ឧបទ្វីបកូរ៉េ៖ រដ្ឋាភិបាលក្រុងប៉េកាំងនិងសេអ៊ូលកំពុងចរចាគ្នាស្តីពីការបញ្ជូនអដ្ឋិធាតុទាហានជនជាតិចិនឲ្យត្រឡប់មកវិញនៅថ្ងៃពុធនេះ ។
ទីភ្នាក់ងារព័ត៌មានយ៉ុងហាប់រាយការណ៍ថាកិច្ចពិភាក្សាអំពីការធ្វើមាតុភូមិនិវត្តន៍នេះអាចវាយប្រហារដល់ពន្លឺនៃការផ្សះផ្សារគ្នារវាងរដ្ឋាភិបាលក្រុងប៉េកាំងនិងសេអ៊ូលនៅពេលដែលការប៉ះទង្គិចកំពុងកើនឡើងលើការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD របស់សហរដ្ឋអាមេរិកនៅឧបទ្វីបកូរ៉េ។
អដ្ឋិធាតុដែលគេលើកយកមកចរចានោះគឺនៅសម័យសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ នៅពេលដែលចិនបានដាក់ពង្រាយកងទ័ពប្រមាណជា១លាននាក់ដើម្បីជួយគាំទ្រកូរ៉េខាងជើង ។ ក្នុងព្រឹត្តការណ៍នោះដែរមានទាហានចិនជាង១០ម៉ឺននាក់បានស្លាប់បាត់បង់ជីវិតអំឡុងពេលផ្ទុះវិវាទនិងការប៉ះទង្គិចគ្នាជាមួយទាហានសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងក្នុងសមរភូមិ។
លោក Jang Hak-myung អគ្គនាយករងគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធក្រសួងការពារជាតិកូរ៉េខាងត្បូងនឹងជួបជាមួយនិងមន្ត្រីចិនលោក Li Guiguang ។ ភាគីទាំងពីរនឹងពិភាក្សាគ្នាអំពីការធ្វើមាតុភូមិនិវត្តន៍ក៏ដូចជាការកំណត់កាលបរិច្ឆេទចំពោះការវិលត្រឡប់ មក វិញនៃអដ្ឋិធាតុទាហានទាំងនោះមកកាន់ចិនវិញ។ ក្រសួងការពារជាតិបានថ្លែងថាអដ្ឋិធាតុទាហានចិនត្រូវបានពិនិត្យតាមរយៈការវិភាគ DNA ។
ម្យ៉ាងវិញទៀតការធ្វើមាតុភូមិនិវត្តន៍ដែរបាននិងកំពុងអនុវត្តជារៀងរាល់ឆ្នាំ៣ឆ្នាំមកហើយ ។
កាលពីឆ្នាំ២០១៦ កូរ៉េខាងត្បូងបានថ្លែងថាការបញ្ជូនត្រឡប់ទៅមាតុប្រទេសវិញនូវអដ្ឋិធាតុកងទ័ពចិនប្រែក្លាយជាឱកាសថ្មីមួយក្នុងការបោសសម្អាតនូវស្លាកស្នាមដ៏ជូរជត់នៃភ្លើងសង្គ្រាមហើយងាកមកបង្កើតទំនាក់ទំនងរវាងកូរ៉េខាងត្បូងនិងចិនឲ្យកាន់តែប្រសើរថែមទៀត ។ ប្រជាជាតិទាំងពីរបាននិងកំពុងសោមនស្សជាមួយនិងការរឹតចំណងមិត្តភាព ហើយរដ្ឋាភិបាលក្រុងប៉េកាំងបាននិងកំពុងបង្កើនការបោះជំហានទៅមុខក្នុងការរឹតបន្តឹងពាណិជ្ជកម្មប្រឆាំងនិងកូរ៉េខាងជើងផងដែរ បន្ទាប់ពីរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានដឹកនាំធ្វើតេស្តនុយក្លេអែរមួយកាលពីខែមករាឆ្នាំ២០១៦ ។
ប៉ុន្តែអ្វីៗក៏ប្រែក្លាយជាមិនចុះសម្រុងនឹងគ្នាចាប់តាំងពីខែកក្កដាឆ្នាំ២០១៦ នៅពេលដែលកូរ៉េខាងត្បូងបានយល់ព្រមឲ្យសហរដ្ឋអាមេរិកដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD ដើម្បីកំញើញនិងគំរាមកំហែងមីស៊ីលកូរ៉េខាងជើង។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា