ភ្នំពេញ ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានចេញសេចក្តីណែនាំស្តីពី វិធានការសុវត្ថិភាព និងសុខភាពការងារ សម្រាប់កម្មករនិយោជិតក្នុងករណីមានគ្រោះជំនន់ទឹកភ្លៀង។
សេចក្តីណែនាំរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីវិធានការសុវត្ថិភាពនិងសុខភាពការងារ សម្រាប់កម្មករនិយោជិត ក្នុងករណីមានគ្រោះជំនន់ទឹកភ្លៀង មានខ្លឹមសារទាំងស្រុងថា «ក្រសួងការងានិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ដែលស្ថិតក្នុងដែនអនុវត្តច្បាប់ស្តីពីការងារ ឱ្យបានជ្រាបថា ដើម្បីបង្ការហានិភ័យដែលអាចកើតមានឡើងជាយថាហេតុ ដោយសារគ្រោះជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រដែលមានសហគ្រាស គ្រឹះស្ថាន និងកន្លែងស្នាក់នៅរបស់កម្មករនិយោជិត ក្រសួងសូមធ្វើការណែនាំដល់ម្ចាស់ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ ត្រូវអនុវត្តនូវវិធានការដូចខាងក្រោម ៖
ក. ម្ចាស់ឬនាយកសហគ្រាស គ្រឹះស្ថាន
១-ត្រូវតាមដានស្ថានភាពទឹកជំនន់ជាប្រចាំនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។
២-ត្រូវរៀបចំបង្កើតក្រុមការងារ និងត្រៀមផែនការសង្គ្រោះ មធ្យោបាយការពារ និងជម្លៀសកម្មករនិយោជិត ក្នុងករណីមានទឹកជំនន់។
៣-ត្រូវធ្វើការត្រួតពិនិត្យបណ្តាញអគ្គិសនី ឱ្យបានត្រឹមត្រូវ និងសមស្របតាមលក្ខណៈបច្ចេកទេស សុវត្ថិភាព សម្រាប់បង្ការនិងបញ្ចៀសនូវបញ្ហាចាំបាច់ចំពោះមុខទៅតាមកាលៈទេសៈជាយថាហេតុណាមួយ។
៤-ត្រូវមានវិធានការរៀបចំការសង្គ្រោះបឋម និងវិធីសាស្ត្រជួយសង្គ្រោះ ក្នុងករណីឆក់ចរន្តអគ្គិសនី លង់ទឹក សត្វទិច ចឹកឬខាំ។
៥-ត្រូវទុកដាក់វត្ថុធាតុដើម សម្ភារសំខាន់ៗ និងសារធាតុគីមីឱ្យបានត្រឹមត្រូវ ផុតពីទឹក និងមានសុវត្ថិភាព ជាពិសេសវត្ថុធាតុដើម និងសារធាតុគីមីដែលមានប្រតិកម្មជាមួយទឹក។
៦-ត្រូវរៀបចំដាក់ស្លាកសញ្ញាហាមឃាត់នៅកន្លែងដែលមានគ្រោះថ្នាក់ ទឹកជន់លិច ឬហូរខ្លាំង។
៧-ត្រូវត្រៀមស្បៀងអាហារ និងទឹកស្អាត សម្រាប់បរិភោគឱ្យបានគ្រប់គ្រាន់ អំឡុងពេលរង់ចាំក្រុមជួយសង្គ្រោះទៅដល់ ក្នុងករណីកម្មករនិយោជិតជាប់គាំងក្នុងសហគ្រាស គ្រឹះស្ថាន នៅពេលមានទឹកជំនន់។
៨-ត្រូវត្រួតពិនិត្យឡើងវិញនូវប្រព័ន្ធសុវត្ថិភាពផ្សេងៗ សម្អាតបរិវេណសហគ្រាស គ្រឹះស្ថាន និងធ្វើអនាម័យបង្គន់ឡើងវិញ ដើម្បីចៀសវាងជំងឺឆ្លងផ្សេងៗ ក្រោយពេលទឹកជំនន់ស្រកចុះ។
៩-ត្រូវអប់រំផ្សព្វផ្សាយដល់កម្មករនិយោជិត អំពីវិធានការសុវត្ថិភាព និងសុខភាពការងារពាក់ព័ន្ធនឹងផែនការឆ្លើយតបនៅពេលមានអាសន្ន របស់សហគ្រាស គ្រឹះស្ថាន ដើម្បីការពារសុវត្ថិភាពកម្មករនិយោជិត នៅពេលមានទឹកជំនន់កើតឡើង។
១០-ត្រូវចូលរួមអនុវត្តឱ្យបានហ្មត់ចត់ តាមវិធានការនានារបស់អាជ្ញាធរមូលដ្ឋាន និងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ព្រមទាំងសហការឱ្យបានពេញលេញជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងករណីមានការណែនាំជាក់ស្តែង។
ខ. កម្មករនិយោជិត
១-ត្រូវប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ ជាអាទិ៍ ការឆក់ចរន្តអគ្គិសនី លង់ទឹក សត្វទិច ចឹកឬខាំ។
២-ត្រូវចូលរួមអនុវត្តជាចាំបាច់តាមការណែនាំរបស់និយោជក និងអាជ្ញាធរពាក់ព័ន្ធ។
៣-ត្រូវផ្តល់ព័ត៌មានអំពីស្ថានភាពសុវត្ថិភាព និងសុខភាពរបស់ខ្លួន ទៅកាន់និយោជក ជាប្រចាំ ក្នុងអំឡុងពេលឈប់សម្រាកដោយសារគ្រោះទឹកជំនន់។
៤-ត្រូវចូលរួមអនុវត្តឱ្យបានហ្មត់ចត់តាមវិធានការនានារបស់អាជ្ញាធរមូលដ្ឋាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសហការឱ្យបានពេញលេញជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីមានការណែនាំជាក់ស្តែង។
ក្នុងករណីចាំបាច់ ម្ចាស់ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត ត្រូវជូនដំណឹងមកក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធ Hotline លេខ 1286 ឬ 1297 ក្រុមតេឡេក្រាម “សម្រាប់និយោ ជក” https://t.me/EmployerChat និងក្រុមតេឡេក្រាម “សម្រាប់កម្មករនិយោជិត” https://t.me/Khmer WorkerChat ដែលអាចភ្ជាប់តាមរយៈការស្កេន QR Code ខាង ក្រោម និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះវាយតម្លៃកម្រិតហានិភ័យដែលអាចកើតមានឡើងចំពោះសុវត្ថិភាពកម្មករនិយោជិតក្នុងអំឡុងពេលមានទឹកជំនន់។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានក្តីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំង អស់នឹងអនុវត្តតាមខ្លឹមសារសេចក្តីណែនាំនេះឱ្យបានត្រឹមត្រូវ និងធានាបាននូវប្រ សិទ្ធភាពខ្ពស់»៕