បាងកក (ថៃ) ៖ គណៈរដ្ឋមន្ត្រីថៃ បានផ្តល់ភ្លើងខៀវដល់មូលនិធិសង្គ្រោះទឹកជំនន់ ដោយសម្រេចផ្តល់ជំនួយជាទឹកប្រាក់ ចំនួន ៩០០០បាត ក្នុងមួយគ្រួសារ សម្រាប់ប្រជាជនដែលរងគ្រោះទឹកជំនន់ ។
នៅវេលាម៉ោង ១០និង៥០នាទីព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានប្រកាសបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅវិមានរដ្ឋាភិបាលថា កិច្ចប្រជុំបានអនុម័តលើលក្ខណៈវិនិច្ឆ័យដែលស្នើឡើងរបស់ក្រសួងមហាផ្ទៃ សម្រាប់ការទូទាត់សំណងជួយជនរងគ្រោះដោយទឹកជំនន់ ដោយផ្លាស់ប្តូរទៅជាជំនួយជាកញ្ចប់ ទឹកប្រាក់ ៩០០០បាត ក្នុងមួយគ្រួសារ ក្រោមដែនកំណត់ថវិកា ដែលអនុម័តដោយគណៈ រដ្ឋមន្ត្រី នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានចំនួន ៣០៤៥លានបាត។
លោកស្រីនាយករដ្ឋមន្ត្រី បានបន្តថា ថ្ងៃនេះ លោកស្រីធីរ៉ារ៉ាត់ សាំរេតវ៉ានីត អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរាយការណ៍អំពីបញ្ហារបស់មជ្ឈមណ្ឌលប្រតិបត្តិការជួយជនរងគ្រោះដោយទឹកជំនន់ ខ្យល់ព្យុះ និងបាក់ដី (CDC) ខេត្តឈៀងរ៉ាយ និងខេត្តឈៀងម៉ៃ ឥឡូវនេះ ភ្នាក់ងារទាំងអស់នៅក្នុងតំបន់ ត្រូវបានបញ្ជាឱ្យអនុវត្តតួនាទីភារកិច្ចទៅក្នុងតំបន់នោះ ទៅតាមគោលដៅដែលបានកំណត់ រួមទាំងនៅក្នុងស្រុកម៉ែសៃ ខេត្តឈៀង រ៉ាយ ស្រុកមឿង និងស្រុក ម៉ែតែង ខេត្តឈៀងម៉ៃ ជាពិសេសនៅតំបន់ឧទ្យានដំរី ដែលបានលិចទឹកស្លាប់ចំនួន ៣ក្បាល ផងដែរ។
សូមបញ្ជាក់ថា តាមប្រភព បាងកកប៉ុស្តិ៍ បានរាយការណ៍នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ថា ទឹកជំនន់នៅប្រទេសថៃ មាននៅខេត្ត ចំនួន២០ ប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ជាង ៣ម៉ឺនគ្រួសារ រួមមាន : ១-ខេត្តអាងថង (Ang Thong), ២-ខេត្តអយុធ្យា (Ayutthaya), ៣-ខេត្តបុរីរ៉ាំ (Buri Ram), ៤-ខេត្តឆ័យភូមិ (Chaiyaphum), ៥-ខេត្តឈៀងម៉ៃ (Chiang Mai), ៦-ខេត្តឈៀងរ៉ាយ (Chiang Rai), ៧-ខេត្តកាឡាសុីន (Kalasin), ៨-ខេត្តឡាំប៉ាង (Lampang), ៩-ខេត្តឡាំភូន (Lamphun) , ១០-ខេត្តមហាសារ៉ាខាម (Maha Sarakham) , ១១-ខេត្តនគររាជសីមា (Nakhon Ratchasima), ១២-ខេត្តណាក់ខនស:វណ្ណ (Nakhon Sawan), ១៣-ខេត្តពេជ្រប៊ូន (Phetchabun), ១៤-ខេត្តពិស្ណុលោក (Phitsanulok), ១៥-ខេត្តសុីងបុរី (Sing Buri), ១៦-ខេត្តសុខោទ័យ (Sukhothai), ១៧-ខេត្តសុផាន់បុរី (Suphan Buri), ១៨-ខេត្តតាក់ (Tak), ១៩-ខេត្តអ៊ូប៊ុនរាជឋានី (Ubon Ratchathani) និង ២០-ខេត្តឧត្តរឋានី (Udon Thani)។
ដោយឡែក ទឹកជំនន់នៅខេត្តឈៀងម៉ៃ បានបណ្តាលឲ្យដំរីលិចទឹកងាប់ ចំនួន៣ក្បាល នៅចំណុចស្រុកម៉ែតែង ខេត្តឈៀងម៉ៃ។
ប្រភពដដែល បន្តថា នៅស្រុកម៉ែតែង ខេត្តឈៀងម៉ៃ មានដំរីសរុបចំនួន ៥០០ក្បាល ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព លើកលែងតែដំរី ៣ក្បាល បានលិចទឹកងាប់ នៅពេលត្រូវទឹកជំនន់ហូរកួចទៅទើរនឹងដើមឈើ។
ប្រភពដដែល ឲ្យដឹងបន្តទៀតថា នៅតំបន់មួយចំនួន ដែលទឹកជន់លិច រថយន្តដឹកស្បៀងអាហារមិនអាចចូលទៅបាន ត្រូវប្រើដំរី ជួយដឹកជញ្ជូនស្បៀងទៅចែកជូនប្រជាជនរងគ្រោះដែលជាប់គាំងនៅលើផ្ទះ ៕ ខៀវទុំ