Saturday, November 23, 2024
Homeព័ត៌មានជាតិទ្រឹស្ដីនយោបាយទំនើប គឹម សុខ ថាផ្ដាច់ខ្លួនពីក្រុមជ្រុលនិយម ចុះចូលប្រព័ន្ធផ្ដាច់ការ

ទ្រឹស្ដីនយោបាយទំនើប គឹម សុខ ថាផ្ដាច់ខ្លួនពីក្រុមជ្រុលនិយម ចុះចូលប្រព័ន្ធផ្ដាច់ការ

ភ្នំពេញ ៖ លោកគឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ដែលកំពុងរស់និរទេសខ្លួននៅប្រទេសហ្វាំងឡង់ បានលើកឡើងថា ការផ្ដាច់ខ្លួនពីក្រុមជ្រុលនិយម ចុះចូលប្រព័ន្ធផ្ដាច់ការ ជាទ្រឹស្ដីនយោបាយទំនើប បន្ទាប់ពីលោកលោកថាល់ សាវុធ ទីប្រឹក្សាអតីតគណបក្សសង្គ្រោះជាតិ និងលោកហៃ វណ្ណា ប្រធានយុវជនអតីតបក្សប្រឆាំង ប្រចាំប្រទេសជប៉ុន ដែលជាកូនធម៌លោកសម រង្ស៊ី បានសម្រេចចិត្តផ្តាច់ខ្លួនចេញពីលោកសម រង្ស៊ី និងក្រុមប្រឆាំងជ្រុលនិយម ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ដែលមានសម្តេចហ៊ុន សែន ជាប្រធាន។

លោកគឹម សុខ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ទ្រឹស្ដីនយោបាយកម្ពុជាទំនើប ៖ ផ្ដាច់ខ្លួនពីក្រុមជ្រុលនិយម មានន័យថា ដើរចេញពីផ្លូវតស៊ូប្រាថ្នាប្រជាធិបតេយ្យ ចុះចូលប្រព័ន្ធផ្ដាច់ការ“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកគឹម សុខ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ថា ការដែលលោកកំណត់ទ្រឹស្ដីនយោបាយកម្ពុជាទំនើបមួយ គឺចង់បញ្ជាក់ថា ពេលអ្នកណាម្នាក់ ចូលរួមសកម្មភាពជាមួយក្រុមអ្នកនយោបាយដែលមាននិន្នាការប្រជាធិបតេយ្យ តែងតែត្រូវក្រុមអ្នកកាន់អំណាច ហៅថាជាក្រុមជ្រុលនិយម។ ដូច្នេះពេលអ្នកកាន់អំណាចហៅថាក្រុមជ្រុលនិយម នោះពួកគេហៅសំដៅដល់អ្នកប្រជាធិបតេយ្យហើយ ។ ចំណែកអ្នកផ្ដាច់ខ្លួនពីក្រុមជ្រុលនិយម មានន័យថា ដើរចេញពីផ្លូវប្រជាធិបតេយ្យ ចុះចូលប្រព័ន្ធផ្ដាច់ការ ។

