Saturday, November 23, 2024
Homeព័ត៌មានជាតិចាប់ប្អូន បង្ខំបងចុះចូល ក្រុមសម រង្ស៊ី ចោទសម្ដេចហ៊ុន សែន ករណីហៃ វណ្ណា

ចាប់ប្អូន បង្ខំបងចុះចូល ក្រុមសម រង្ស៊ី ចោទសម្ដេចហ៊ុន សែន ករណីហៃ វណ្ណា

ភ្នំពេញ ៖ ករណីលោកហៃ វណ្ណា ប្រធានចលនាយុវជនសង្រ្គោះជាតិ ប្រចាំប្រទេសជប៉ុន បានប្រកាសផ្ដាច់ខ្លួនពីក្រុមជ្រុលនិយម សម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) និងបានសុំទោសសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ហើយបានសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា នោះ អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សប្រឆាំង ដែលកំពុងរស់និរទេសនៅក្រៅប្រទេស (ក្រុមសម រង្ស៊ី) បានចោទសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថាប្រើល្បិចចាប់ប្អូនប្រុសលោកហៃ វណ្ណា ដាក់គុក ដើម្បីបង្ខំឲ្យហៃ វណ្ណា ចុះចូល ។

លោកអេង ឆៃអ៊ាង អតីតតំណាងរាស្រ្តមណ្ឌលខេត្តកណ្ដាល និងជាអតីតអនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីជំនិតលោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានសរសេរក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “អរុណសួស្តី ពីនាយសមុទ្ទ ! ការចាប់សមាជិកគ្រួសារគេដាក់គុក ហើយបង្ខំឲ្យគេចុះចូលជាមួយខ្លួន ជាថ្នូរដោះលែង តើនេះគេហៅថាជាទង្វើអ្វី បងប្អូនជនរួមជាតិ?“ ។

ចំណែកលោកហេង ដាណារ៉ូ អតីតតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកសម រង្ស៊ី ម្នាក់ទៀត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ថា សម្ដេចហ៊ុន សែន អត់មានខ្វល់ខ្វាយរឿងជាតិទេ គាត់ខ្វល់ខ្វាយរឿងបុគ្គល ធ្វើម៉េចឲ្យតែបានឈ្នះចិត្ត ។ ដូច្នេះករណីលោកហៃ វណ្ណា សកម្មជនប្រឆាំង គឺពិតជាចេតនា ល្បិចកលរបស់សម្ដេចហ៊ុន សែន ចាប់ប្អូន បង្ខំបងឲ្យចុះចូលប្រាកដណាស់។

