Saturday, May 11, 2024
Homeសង្គម និងជីវិតប្តីពូកែប្រចណ្ឌ ប្រពន្ធសុំលែងយកប្រុសថ្មី

ប្តីពូកែប្រចណ្ឌ ប្រពន្ធសុំលែងយកប្រុសថ្មី

ភ្លើងប្រចណ្ឌ បើទុកឱ្យវាឆាបឆេះក្តៅងំដល់កម្រិត មិនងាយពន្លត់បានឡើយ នឹងអាចឱ្យកើតមានអំពើហិង្សា បែកបាក់ព្រាត់និរាសគ្នា។ យ៉ាងណាមិញ ប្តីប្រពន្ធមួយគូនេះ កាលដើមឡើយ ស្រលាញ់ជឿជាក់លើគ្នាណាស់ ក្រោយមកស្រាប់តែប្តីកើតរោគប្រចណ្ឌរកលេខដាក់គ្មាន ឈានដល់ការប្រើអំពើហិង្សាលើប្រពន្ធ ធ្វើឱ្យប្រពន្ធឈឺចិត្តទ្រាំមិនបាន ក៏យកប្រុសថ្មីនោះធ្វើប្តីមែនទែន ដើម្បីបញ្ឈឺចិត្តប្តីដើម…។

កំពតៈ នាងកេត ទូច អាយុ២៨ឆ្នាំ រស់នៅភូមិតាព្រុំ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត បានរៀបរាប់ឱ្យដឹងថា នាងជាកូនបន្ទាប់បង ក្នុងចំណោមបងប្អូន៥នាក់ (ប្រុស១ ស្រី៤) មានម្តាយឈ្មោះនៅ អ៊ីម អាយុ៧២ឆ្នាំ ឪពុកស្លាប់។ កាលពីក្មេង នាងមិនធ្លាប់ឆ្លងកាត់ចូលសាលារៀនចេះលេខអក្សរមួយតួនឹងគេទេ រស់នៅក្នុងនាមជាមនុស្សអនក្ខរកម្មមកដល់សព្វថ្ងៃ។ កាលនោះ បន្ទាប់ពីឪពុកចែកឋានទៅ នាងបានទៅរស់នៅជាមួយ បងស្រីនៅខេត្តប៉ៃលិន ឯណោះ រហូតធំពេញក្រមុំ ទើបត្រឡប់មករស់នៅស្រុកកំណើតវិញ។ លុះមួយ រយៈក្រោយមក នាងក៏បានមកធ្វើការក្នុងហាងលក់គ្រឿងក្លែមមួយកន្លែង នៅក្នុងទីក្រុងភ្នំពេញ យកប្រាក់កម្រៃចិញ្ចឹមជីវិត។ នាងនិយាយមិនអួតទេ គ្រាន់តែពេញក្រមុំភ្លាម មានរូបសម្រស់ស្រស់ស្អាតមិនចាញ់តួកុនប៉ុន្មានឡើយ រួមផ្សំទាំងមកធ្វើការនៅទីក្រុង ត្រូវទឹកម៉ាស៊ីន ប្រេងម្សៅផង កាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត ធ្វើឱ្យប្រុសៗជាច្រើនជ្រួលជ្រើមតាមសុំស្នេហ៍ ប្រាថ្នាយកនាងធ្វើជាប្រពន្ធ ក្នុងនោះមានតែកំលោះម្នាក់ ឈ្មោះឡង់ ខឺ ជាអ្នករត់រ៉ឺម៉កម៉ូតូកង់បី ជាអ្នកស្រុកនៅក្បែរគ្នា ដែលមានសំណាងបានបេះដូង និងរូបកាយរបស់នាងទៅនែបនិត្យ។

