សុីរី៖ កាសែតអនឡាយដែលគាំទ្ររដ្ឋាភិបាល al-Watan បានឲ្យដឹងថាកងទ័ពស៊ីរីបានដណ្តើមយកទីតាំងប្រេង Hayan ដែលស្ថិតនៅខេត្តភូមិភាគកណ្តាល Homs តាមរយៈការប្រយុទ្ធគ្នាជាមួយនិងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (ISIS) ។
ការដណ្តើមបានទីតាំងធនធានធម្មជាតិគន្លឹះមួយនេះទទួលបានដោយស្វ័យប្រវត្តិបន្ទាប់ពីកងកម្លាំងស៊ីរីបានវាយយកតំបន់ al-Muher ដែលស្ថិតក្នុងទីជនបទភាគខាងកើតខេត្ត Homs ជាទីតាំងប្រេងនិងឧស្ម័នធម្មជាតិ។
ក្រុមអាយស៊ីសបានវាយយកតំបន់ Hayan និងទីតាំងធនធានធម្មជាតិប្រេងនិងហ្គាសមួយចំនួនទៀតនៅភាគខាងកើតខេត្ត Homs នៅពេលដែលពួកគេកាន់កាប់ក្រុងបុរាណ Palmyra កាលពីខែធ្នូឆ្នាំ២០១៦ ។
ស្ថានការណ៍ក្នុងតំបន់ Hayan គឺនៅតែមិនត្រូវបានគេដឹងថាយ៉ាងណានៅឡើយស្របពេលដែលក្រុមអាយស៊ីសបានប្រកាសកាលពីខែមុនថាខ្លួនបានបើកការវាយប្រហារទីនេះ ។
កាលពីដើមខែនេះ ក្រុមអាយស៊ីសក៏បានលើកឡើងថាខ្លួនបានធ្វើឲ្យផ្ទុះទុយោបង្ហូរប្រេងនៅជុំវិញ Hayan ។
ជាមួយនិងផលិតកម្មឧស្ម័នធម្មជាតិប្រចាំថ្ងៃ៣លានម៉ែត្រគូបតំបន់នេះគឺជាទីតាំងផ្គត់ផ្គង់អគ្គិសនីធំជាងគេបំផុតនៅតំបន់ភូមិភាគកណ្តាលនិងខាងត្បូងប្រទេសស៊ីរី ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា