមសងខាងទន្លេមេគង្គ ក្នុងអំឡុងសប្តាហ៍ខាងមុខ អាចនឹងបង្កឱ្យមាននូវទឹកជំនន់ ដែលអាចបណ្តាលឱ្យមានផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្ប ត្តិ សុខភាព និងអាយុជីវិតប្រជាជន។ ដូច្នេះដើម្បីកាត់បន្ថយឱ្យបានជាអតិបរមា នូវផលប៉ះពាល់នៃគ្រោះធម្ម ជាតិ ក្រសួងសុខាភិបាល សូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តតាមការណែនាំ និងប្រកាន់ខ្ជាប់នូវវិធានការដូចខាងក្រោម ៖

១. មុនពេលទឹកជំនន់ ៖

-ត្រូវតាមដានស្ថានភាពទឹកជំនន់ ត្រៀមទីទួលសុវត្ថិភាព និងស្បៀងអាហារ។

-ត្រូវធ្វើរបងព័ទ្ធ ឬបោះបង្គោលចំណាំជុំវិញស្រះ ឬកន្លែងដែលមានទឹកជ្រៅ ត្រូវថែរក្សាបរិស្ថានឱ្យបានស្អាត និងសាងសង់បង្គន់ឱ្យខ្ពស់ ដើម្បីការពារទឹកជំនន់។

២- អំឡុងពេលមានទឹកជំនន់ ៖

– មិនត្រូវចូលទៅក្នុងផ្ទះ ឬអគារទ្រុឌទ្រោម ព្រោះអាចស្រុតបាក់បែក បង្កឱ្យគ្រោះថ្នាក់ មិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនី ដោយដៃសើម ឬកំពុងឈរនៅក្នុងទឹក។

-ត្រូវសម្រាន្តក្នុងមុង គ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនឈីក និងជំងឺផ្សេងៗ។

-ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវតាមដាននិងពិនិត្យផ្ទៃពោះ តាមកាលកំណត់របស់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ បើស្ត្រីគ្រប់ខែ ជិតដល់ពេលសម្រាល ត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត។

-ត្រូវនាំកូនៗរបស់លោកអ្នក ទៅចាក់ថ្នាំបង្ការ តាមការកំណត់របស់គ្រូពេទ្យ និងត្រូវរៀបចំផ្តល់អាហារដល់ពួកគេ ឱ្យបានត្រឹមត្រូវ និងមានអនាម័យ។

-ត្រូវជួយមនុស្សចាស់ក្នុងក្រុមគ្រួសារលោកអ្នក ឬមនុស្សចាស់នៅជិតខាង និងផ្តល់ការគាំទ្រដល់សមាជិកគ្រួសារ ឬកុមារពិការភាព ដូចជា ឈើច្រត់ រទេះរុញ ឬថ្នាំពេទ្យ ដែលពួកគាត់កំពុងប្រើប្រាស់ជាប្រចាំមួយចំនួន ដែលជាតម្រូវការចាំបាច់របស់ពួកគាត់។

-ពេលធ្វើដំណើរតាមទូក មិនត្រូវដាក់មនុស្សហួសកម្រិត។ នៅពេលធ្វើដំណើរដោយជិះទូក ឬកាណូត នៅ ពេលយប់ ត្រូវមានភ្លើងបំភ្លឺ និងត្រូវមានអាវពោងសុវត្ថិភាព ដើម្បីការពារនៅមានការលិចលង់។

-ចៀសវាងនូវគ្រោះថ្នាក់លង់ទឹក ត្រូវការពារកុមារតូចៗ មិនឱ្យចុះទឹក និងពន្យល់កុមារ ពីគ្រោះថ្នាក់នៃការលង់ទឹក ក៏ដូចជានាំកុមារ ទៅកន្លែងខ្ពស់ និងមានអ្នកថែទាំ ព្រមទាំងប្រើអាវពោងសុវត្ថិភាព ឬប៊ីដុងជ័រ គ្រប់ពេលកុមារចេញពីផ្ទះ។

-ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអាសិរពិសផ្សេងៗ ដោយពិនិត្យឱ្យបានត្រឹមត្រូវ មុនទៅកាន់ទីទួលសុវត្ថិភាព ឬមុនទៅធ្វើការជិតគំនរអុស និងគំនរឈើ។ ធ្វើដំណើរពេលយប់ ឬពេលធ្វើការងារ ត្រូវស្លៀកខោជើងវែង និងពាក់ស្បែកជើងកវែង ចៀសវាងកន្លែងដែលមានស្មៅស៊ុបទ្រុប។ ក្នុងករណីមានសមាជិកគ្រួសារ ឬនរណាម្នាក់ មានគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអាសិរពិសទិចឬខាំ ត្រូវបញ្ជូនជាប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលការពិនិត្យនិងព្យាបាល។

-ដើម្បីចៀសវាងនូវជំងឺផ្សេងៗ ដូចជា ជំងឺរាក ជំងឺរាកមូល ពុលចំណីអាហារ ឬជំងឺផ្លូវដង្ហើមស្រួចស្រាល់ និងជំងឺដទៃផ្សេងទៀត ត្រូវទទួលទានទឹកស្អាត ដោយប្រើធុងចម្លោះ ឬដាំទឹកឱ្យពុះ ឬប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរីន ឬក្លរ៉ាមីន (ថ្នាំក្លរីន ឬក្លរ៉ាមីន ៥០០មក្រ ចំនួនពីរគ្រាប់អាចលាយទឹក ២០លីត្រ រួចទុករយៈពេល ៣០នាទី មុនប្រើប្រាស់)។

-ត្រូវលាងសម្អាតបន្លែ និងផ្លែឈើ ជាមួយទឹកស្អាត ចម្អិនអាហារឱ្យបានឆ្អិនល្អ និងគ្របអាហារឱ្យបានជិតល្អ ដើម្បីការពាររុយរោម និងធូលីដីហុយចូល ព្រមទាំងសម្អាតកន្លែងធ្វើម្ហូប និងសម្ភារផ្ទះបាយដូចជា ចាន ឆ្នាំង ស្លាបព្រា ខ្ទះ កាំបិត ជ្រញ់ ឱ្យបានស្អាត។ លាងសម្អាតដៃជាមួយសាប៊ូ ឱ្យបានញឹកញាប់ មុននិងក្រោយបរិភោគអាហារ និងក្រោយចេញពីបង្គន់។

-ត្រូវធ្វើអនាម័យខ្លួនប្រាណ ឱ្យបានស្អាត ដោយងូតទឹក ដុសសាប៊ូ កក់សក់ និងបង្ការនូវការកើតជំងឺសើស្បែក ពងទឹក កមរមាស់ ជាដើម។

៣- ក្រោយពេលទឹកជំនន់ ៖

-បន្តបរិភោគចំណីអាហារស្អាត ទឹកស្អាត និងអនាម័យខ្លួនប្រាណឱ្យបានស្អាត ដើម្បីចៀសវាងនូវជំងឺផ្សេងៗ ត្រូវបន្តសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនឈីក និងជំងឺផ្សេងៗទៀត ត្រូវពិនិត្យមើលផ្ទះក្រែងមានបាក់ស្រុត នាំឱ្យមានគ្រោះថ្នាក់ ប្រុងប្រយ័ត្នក្រែងមានសត្វពស់ ឬសត្វអាសិរពិសផ្សេងៗ។ អនាម័យបរិស្ថានជុំវិញ និងក្នុងផ្ទះ ព្រោះក្រោយពេលទឹកស្រកទៅ បានបន្សល់នូវភាពកខ្វក់ និងមេរោគជាច្រើន រស់នៅក្នុងទឹក ចៀសវាងនូវការដក់ទឹកជុំវិញផ្ទះ និងក្នុងផ្ទះ នាំឱ្យមានដង្កូវទឹក កើតមូសខ្លា និងមូសដែកគោល ដែលអាចបង្កឱ្យមានជំងឺគ្រុនឈាម និងគ្រុនចាញ់ ដោយស្តារនិងសម្អាតអណ្តូងទឹកឡើងវិញ មុននឹងប្រើប្រាស់ ព្រមទាំងជួសជុលនិងសង់បង្គន់ឡើងវិញ ដោយជានិច្ចកាល ត្រូវបន្ទោបង់ក្នុងបង្គន់គ្រប់ពេល។

-នៅមុនពេល អំឡុងពេល និងក្រោយពេលទឹកជំនន់ ប្រសិនបើលោកអ្នកមានបញ្ហាសុខភាព សូមស្វែងរកការ ពិគ្រោះ ពិនិត្យនិងព្យាបាលជំងឺជាបន្ទាន់ នៅប៉ុស្តិ៍សុខភាព ក្បែរទីទួលសុវត្ថិភាព ឬមណ្ឌលសុខភាព ឬមន្ទីរ ពេទ្យដែលនៅជិតលោកអ្នកបំផុត។

ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសា ធារណៈ តាមបណ្តាញសង្គមផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការ របស់នាយក ដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។

បើមានជំងឺឆ្លងរាតត្បាត សូមទាក់ទងលេខទូរសព្ទទាន់ហេតុការណ៍ របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ»៕

RELATED ARTICLES