ប៉ះទង្គិចគ្នាដោយអាវុធនៅតំបន់កាស្មៀស្លាប់ទាហាននិងពួកសកម្មប្រយុទ្ធ៣នាក់
តំបន់កាស្មៀ៖ យ៉ាងហោចណាស់មានទាហានឥណ្ឌានិងក្រុមសកម្មយុទ្ធ៣នាក់បានសម្លាប់ខណៈទាហាន៥នាក់រងរបួសកាលពីថ្ងៃអង្គារក្នុងការប្រយុទ្ធគ្នាដ៏សាហាវមួយរវាងក្រុមសកម្មប្រយុទ្ធនិងកងទ័ពឥណ្ឌាក្នុងតំបន់កាស្មៀដែលគ្រប់គ្រងដោយឥណ្ឌា។
ការប៉ះទង្គិចគ្នាប្រដាប់អាវុធនេះបានកើតឡើងនៅភូមិ Hajin ស្រុក Bandipora ដែលស្ថិតនៅចម្ងាយ៣២គីឡូម៉ែត្រនៃភាគខាងជើងក្រុង Srinagar ដែលជារដ្ឋធានីរដូវក្តៅរបស់កាស្មៀដែលគ្រប់គ្រងដោយឥណ្ឌា ។
អ្នកនាំពាក្យយោធាឥណ្ឌាក្រុង Srinagar លោកអនុសេនីយ៍ Rajesh Kalia បានថ្លែងប្រាប់សារព័ត៌មានចិនស៊ីនហួរថាក្នុងការប្រយុទ្ធគ្នាដោយអាវុធនាថ្ងៃនេះយើងបានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធម្នាក់ ហើយទាហានរបស់យើង៣នាក់ក៏ត្រូវបានសម្លាប់និង៥នាក់ទៀតរងរបួស។ ចំណែកអ្នករងរបួសភ្លាមៗនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកងទ័ពមួយក្នុងក្រុងនេះ ។
មន្ត្រីឲ្យដឹងថាភូមិមួយត្រូវបានឡោមព័ទ្ធផ្អែកតាមព័ត៌មានសម្ងាត់ជាក់លាក់ដែលផ្តល់ឲ្យមកអំពីវត្តមានរបស់ក្រុមនោះស្ថិតនៅក្នុងផ្ទះមួយខ្នង។
មន្ត្រីប៉ូលិសម្នាក់បានថ្លែងថាដោយមិនបង្អែងបង្អង់យូរយើងបានទៅដល់ផ្ទះនោះក្រុមសកម្មប្រយុទ្ធបានគប់គ្រាប់បែកមួយគ្រាប់និងចាប់ផ្តើមបើកការបាញ់ប្រហារតែម្តង ។ បញ្ចប់ការបាញ់តទល់គ្នាក្រុមសកម្មប្រយុទ្ធបានស្លាប់ម្នាក់។
សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថាកងកម្លាំងទាហានប៉ារ៉ានិងប៉ូលិស៤នាក់ក៏បានរងរបួសផងដែរក្នុងហេតុការណ៍នេះ ។
កាលពីថ្ងៃអាទិត្យក្រុមសកម្មប្រយុទ្ធ៤នាក់ ទាហាន២នាក់និងជនស៊ីវិល២នាក់ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នាដោយអាវុធស្រដៀងគ្នានេះដែរនិងមានការតវ៉ាជាបន្តបន្ទាប់ក្នុងតំបន់ទៀតផង។
សង្គ្រាមទ័ពព្រៃកំពុងបន្តកើតមានឡើងរវាងក្រុមសកម្មប្រយុទ្ធនិងកងទ័ពឥណ្ឌាដែលបានគ្រប់គ្រងកាស្មៀគិតចាប់តាំងពីឆ្នាំ១៩៨៩មក ។ ការប្រយុទ្ធគ្នារវាងភាគីទាំងពីរបានកើតនឹងបន្ទាប់ពីឈប់មួយរយៈនៅក្នុងតំបន់នោះ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា