Monday, July 7, 2025
Homeព័ត៌មានជាតិទេព វន្នី សាលា​ឧទ្ធរណ៍​ប្រកាស​សាល​ដីកា​ ថ្ងៃទី​២៧​កុម្ភៈ

ទេព វន្នី សាលា​ឧទ្ធរណ៍​ប្រកាស​សាល​ដីកា​ ថ្ងៃទី​២៧​កុម្ភៈ

ភ្នំពេញ ៖ សកម្មជនដីធ្លី អ្នកស្រីទេព វន្នី នឹងត្រូវសាលាឧទ្ធរណ៍ប្រកាសសាលដីកា នៅ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ។

តុលាការឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ បានបើកសវនាការលើ សំណុំរឿងសកម្មជនដីធ្លីបឹងកក់ ចំនួន៣នាក់ រួមមានអ្នកស្រីទេព វន្នី អ្នកស្រីគង់ ចន្ថា និង អ្នកស្រីបូ ឆវី តាមបណ្តឹងរបស់អ្នកទាំង៣ ដែល បានប្តឹងទាស់ទៅនឹងសាលាដំបូងរាជធានីភ្នំពេញ កាត់ក្តីឱ្យជាប់ពន្ធនាគារ ក្នុងម្នាក់ៗ៦ខែ ពាក់ព័ន្ធនឹងករណីជេរប្រមាថមន្ត្រីរាជការសាធារណៈ នៅមុខសាលារាជធានី កាលពីឆ្នាំ២០១១។

បន្ទាប់ពីបើកសវនាការនោះ សាលាឧទ្ធរណ៍ បានសម្រេចពន្យារពេលប្រកាសសាលដីកា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។

អ្នកស្រីទេព វន្នី បានថ្លែងក្រោយបញ្ចប់ សវនាការ មុនប៉ូលិសរុញចូលឡាននោះថា “យុត្តិធម៌ គឺជាសន្តិភាពសម្រាប់ប្រជាពលរដ្ឋទូទាំង ពិភពលោក ដែលមិនអាចខ្វះបាន។ អ៊ីចឹងកំហុស ឆ្គងដ៏ធំបំផុតរបស់ថ្នាក់ដឹកនាំ គឺការចាត់ទុក ប្រជាពលរដ្ឋជាសត្រូវ ធ្វើការព្រងើយកន្តើយ រើសអើងប្រជាពលរដ្ឋខ្លួនឯង មិនគិតគូរដល់ ប្រជាពលរដ្ឋ ហើយធ្វើឱ្យប្រជាពលរដ្ឋរស់នៅ វេទនា រងភាពអយុត្តិធម៌ និងធ្វើឱ្យប្រជាពលរដ្ឋ ទឹកភ្នែក ហើយធ្វើឱ្យប្រទេសជាតិមានការលិចលង់ ហើយធ្វើឱ្យប្រទេសជាតិមានភាពអាម៉ាស់លើ ឆាកអន្តរជាតិ។ នេះហើយជាកំហុសឆ្គងរបស់ ថ្នាក់ដឹកនាំដ៏ធំបំផុត។ ពួកយើងទាំងអស់គ្នា សង្ឃឹមថា ថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជា នឹង ជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ហើយ ខ្ញុំសង្ឃឹមថា ថ្នាក់ដឹកនាំប្រទេសកម្ពុជាមួយនេះ នឹងកែប្រែនូវក្តីមេត្តាជូនដល់ប្រជាពលរដ្ឋខ្មែរ ទាំងអស់គ្នា ដែលស្រែកយំថ្ងូរ ឱ្យសម្តេចនាយក រដ្ឋមន្ត្រីជួយ។ ប្រជាពលរដ្ឋខ្មែរច្រើនណាស់ ដែលរស់នៅដោយវេទនា និងទឹកភ្នែក គឺឈឺចាប់ សឹងតែគ្រប់ទីកន្លែង។ ទាំងអស់នេះ ជាសម្រែក ទាមទារយុត្តិធម៌ពីប្រជាពលរដ្ឋខ្មែរ សុំសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន ផ្តល់ភាពមេត្តាដល់ ប្រជាពលរដ្ឋខ្លួនឯង ដូចជាគ្រួសារតែមួយ ដូច ជាឈាមជ័រតែមួយខ្ញុំសុំផ្តាំផ្ញើដល់កូនខ្ញុំដែរ ក្នុងនាមខ្ញុំជាម្តាយៗសូមប្រាប់ថា ម្តាយឃ្លាត ឆ្ងាយតែរូបកាយទេ តែបេះដូងនិងទឹកចិត្ត និង ក្តីស្រលាញ់របស់ម្តាយ មិនបានឆ្ងាយពីកូនឡើយ ម្តាយនៅតែស្រលាញ់កូនអស់មួយជីវិត ហើយ ស្រលាញ់ជាអមតៈ ស្រលាញ់មិនសាបសូន្យទេ ចូរកូនរឹងមាំ ហើយតស៊ូឡើង ជីវិតអ្នកម្តាយ នឹងតស៊ូដើម្បីយុត្តិធម៌ គឺត្រូវតែរងគ្រោះបែប ហ្នឹងឯង ប៉ុន្តែសង្ឃឹមថា ថ្ងៃណាមួយ នឹងមាន យុត្តិធម៌សម្រាប់អ្នកម្តាយជួបកូនៗ”។

ការបើកសវនាការរបស់សាលាឧទ្ធរណ៍ បានធ្វើឡើងក្រោយពេលដែលស្ត្រីសហគមន៍ បឹងកក់ ប្រមាណជាង១០នាក់ កាលពីព្រឹកថ្ងៃ ទី១៤ កុម្ភៈ ឆ្នាំ២០១៧ បានដាក់ញត្តិទៅខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បី ស្នើសុំសម្តេចនាយករដ្ឋមន្ត្រី អន្តរាគមន៍ដោះលែងអ្នកស្រីទេព វន្នី ដែលកំពុងជាប់ក្នុងពន្ធនាគារ ឱ្យបានវិលមកជួបជុំគ្រួសារវិញ និងស្នើ សុំសម្តេចជួយបញ្ជាទៅអាជ្ញាធរ បញ្ឈប់ការ ប្តឹងពលរដ្ឋសហគមន៍បឹងកក់ទៅតុលាការបន្ត ទៀត ព្រមទាំងសុំអន្តរាគមន៍ឱ្យជួយផ្តល់ប្លង់ កម្មសិទ្ធិជូនពលរដ្ឋដែលមិនទាន់បានទទួលបាន ប័ណ្ណកម្មសិទ្ធិដីធ្លី។

ដោយឡែក នៅថ្ងៃដែលតុលាការបើក សវនាការ ក្រុមស្ត្រីតវ៉ាទាំងនោះ ក៏បានមកជួប ជុំគ្នានៅមុខសាលាឧទ្ធរណ៍ស្រែកទាមទារឱ្យ ដោះលែងអ្នកស្រីទេព វន្នី។

គួរបញ្ជាក់ថា នៅថ្ងៃដដែលនោះដែរ ក្រៅ ពីបើកសវនាការលើអ្នកស្រីទេព វន្នី សាលាឧទ្ធរណ៍ក៏បានបើកសវនាការលើករណីបណ្តឹង របស់សកម្មជនបរិស្ថាន នៃចលនាមាតាធម្មជាតិ ៣រូប រួមមានលោកសាន់ ម៉ាឡា លោកទ្រី សុវិគា និងលោកស៊ីម សំណាង ដែលបានប្តឹង ជំទាស់នឹងសាលក្រមសាលាដំបូងខេត្តកោះកុង ដែលកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ បានកាត់ទោសឱ្យពួកគេជាប់ពន្ធនាគារ ចំនួន១ ឆ្នាំ៦ខែ តែត្រូវកាត់តម្រឹមមក១០ខែ និង១៥ ថ្ងៃ ហើយឱ្យបង់ប្រាក់ពិន័យ២លានរៀល ចូល រដ្ឋ និងបង្គាប់ឱ្យសងការខូចខាតទៅក្រុមហ៊ុន Direct Access ចំនួន១០០លានរៀល ពីបទ “គំរាមកំហែងថា នឹងធ្វើឱ្យខូចខាតដែលភ្ជាប់ នឹងបញ្ជាអ្វីមួយ”។

ទោះយ៉ាងណា ជាលទ្ធផល ប្រធានក្រុម ប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ លោកស៊ិន វិសាល បានសម្រេចតម្កល់សាលក្រមរបស់ សាលាដំបូងខេត្តកោះកុង ទុកជាបានការដដែល ដោយសំអាងថា ការសម្រេចរបស់តុលាការ ថ្នាក់ក្រោម ធ្វើឡើងតាមនីតិវិធីច្បាប់។

សកម្មជនមាតាធម្មជាតិម្នាក់ លោកថុន រដ្ឋា បានសម្តែងការខកចិត្តចំពោះការសម្រេច នេះ ដោយអះអាងថា សកម្មជនបរិស្ថាន មិនបានប្រព្រឹត្តបទល្មើសដូចតុលាការខេត្តកោះកុង ចោទប្រកាន់នោះទេ។ ម៉្យាងទៀត កន្លងមក ប្រមុខរាជរដ្ឋាភិបាល តែងតែជំរុញនិងលើកទឹកចិត្តឱ្យយុវជនចូលរួមការពារបរិស្ថាន ដើម្បី ជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ប៉ុន្តែ សកម្មជនដែលការពារបរិស្ថាន បែរជាត្រូវជាប់ គុកទៅវិញ។

លោកសំ ចំរើន មេធាវីការពារក្តីឱ្យសកម្មជនបរិស្ថាន បានបញ្ជាក់ថា លោកសោកស្តាយ ចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍នេះ ព្រោះកូនក្តីរបស់លោក គ្រាន់តែចុះធ្វើសកម្មភាពតស៊ូមតិកន្លងមក មិនមែនបទល្មើសដូច តំណាងអយ្យការចោទប្រកាន់ ហើយសម្រេច ផ្តន្ទាទោសដោយតុលាការខេត្តកោះកុងនោះ ទេ។ ដូច្នេះទាក់ទងការប្តឹងជំទាស់ទៅតុលាការ កំពូលទៀត ឬយ៉ាងណានោះលោកនឹងពិភាក្សា ជាមួយកូនក្តីរបស់លោក។

ទាក់ទងរឿងនេះដែរ កាលពីថ្ងៃទី២៩ ខែ មករា ឆ្នាំ២០១៧ ក្រុមអង្គការសង្គមស៊ីវិល ចំនួន៤៨ ក៏បានចេញសេចក្តីថ្លែងការណ៍អំពាវនាវ ឱ្យសាលាឧទ្ធរណ៍បដិសេធសេចក្តីសម្រេចរបស់ តុលាការខេត្តកោះកុង ដែលបង្គាប់ឱ្យសកម្មជនទាំង៣នាក់ បង់ប្រាក់១០០លានរៀល ទៅ ក្រុមហ៊ុនបូមខ្សាច់ ព្រោះយល់ថា ជារឿង អយុត្តិធម៌៕ កុលបុត្រ

RELATED ARTICLES