លោកហេង ដាណារ៉ូ បានមានប្រសាសន៍ថា “ខ្ញុំបានឃើញសារព័ត៌មាន និងបណ្ដាញហ្វេសប៊ុក មួយចំនួន តេឡេក្រាមមួយចំនួន គេបង្ហោះ គេនិយាយអំពីរឿងរ៉ាវហ្នឹង ហើយយើងឃើញថា វាពិតប្រាកដហើយ គឺជាចេតនារបស់លោកហ៊ុន សែន ។ លោកហ៊ុន សែន គាត់អត់មានខ្វល់ខ្វាយរឿងជាតិទេ គាត់ខ្វល់ខ្វាយរឿងបុគ្គល ធ្វើម៉េចឲ្យតែបានឈ្នះចិត្ត ប៉ុន្តែការធ្វើរបៀបនេះ គឺវាបង្ហាញនូវភាពសាហាវយង់ឃ្នងរបស់មនុស្ស ។ ក្នុងនាមជាមនុស្សដែលត្រូវការអ្នកចូលរួម ត្រូវការអ្នកប្រយុទ្ធនៅលើសមរភូមិប្រជាធិបតេយ្យ គេមិនអាចទៅចាប់មនុស្ស បង្ខំមនុស្សឲ្យមកចូលរួមជាមួយយើងទេ ហើយយើងឃើញថា មានការខឹងសម្បាក្នុងចិត្តហ្នឹង រឹតតែក្ដៅគគុកថែមទៀត ហើយយើងឃើញមួយទៀតថា លោកហ៊ុន សែន សាហាវជាងប៉ុល ពត និងគីម ជុងអ៊ុន ទៅទៀត ។ បើយើងនិយាយពីគីម ជុងអ៊ុន សម្លាប់ដល់ទៅមាឯងបង្កើត សម្លាប់ដល់ទៅបងឯងបង្កើត តែគេមិនដែលចាប់អ្នកដែលជាសាច់ញាតិ សាច់ឈាម យកមកធ្វើទារុណកម្ម ឬមួយក៏បង្ខាំង ដើម្បីទៅចាប់អ្នកដទៃហ្នឹងទេ។ ប៉ុន្តែលោកហ៊ុន សែន ចាប់ប្អូនគេ ចាប់ម្ដាយគេ ដើម្បីសម្លុត ដើម្បីគំរាម វាជារឿងមួយដែលយើងឃើញថា វាឃោរឃៅ ហើយខ្មែរក្រហម ប៉ុល ពត ក៏មិនដែលឃើញចាប់មនុស្សរបៀបលោកហ៊ុន សែន ដែរ ទោះបីជាប៉ុល ពត សាហាវ សម្លាប់មនុស្សរាប់លាន ប៉ុន្តែអ្នកណាដែលជាចំណុចខ្មាំង ដែលគេដៅ គេធ្វើរបាយការណ៍ ពួកអាឈ្លប ពួកអីហ្នឹង ដែលចោទថាខ្មាំង គេចាប់តែម្នាក់ហ្នឹងទៅ រឿងបងប្អូនសាច់ញាតិ គេអត់មានរវីរវល់ទេ តែលោកហ៊ុន សែន រៀបចំកលល្បិច គឺជាកលល្បិចសាហាវណាស់ កលល្បិចដែលធ្វើឲ្យយើងមិនអាចគោរពគាត់បាន ។ កលល្បិចរបៀបនេះ ប្រវត្តិសាស្រ្តនឹងចារឈ្មោះលោកហ៊ុន សែន ។ ក្នុងប្រវត្តិសាស្រ្ត មានតែមួយនៅលើពិភពលោក ប្រហែល“ ។

លោកហេង ដាណារ៉ូ បានមានប្រសាសន៍បន្តថា “យើងមិនអាចទៅមើលទឹកចិត្តមនុស្សបានទេ រឿងចុះចូល មិនចុះចូលហ្នឹង ប៉ុន្តែយើងទៅមើលលើសកម្មភាព នៅលើអ្វីដែលបង្ហាញពីអាកប្បករិយារបស់មនុស្ស ។ យើងឃើញថា តាំងពីដើមមក មិនមែនតែលោកហៃ វណ្ណា ទេ អ្នកណាក៏ដោយ ដែលចុះជាមួយលោកហ៊ុន សែន យើងមើលលើសកម្មភាព យើងមិនអាចទៅមើលលើមាត់ មើលលើសម្ដីនិយាយទេ អ្នកដែលគេចុះចូល គេតែងតែលើកពីគុណវិបត្តិបក្សប្រឆាំង ហើយដើម្បីទៅអបអរជាមួយបក្សកាន់អំណាច ដើម្បីឲ្យលោកហ៊ុន សែន គាត់សប្បាយចិត្ត ។ ប៉ុន្តែសួរថា អ្នកហ្នឹងមកនៅជាមួយបក្សប្រឆាំង ខ្លះ១០ឆ្នាំហើយ ចុះម៉េចក៏មិនចុះចូលតាំងពី ១០ឆ្នាំមុន ទើបតែមកចុះចូលឥឡូវ? ហើយអ្នកខ្លះជេរលោកហ៊ុន សែន វ៉ៃប្រហារលោកហ៊ុន សែន ឡើងរបើកមេឃ តែចុងក្រោយទៅលុតជង្គង់ថ្វាយបង្គំលោកហ៊ុន សែន តើអាហ្នឹងជាអ្វី? គឺជាការរៀបចំទាំងអស់ មិនមែនជាការចូលដោយទឹកចិត្តទេ ។ យ៉ាងណា ការតស៊ូ អត់មានពេលកំណត់ថា ថ្ងៃនេះធ្វើអ៊ីចេះ ថ្ងៃនោះធ្វើអ៊ីចេះទេ ការតស៊ូ ត្រូវមានការបត់បែនតាមកាលៈទេសៈ តាមពេលវេលា ។ ប៉ុន្តែអ្វីដែលយើងគួរចាប់អារម្មណ៍ គឺលោកហ៊ុន សែន ប្រព្រឹត្តលើសពីអ្វីដែលយើងមើលឃើញថាជាមនុស្សហើយ ។ សូម្បីតែសត្វក៏វាស្រលាញ់ពូជវាដែរ អ៊ីចឹងបើយើងជាខ្មែរ យើងមិនស្រលាញ់ពូជខ្មែរ យើងចាប់ខ្មែរ ហើយបង្ខំ ទោះបីជាយ៉ាងណាក៏យើងឃើញថា រឿងរ៉ាវទាំងអស់ គឺលោកហ៊ុន សែន សម្ដែងចេញមក គឺគាត់មានតែការគុំកួនសងសឹក ប៉ុន្តែចំពោះយើងៗអត់មានអីត្រូវលំបាក ភ័យព្រួយទេ លោកហ៊ុន សែន ទេដែលគាត់ដេក ១ថ្ងៃៗ ដេកមិនសុខ ក្ដៅក្រហាយចំពោះពួកអ្នកដែលទិតៀន គាត់ចេះតែចោទគេប្រឆាំង គេអី ប៉ុន្តែអ្វីដែលគាត់ធ្វើ ទង្វើដែលគាត់ធ្វើ គាត់ធ្វើឲ្យគេចូលចិត្តគាត់ ឬមួយក៏ឲ្យគេស្អប់គាត់? អាហ្នឹងគឺជារឿងជាក់ស្ដែង“ ។

