អ៊ីស្រាអែល ៖ ទាហានអ៊ីស្រាអែល បានវាយប្រហារការិយាល័យវិទ្យុនិងទូរទស្សន៍កាតារ អាល់ហ្សាហ្ស៉ីរ៉ា (Al Jazeera) នៅតំបន់វេសថ៍បែងខ៍ (West Bank) ខណៈពេលកំពុងផ្សាយបន្តផ្ទាល់ ហើយបានបញ្ជាឲ្យបិទការិយាល័យនេះ រយៈពេលយ៉ាងតិច ៤៥ថ្ងៃ។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែល បានវាយឆ្មក់ការិយាល័យរបស់ស្ថានីយវិទ្យុនិងទូរទស្សន៍ Al Jazeera ក្នុងទីក្រុងរ៉ាម៉ាឡាហ៍ (Ramallah) នៅតំបន់វេសថ៍បែងខ៍ (West Bank) កាលពីថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ ហើយបានបញ្ជាឱ្យបិទការិយាល័យនេះ យ៉ាងតិច ៤៥ថ្ងៃ។
ទាហានប្រដាប់អាវុធ និងពាក់ម៉ាស់ បានចូលទៅក្នុងអគារការិយាល័យ នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤ ខណៈ Al Jazeera កំពុងផ្សាយបន្តផ្ទាល់ ដោយត្រូវបានគេបង្ហាញវីដេអូនៃឯកសារដែលត្រូវបានប្រគល់ទៅឲ្យលោក វ៉ាលីដ អាល់-អូម៉ារ (Walid al-Omar) ប្រធានសាខារបស់ Al Jazeera នៅតំបន់ West Bank ហើយឱ្យគាត់អានការណែនាំអំពីការផ្សាយបន្តផ្ទាល់។
នៅក្នុងខែឧសភា ទាហានអ៊ីស្រាអែល បានវាយឆ្មក់ការិយាល័យ Al Jazeera ចំនួនពីរ នៅ ណាហ្សារេត (Nazareth) និងនៅទីក្រុងយេរូសាឡឹម ខាងកើត ដោយលើកឡើងពីមូលហេតុទីភ្នាក់ងារព័ត៌មាននេះ គឺជាការគំរាមកំហែងដល់សន្តិសុខជាតិ។
ក្រោយពេលកើតហេតុ លោកវ៉ាលីដ អាល់-អូម៉ារ បាននិយាយថា “កំណត់គោលដៅអ្នកកាសែតបែបនេះ ជារឿយៗ វាមានគោលបំណងលុបបំបាត់ការពិត និងរារាំងមនុស្សពីការស្តាប់ការពិត។”
ទាហានអ៊ីស្រាអែល បានដកហូតផ្ទាំងរូបភាពដែលបង្ហាញពីលោកស្រីស៊ីរីន អាប៊ូ អាងហគេល (Shireen Abu Agehl) ជាអ្នកកាសែតស្រីម្នាក់ដែលត្រូវបានសម្លាប់ ខណៈពេលដែលកំពុងមានការវាយឆ្មក់របស់យោធាអ៊ីស្រាអែល នៅតំបន់វេសថ៍បែងខ៍ (West Bank) ក្រោយមក យោធាអ៊ីស្រាអែល បានទទួលស្គាល់ថា មានលទ្ធភាពខ្ពស់ដែលអ្នកកាសែតស្រីរងគ្រោះ ស្លាប់ដោយសារគ្រាប់កាំភ្លើងទាហានម្នាក់របស់ពួកគេ។

គួរបញ្ជាក់ថា Al Jazeera និងរដ្ឋាភិបាលអ៊ីស្រាអែល មានទំនាក់ទំនងដ៏លំបាកជាយូរមកហើយ។ ប៉ុន្តែស្ថាន ការណ៍កាន់តែអាក្រក់ឡើង បន្ទាប់ពីសង្គ្រាមនៅហ្គាហ្សា បានចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ។
បន្ទាប់ពីអ្នកកាសែតបរទេស ត្រូវបានហាមឃាត់ មិនឱ្យចូលទៅក្នុងតំបន់ហ្គាហ្សា អ្នកឆ្លើយឆ្លងព័ត៌មានក្នុងស្រុករបស់ Al Jazeera បានក្លាយជាអ្នកកាសែត តែមួយគត់ ដែលរាយការណ៍ពីស្ថានភាពសង្គ្រាមពីទីតាំងពិត ប៉ុន្តែរដ្ឋាភិបាលអ៊ីស្រាអែល បានថ្កោលទោស Al Jazeera ថាក្លាយជាសំឡេងរបស់ភេរវករ តែ Al Jazeera បានបដិសេធ៕ ខៀវទុំ