លោកគឹម សុខ បានមានប្រសាសន៍ថា “ពុំមានក្រុមនយោបាយខ្មែរជ្រុលនិយមនោះទេ គឺមានតែក្រុមអ្នកនយោបាយតស៊ូដើម្បីប្រជាធិបតេយ្យ និងក្រុមអ្នកនយោបាយកុម្មុយនីស្ដ ដែលកំពុងកាន់អំណាច។ ពេលអ្នកណាម្នាក់ ចូលរួមសកម្មភាពជាមួយក្រុមអ្នកនយោបាយដែលមាននិន្នាការប្រជាធិបតេយ្យ តែងតែត្រូវក្រុមអ្នកកាន់អំណាច ហៅថាជាក្រុមជ្រុលនិយម។ ដូច្នេះពេលអ្នកកាន់អំណាចហៅថាក្រុមជ្រុលនិយម នោះពួកគេហៅសំដៅដល់អ្នកប្រជាធិបតេយ្យហើយ។ បែបនេះហើយ ទើបខ្ញុំកំណត់ទ្រឹស្ដីនយោបាយកម្ពុជាទំនើបមួយ ដែលសំដៅទ្រឹស្ដីនយោបាយរបស់ក្រុមមេដឹកនាំត្រកូលហ៊ុន ៖ ផ្ដាច់ខ្លួនពីក្រុមជ្រុលនិយម មានន័យថា ដើរចេញពីផ្លូវតស៊ូប្រាថ្នាប្រជាធិបតេយ្យ ចុះចូលប្រព័ន្ធផ្ដាច់ការ“ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោកគឹម សុខ ខាងលើនេះ បានធ្វើឡើងក្រោយសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះមនុស្សជំនិត ២រូប របស់លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) គឺលោកថាល់ សាវុធ ទីប្រឹក្សាអតីតគណបក្សសង្គ្រោះជាតិ និងលោកហៃ វណ្ណា ប្រធានយុវជនអតីតគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសជប៉ុន ដែលជាកូនធម៌លោកសម រង្ស៊ី ដែលបានសម្រេចចិត្តផ្តាច់ខ្លួនចេញពីលោកសម រង្ស៊ី និងក្រុមប្រឆាំងជ្រុលនិយម ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សជាជនកម្ពុជា។

ថ្លែងក្នុងឃ្លីបវីដេអូ ផ្ញើជូនសម្តេចហ៊ុន សែន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ លោកហេង ស៊ុនថាល់ ហៅថាល់ សាវុធ ទីប្រឹក្សាអតីតគណបក្សសង្គ្រោះជាតិ ខាងក្រុមលោកសម រង្ស៊ី នៅសហរដ្ឋអាមេរិក បានរៀបរាប់ថា “ខ្ញុំបាទ ហេង ស៊ុនថាល់ ហៅថាល់ សាវុធ ថ្ងៃនេះ នៅប្រទេសកម្ពុជា ត្រូវនឹង១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ តុលា ឆ្នាំ២០២៤ ជាថ្ងៃពេញបូណ៌មី សូមគោរពមកសម្តេចបង ដោយបង្ហាញនូវទឹកចិត្តស្មោះសរ ភក្តីភាព ចំពោះសម្តេចបង នៅក្នុងគណបក្សប្រជាជន ដោយខ្ញុំសម្រេចចិត្តចូលរួមបម្រើគណបក្សប្រជាជន ដូច្នេះអ្វីដែលខ្ញុំមាន ក្រោយពេលដែលបានជួបសម្តេចបង មួយរយៈ ខ្ញុំបានសម្រេចចិត្តថា នឹងចូលរួមនៅក្នុងគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចបង ជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។ ក្នុងនាមខ្ញុំដែលជាទីប្រឹក្សានៃគណបក្សសង្គ្រោះជាតិ ប្រចាំរដ្ឋម៉ែន ជាពិសេសជាអ្នកស្ថាបនាគណបក្សនោះ ខ្ញុំបានផ្តាច់ខ្លួន បង្ហាញនូវទឹកចិត្តដ៏បរិសុទ្ធ ស្មោះត្រង់ ជូនចំពោះសម្តេចបង។ អ៊ីចឹងសូមបញ្ជាក់ថា ក្នុងនាមខ្ញុំដែលជាខ្មែរអ្នកជាតិនិយមម្នាក់ សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយសង្ឃឹមថា នឹងបានទៅជួបសម្តេចបង ពេលឆាប់ៗនេះ តាមកាលបរិច្ឆេទរបស់ប្អូន ឌឹប វឌ្ឍនៈ ដែលភ្ជាប់មកស្រេច ហើយមានការរៀបចំសហការគ្នាជាមួយលោកឧត្តមសេនីយ៍ យូ សេរីវុឌ្ឍ ហើយជាសំណាង ពេលដែលខ្ញុំសម្រេចចិត្តហើយ បានទទួលការយល់ព្រមពីសម្តេចបង។ ខ្ញុំនឹងប្តេជ្ញាធ្វើអ្វីទាំងអស់សម្រាប់គណបក្សប្រជាជន ទាំងក្នុងនយោបាយក្នុងប្រទេសនិងក្រៅប្រទេស ហើយនឹងសហការគ្នាជាមួយមិត្តភក្តិរបស់ខ្ញុំ គឺលោកនី ផល្លី ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រចាំក្រុងឡងប៊ិច ហើយនឹងសហការជាមួយនឹងសមាជិកទាំងអស់ នៃគណបក្សប្រជាជន គ្រប់រដ្ឋ ដើម្បីពង្រឹងកម្លាំង រៀបចំកម្លាំងនៃគណបក្សប្រជាជន នៅក្រៅប្រទេស។ សូមជូនពរសុខភាពល្អ ឱ្យសម្តេចបង ទទួលនូវសេចក្តីសុខគ្រប់ប្រការ ហើយសង្ឃឹមថា នឹងបានជួបសម្តេចបង ក្នុងពេលឆាប់ៗខាងមុខនេះ តាមកាលបរិច្ឆេទដែលប្អូនឌឹប វឌ្ឍនៈ បានរៀបចំ”។

ចំណែកលោកហៃ វណ្ណា ប្រធានយុវជនអតីតគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសជប៉ុន បានថ្លែងក្នុងឃ្លីបវីដេអូ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ថា “សូមជម្រាបសួរបងប្អូនប្រជាពលរដ្ឋខ្មែរ ទូទាំងពិភពលោក ខ្ញុំបាទ ហៃ វណ្ណា ពីប្រទេសជប៉ុន សូមធ្វើការអភ័យទោសចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ថ្នាក់ដឹកនាំ ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យប្រទេសមានការចលាចល កាលពីថ្ងៃទី១៨ សីហា តាមអំពើជ្រុលនិយមរបស់ក្រមជ្រុលនិយម ដែលមានថ្នាក់ដឹកនាំជាលោកសម រង្ស៊ី ហ្នឹង ហើយខ្ញុំសូមប្រកាសផ្តាច់ខ្លួនចេញពីលោកសម រង្ស៊ី ហើយសូមយកចំណេះជំនាញដែលខ្ញុំមានទាំងអស់ហ្នឹង ទៅបម្រើប្រទេសជាតិ ហើយសូមសម្តេច មេត្តាអនុគ្រោះឱ្យខ្ញុំ ហើយអនុញ្ញាតឱ្យខ្ញុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន ដើម្បីអ្វីៗដែលខ្ញុំបានសិក្សារៀនសូត្រពីប្រទេសជប៉ុន ពាំនាំអ្វីដែលជារបស់ល្អរបស់ជប៉ុន យកទៅអភិវឌ្ឍន៍ប្រទេសយើង កុំឱ្យប្រទេសយើងមានការចលាចលដូចកាលព្រឹត្តិការណ៍ថ្ងៃទី១៨ សីហា កន្លងទៅហ្នឹងតទៅទៀត”។