លោកហេង ដាណារ៉ូ បានមានប្រសាសន៍បន្តទៀតថា “ការធ្វើនយោបាយរបស់បក្សប្រឆាំង មិនមែនធ្វើនយោបាយចំពោះបុគ្គលទេ គឺយើងធ្វើនយោបាយដើម្បីជាតិ ។ ពេលដែលជាតិរងគ្រោះ ពេលដែលយើងឃើញថា ជាតិមានបញ្ហា យើងនៅតែនិយាយ នៅតែស្រែក នៅតែណែនាំយុវជនឲ្យមានការតស៊ូ ការរើបម្រះ ពីព្រោះជាតិជារបស់យើង ។ ខ្ញុំតែងតែនិយាយតាំងពីដើមមកថា ជាតិជារបស់យើងរួម មិនមែនជារបស់បុគ្គលទេ ហើយបក្សប្រឆាំង គ្មាននិន្នាការទៅវ៉ៃប្រហារបុគ្គលទេ ប៉ុន្តែអ្នកឯងជាមនុស្សដែលគ្រប់គ្រងអំណាច ហើយបើយើងមិនវ៉ៃទៅអ្នកគ្រប់គ្រងអំណាច យើងទៅវ៉ៃអ្នកដទៃ វ៉ៃតាមណា បើសិនជាអ្នកគ្រប់គ្រងអំណាចធ្វើខុស? អ៊ីចឹងហើយបានយើងប្រាប់ទៅអ្នកគ្រប់គ្រងថា ត្រូវធ្វើចរិតឲ្យល្អអ៊ីចេះៗៗ ដើម្បីឲ្យប្រជាជនរស់នៅដោយសុខដុមរមនា ប៉ុន្តែគេជាអ្នកបែងចែកក្រុម បែងចែកបក្ខពួក យើងមិនអាចនៅជាមួយបុគ្គលដែលបែងចែកមនុស្ស ក្នុងនាមជាជនជាតិរួមទេ“ ។