នាងកេត ទូច ជាប្តីទី១ (រូបកាន់កូន) និងប្តីទី២

នាងកេត ទូច បញ្ជាក់ថា គ្រាន់តែនាងបើកបេះដូងទទួលយកស្នេហ៍ភ្លាម លោកឡង់ ខឺ ក៏នាំចាស់ទុំរបស់គេចូលស្តីដណ្តឹងនាងដល់មេបា រៀបការតាមប្រពៃណីយ៉ាងគគ្រឹកគគ្រេង។ ក្រោយពីចាប់ដៃគ្នាហើយថ្មីថ្មោង ប្តីប្រពន្ធនាងបាននាំគ្នាមកធ្វើការរកស៊ីសាងអនាគតគ្រួសារ នៅទីក្រុងភ្នំពេញ ដោយប្តីចាប់របររត់ម៉ូតូកង់បីដដែល ដែលពេលនោះប្តីប្រពន្ធនាងស្រលាញ់ជឿជាក់គ្នាណាស់ មិនដែលសង្ស័យលើគ្នាម្តងណាឡើយ ធ្វើឱ្យគ្រួសាររស់នៅយ៉ាងមានសេចក្តីសុខ សុភមង្គល ប៉ុន្តែគួរឱ្យស្តាយ ក្រោយពីរួមរស់នឹងគ្នាបានរយៈពេល៩ឆ្នាំ និងបង្កើតបានកូនប្រុសស្រី២នាក់ ជាចំណងអាពាហ៍ពិពាហ៍ ស្រាប់តែប្តីដ៏ល្អរបស់នាងពីមុនមក លែងជឿទុកចិត្តលើប្រពន្ធ កើតរោគប្រចណ្ឌរកលេខដាក់គ្មាន ដោយចោទប្រកាន់រូបនាងមានស្នៀតលួចលេងល្បែងស្នេហ៍ត្រីកោណ ជាមួយបុរសម្នាក់ ឈ្មោះពុធ ប៊ុនថា សព្វថ្ងៃមានអាយុ៣២ឆ្នាំ មានប្រពន្ធកូនរួចទៅហើយ ដែលជាអ្នករត់ម៉ូតូឌុប នៅក្បែរបន្ទប់ជួលនាងស្នាក់នៅ។ ទោះបីជានាងព្យាយាមបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួនយ៉ាងណា ក៏ប្តីមិនព្រមជឿដែរ ដែលហេតុផលទាំងនោះហើយ ធ្វើឱ្យជីវិតប្តីប្រពន្ធនាងជួបរឿងរ៉ាវឈ្លោះប្រកែកគ្នាជាហូរហែ រហូតប្តីខឹងច្រឡោតគ្មានហេតុផល ហ៊ានលើកដៃវាយដំលើប្រពន្ធ បណ្តាលឱ្យនាងរស់នៅជាមួយទឹកភ្នែករាល់ថ្ងៃ។

នាងកេត ទូច ឱ្យដឹងទៀតថា ដោយទ្រាំនឹងទង្វើរបស់ប្តីឡប់ខួររូបនេះលែងបាន នាងក៏សុំលែងចែកផ្លូវគ្នាដើរតែម្តង ដោយចែកកូនគ្នាម្នាក់មួយ។ បន្ទាប់មក នាងមកយកលោកពុធ ប៊ុនថា ធ្វើប្តីទី២តែម្តង ដើម្បីបញ្ឈឺចិត្តប្តីដើម ទោះបីជាដឹងច្បាស់ថា ខ្លួនមានឋានៈជាប្រពន្ធចុងរបស់គេ ក៏មិនស្តាយក្រោយដែរ។ ហើយនាងបន្តរួមរស់ជាមួយប្តីទី២រូបនេះមកដល់សព្វថ្ងៃ និងទើបតែបង្កើតបានកូនស្រី មានអាយុ៣ខែម្នាក់ ជាចំណងស្នេហ៍ តែនាងសង្កេតឃើញថា ប្តីទី២រូបនេះ មិនមានចិត្តស្រលាញ់នាងស្មគ្រ័ស្មោះប៉ុន្មានឡើយ។ បើតាមនាងឃើញសកម្មភាពប្តីរូបនេះបម្រុងរកល្បិចដោះដៃចោលនាង តែបើប្តីរូបនេះ រត់ចោលនាងមែននោះ នាងមិនទុកកូនស្រីម្នាក់ឱ្យនៅជាប់ដៃជាប់ជើងឡើយ សុខចិត្តប្រគល់ឱ្យគេចិញ្ចឹមវិញ ប្រសើរជាង ដោយគ្រាន់តែសុំប្រាក់គេបន្តិចបន្តួច សម្រាប់ទិញចំណីចំណុកថ្នាំសង្កូវថែបំប៉នសុខភាពឱ្យឆាប់រឹងមាំឡើងវិញ ដើម្បីធ្វើការរកប្រាក់ចិញ្ចឹមជីវិត។