លោកហៃ វណ្ណា បានបន្តថា “ម្តងហើយម្តងទៀត ខ្ញុំសូមអំពាវនាវដល់បងប្អូនដែលធ្វើនយោបាយជ្រុលនិយមហ្នឹង យើងត្រូវតែពិចារណាឡើងវិញថា កុំឱ្យប្រទេសយើងជួបវិបត្តិដូចកាលពីឆ្នាំ១៩៧៥ ដល់១៩៧៩ កើតមានជាថ្មីម្តងទៀតនៅស្រុកខ្មែរ យើងត្រូវគិតឡើងវិញថាតើអ្វីដែលយើងគួរធ្វើ ដើម្បីឱ្យមានការផ្សះផ្សាជាតិ ការបង្រួបបង្រួមជាតិ និងធ្វើឱ្យប្រទេសយើងមានការរីកចម្រើន? ដូច្នេះខ្ញុំសូមអំពាវនាវដល់បញ្ញវន្តដែលជាអ្នកប្រឆាំង សូមមេត្តាគិតពិចារណាឡើងវិញ ហើយឈប់ធ្វើនយោបាយជ្រុលនិយម ហើយយើងចូលរួមជីវភាពនយោបាយជាមួយថ្នាក់ដឹកនាំដែលគាត់កំពុងតែកសាងប្រទេស ដែលអាចធ្វើឱ្យប្រទេសយើងចៀសផុតពីប្រទេសអភិវឌ្ឍន៍ក្រីក្រ នៅក្នុងឆ្នាំ២០៥០ ខាងមុខ ដូចដែលសម្តេចបវរធិបតី គាត់មានប្រសាសន៍អ៊ីចឹង។ ដូច្នេះខ្ញុំសូមប្រកាសថា ខ្ញុំនឹងយកចំណេះជំនាញដែលខ្ញុំមានទាំងប៉ុន្មានហ្នឹង ជួយរដ្ឋាភិបាល ក្នុងការធ្វើយ៉ាងណាឱ្យប្រទេសយើងមានការអភិវឌ្ឍជឿនលឿនបន្ថែមតទៅទៀត ទៅតាមអ្វីដែលយើងគ្រោងឱ្យប្រទេសយើងផុតពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០៥០ នេះ។ ដូច្នេះខ្ញុំសង្ឃឹមថា បន្ទាប់ពីខ្ញុំបានសុំទោសសម្តេច ហើយសម្តេច នឹងអនុគ្រោះ ហើយឱ្យខ្ញុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា”។

ចំណែកសម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានឆ្លើយតបទៅលោកថាល់ សាវុធ តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ថា “ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកថាល់ សាវុធ ដែលបានផ្តាច់ខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយម និងស្នើសុំមកចូលរួមជីវភាពនយោបាយជាមួយគណប្រជាជនកម្ពុជា។ ខ្ញុំសូមជូនពរលោកនិងក្រុមគ្រួសារ ជួបតែសេចក្តីសុខសេចក្តីចម្រើន ព្រមទាំងរង់ចាំជួបគ្នានាពេលខាងមុខ ពេលលោកប្អូន មកកាន់កម្ពុជា…”។

បន្ទាប់មកនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ សម្តេចហ៊ុន សែន បានឆ្លើយតបទៅលោកហៃ វណ្ណា តាមទំព័រហ្វេសប៊ុក ដដែលថា “ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកហៃ វណ្ណា ដែលបានធ្វើការសូមអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួន កាលពីថ្ងៃ១៨ សីហា ២០២៤ និងបានប្រកាសផ្តាច់ខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយម មកចូលរួមជីវភាពនយោបាយជាមួយគណប្រជាជន និងនាំយកចំណេះដឹងដើម្បីចូលរួមកសាងប្រទេសជាតិវិញ។ ខ្ញុំក៏សូមការយោគយល់អធ្យាស្រ័យពីសំណាក់បងប្អូនជនរួមជាតិ ដែលខឹងសម្បាចំពោះលោកហៃ វណ្ណា កន្លងមក និងបញ្ចប់ការខឹងសម្បានេះ ដើម្បីចាប់ដៃគ្នាកសាងអនាគតរបស់កម្ពុជា។ ខ្ញុំសង្ឃឹមថា បងប្អូនផ្សេងទៀត នឹងយកគំរូតាមលោកហៃ វណ្ណា ដោយផ្តាច់ខ្លួនចេញពីមេក្រុមជ្រុលនិយម មកចូលរួមកសាងប្រទេស។ សូមកុំធ្វើនយោបាយដង្ហែសពមេក្រុមប្រឆាំងជ្រុលនិយម ចូលរណ្តៅ ព្រោះខ្លួនគេជួយខ្លួនមិនបានផង ថែមទាំងចោលស្រុកថែមទៀត…”៕ កុលបុត្រ

RELATED ARTICLES