គួរបញ្ជាក់ថា លោកហៃ វណ្ណា ក្រៅពីជាប្រធានយុវជនសង្រ្គោះជាតិ ប្រចាំប្រទេសជប៉ុន លោកក៏ជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ នៃបណ្ដាញយុវជនកម្ពុជាសកល ដែលបង្កើតឡើងយុវជនអតីតបក្សប្រឆាំង ផងដែរ ។ ដូច្នេះក្រោយពេលលោកប្រកាសផ្ដាច់ខ្លួនពីលោកសម រង្ស៊ី និងបក្សប្រឆាំង ចុះចូលបក្សកាន់អំណាចភ្លាម លោកត្រូវបានបណ្ដាញយុវជនកម្ពុជាសកល ដកសមាជិកភាពផងដែរ ។

បណ្តាញយុវជនកម្ពុជាសកល (GLOBAL CAMBODIA YOUTH NETWORK)  បានបញ្ជាក់ថា យោងតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង បណ្តាញយុវជនកម្ពុជាសកល លោកហៃ វណ្ណា ត្រូវបានបាត់បង់សមាជិកភាព ចេញពីគ្រប់តួនាទីរបស់បណ្តាញយុវជនកម្ពុជាសកល ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ តទៅ ។

លោកសុភ័ណ្ឌ ឡារី ប្រធានបណ្តាញយុវជនកម្ពុជាសកល បានបញ្ជាក់បន្ថែមតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៨ ខែតុលា​ ឆ្នាំ២០២៤ ថា «លោក ហៃ វណ្ណា ជាសមាជិកគណ:កម្មាធិការអចិន្ត្រៃយ៍ ត្រូវបញ្ចប់សមាជិកភាពបណ្តោះអាសន្ន ចេញពីបណ្ដាញយុវជនកម្ពុជាសកល ចាប់ពីថ្ងៃនេះតទៅ ។ ដោយសារភាពកំសាករបស់លោកហ៊ុន សែន ចូលចិត្តប្រើប្រាស់ល្បិចកលថោកទាប គំរាមកំហែងគ្រួសាររបស់អ្នកតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ។ សម្រាប់ខ្ញុំ ដឹងយ៉ាងច្បាស់អំពីជម្រៅចិត្តលោកហៃ វណ្ណា ដែលជាយុទ្ធមិត្តមានចិត្តគំនិតជ្រាលជ្រៅចំពោះជាតិ ។ អាស្រ័យហេតុនេះ សូមសាធារណជន អង្គការ សមាគម និងគ្រប់ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត មេត្តាជ្រាបជាព័ត៌មាន» ។

គួររំលឹកថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ លោក ហៃ វណ្ណា ប្រធានគណៈកម្មាធិការចលនាសង្គ្រោះជាតិ ប្រចាំនៅប្រទេសជប៉ុន និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍បណ្ដាញយុវជនកម្ពុជាសកល ធ្លាប់បានចេញសេចក្តីជូនដំណឹងស្តីពីការបាត់ខ្លួនប្អូនប្រុសរបស់លោក គឺលោក ហៃ វណ្ណនិត បន្ទាប់ពីចាកចេញពីភ្នំពេញ ទៅកាន់ប្រទេសថៃ តាមច្រកប៉ោយប៉ែត ដោយលោកសង្ស័យប្អូនប្រុសត្រូវអាជ្ញាធរចាប់ខ្លួន។ លោក ហៃ វណ្ណា ចាត់ទុកការចាប់ខ្លួនប្អូនប្រុសរបស់លោកនៅពេលនោះថាជាការដាក់សម្ពាធមកលើគ្រួសាររបស់លោក ហើយលោកស្នើឱ្យរដ្ឋាភិបាល ដោះលែងប្អូនរបស់លោក ដោយឥតលក្ខខណ្ឌ ដោយលោកបញ្ជាក់ថា ប្អូនប្រុសលោកមិនមានជាប់ពាក់ព័ន្ធនឹងសកម្មភាពនយោបាយរបស់លោកឡើយ។ លោក ហៃ វណ្ណា បញ្ជាក់ថា គ្រួសាររបស់លោកត្រូវបានគំរាមកំហែងជាបន្តបន្ទាប់ ទើបក្រុមគ្រួសារ សម្រេចចិត្តចាកចេញមកប្រទេសជប៉ុន ដោយទុកតែប្អូនប្រុសពៅ ឈ្មោះហៃ វណ្ណនិត នៅក្នុងប្រទេស។