ផ្ទះរបស់នាងកេត ទូច

ដោយឡែក លោកឡង់ ខឺ ជាប្តីទី១ និងលោកពុធ ប៊ុនថា អាយុ៣២ឆ្នាំ ជាប្តីទី២របស់នាងកេត ទូច អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការបកស្រាយបានទេ តែយើងនឹងរង់ចាំអ្នកទាំងពីរមកបំភ្លឺគ្រប់ពេលវេលាជានិច្ច។

លោកអ៊ុក អាន អាយុ៦០ឆ្នាំ ជាសាច់ញាតិបានឱ្យដឹងថា ដំណើរជីវិតរបស់នាងកេត ទូច ពិតជាដូចសាមីខ្លួនរៀបរាប់មែន ព្រោះកាលពីរួមរស់ជាមួយប្តីដើម បើប្តីមិនកើតរោគប្រចណ្ឌ ធ្វើការចោទប្រកាន់លើប្រពន្ធលួចមានប្រុសសហាយគ្មានភ័ស្តុតាង និងប្រើអំពើហិង្សាវាយតប់ទាត់ធាក់ បណ្តាលឱ្យប្រពន្ធឈឺសាច់ជាំមុខខៀវភ្នែក បែកមាត់ហូរឈាមទេ ប្រហែលជាអ្នកទាំងពីរមិនបែកបាក់គ្នាទេ ប៉ុន្តែនាងសម្រេចចិត្តយកប្តីទី២ ដើម្បីបញ្ឈឺចិត្តប្តីដើមនោះ មិនខុសពីចោលអង្ករ យកអង្កាមឡើយ ព្រោះលោកពុធ ប៊ុនថា ជាមនុស្សមានប្រពន្ធកូនរួចទៅហើយ និងមិនស្រលាញ់នាងដោយស្មោះស្មគ្រ័ទៀតផង។ ឥឡូវនេះក្រោយពីស្គាល់រសជាតិខ្លួនប្រាណនាងឆ្អែតស្កប់ស្កល់ហើយ ប្តីទី២ នេះ ដូចជាចង់ធ្វើបងជាសត្វទន្សាយហើយ។

នាងជា សុភ័ណ អាយុ២៧ឆ្នាំ ជាអ្នកជិតខាងបានឱ្យដឹងថា ជាធម្មតា ស្ត្រីទូទៅទោះជាបែក បាក់ជាមួយប្តីក្តី កម្របោះបង់កូនចោលណាស់។ នាងយល់ថា បើនាងទូច មានចិត្តធ្ងន់ មិនលែងលះជាមួយប្តីដើម ហើយព្យាយាមធ្វើយ៉ាងណាឱ្យប្តីជឿទុកចិត្ត តាមរយៈសកម្មភាពអ្វីមួយ ដើម្បីព្យាបាលរោគប្រចណ្ឌរបស់ប្តីនោះ ប្រហែលជាពេលនេះនាងមិនលំបាកចិត្តរឿងយកប្តីគេ ដែលប្រឈមធ្លាក់ខ្លួនជាស្រីមេម៉ាយ២ភ្លើង ព្រោះប្តីទី២ បំណងបោះបង់នាងចោលទៅរកប្រពន្ធដើមគេវិញហើយ …៕ គីម ថីសួន

RELATED ARTICLES