ចំណែកលោកជូង ជូងី មេធាវីការពារក្តីលោក ហៃ វណ្ណនិត ប្អូនប្រុសលោកហៃ វណ្ណា បានចាត់ទុកការឃុំខ្លួនកូនក្ដីរបស់លោក ជារឿងអយុត្តិធម៌ ទើបលោកមេធាវី បានដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍ ប្តឹងជំទាស់នឹងដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ន ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ប៉ុន្តែលទ្ធផល សភាស៊ើបសួរនៃសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានបដិសេធបណ្តឹងទាស់របស់មេធាវីការពារក្តីលោកហៃ វណ្ណនិត ប្អូនប្រុសលោកហៃ វណ្ណា   ដោយសម្រេចតម្កល់ដីកាឃុំខ្លួនបណ្តោះអាសន្ន របស់ចៅក្រមស៊ើបសួរ។

លោក ឃុន លាងម៉េង អ្នកនាំពាក្យសាលាឧទ្ធរណ៍ បានបញ្ជាក់នៅពេលនោះថា សភាស៊ើបសួរ បានសម្រេចតម្កល់ដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ន របស់ចៅក្រមស៊ើបសួរ និងថា ការឃុំខ្លួនបណ្តោះអាសន្ននេះ នឹងបន្តរហូតដល់ពេលតុលាការចាត់ការតាមនីតិវិធី។

ទោះបីជាយ៉ាងណា​ លោកជូង ជូងី មេធាវីការពារក្តីលោកហៃ វណ្ណនិត បានបញ្ជាក់ថា តាមការពិនិត្យមើលរបស់លោក ជុំវិញករណីនេះ ទាំងនៅក្នុងការដេញដោលពីសភាស៊ើបសួរនៅសាលាឧទ្ធរណ៍ លោកហៃ វណ្ណនិត មិនមានជាប់ពាក់ព័ន្ធនឹងអង្គហេតុដែលគេចោទប្រកាន់ឡើយ។ លោកចាត់ទុកថា ការបន្តឃុំខ្លួនលោកហៃ វណ្ណនិត គឺជារឿងអយុត្តិធម៌ និងថា លោកនឹងបន្តប្តឹងសាទុក្ខ ទៅតុលាការកំពូល។

ទោះបីយ៉ាណា នៅព្រលប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ភ្លាមៗក្រោយពេលលោកហៃ វណ្ណា ប្រកាសផ្ដាច់ខ្លួនពីលោកសម រង្ស៊ី និងក្រុមជ្រុលនិយម ហើយបានសុំទោសសម្ដេចហ៊ុន សែន និងសុំចុះចូលបក្សកាន់អំណាច ដោយទទួលបានការស្វាគមន៍ពីសម្តេចហ៊ុន សែន សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យលោកហៃ វណ្ណនិត ប្អូនប្រុសលោកហៃ វណ្ណា នៅក្រៅឃុំបណ្តោះអាសន្ន។

នៅក្នុងដីកាដោះលែងលោកហៃ វណ្ណនិត ប្អូនប្រុសលោកហៃ វណ្ណា ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន សាលាដំបូងរាជធានីភ្នំពេញ បានភ្ជាប់លក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវតុលាការ ចំនួន ៣ចំណុច គឺ១- មិនត្រូវផ្លាស់ប្ដូរលំនៅដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ លោក យី សុខវួច ។ ២- ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់បុគ្គលដែលចាត់តាំងដោយចៅក្រមស៊ើបសួរ និង៣- ត្រូវចូលបង្ហាញខ្លួនចំពោះមុខចៅក្រមស៊ើបសួរ នៅរៀងរាល់ ២ខែម្ដង ។ ប្រសិនបើជនត្រូវចោទគេចវេះដោយចេតនា ពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរ អាចសម្រេចឲ្យឃុំខ្លួនជនត្រូវចោទឡើងវិញ តាមមាត្រា២៣០ នៃក្រមព្រហ្មទណ្ឌ ៕  កុលបុត្រ

RELATED ARTICLES